ជាតិ
​​​ន​យោ​បាយ​ជាតិ​
៤​ខែ​ហើយ ដែល​ប្រធានស្តីទី​បក្សប្រឆាំង ធ្វើ​កូដកម្ម​ឃុំខ្លួន​នៅ​បក្ស ដើម្បី​ប្រឆាំងនឹង​ប្រព័ន្ធតុលាការ​
26, Sep 2016 , 10:59 pm        
រូបភាព
​ភ្នំពេញ​៖ រយៈពេល​៤​ខែ​ហើយ ដែល​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ឯកឧត្តម កឹម សុខា ឃុំខ្លួន​នៅ​ទីស្នាក់ការ​គណបក្ស ក្រោយពី​មានការ​តាម​ឃាត់ខ្លួន​ពី​សំណាក់​អាជ្ញាធរ កាលពី​ថ្ងៃទី​២៦ ឧសភា​កន្លងមក​។ ឯកឧត្តម កឹម សុខា សម្រេចចិត្ត​ធ្វើ​កូដកម្ម​ឃុំខ្លួន​នៅ​បក្ស ដើម្បី​ប្រឆាំងនឹង​ប្រព័ន្ធតុលាការ ដែល​លោក​ចាត់ទុកថា ប្រព័ន្ធតុលាការ​ត្រូវបាន​ប្រើប្រាស់ មក​គាបសង្កត់​មតិ​រប​ស់គ​ណ​បក្សប្រឆាំង​។​



​មកដល់ពេលនេះ​ឯកឧត្តម កឹម សុខា ត្រូវបាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​៦ ខែ និង​ពិន័យ​ប្រាក់​៨​លាន​រៀល ពីបទ​«​បដិសេធ​ក្នុងការ​ចូលខ្លួន​»​ក្នុងនាម​សាក្សី​ក្នុង​សំណុំរឿង​សញ្ចារកម្ម ។ តុលាការ​នឹង​ប្រកាស​សាលក្រម​ស្ថាពរ​លើ​ករណី​ឯកឧត្តម កឹម សុខា នៅ​ថ្ងៃទី​១៦ ខែតុលា ខាងមុខនេះ ។ តែ​យ៉ាងណា​មេធាវី​ការពារ​ក្តី​លោក កឹម សុខា នឹងដាក់​ពាក្យ​ប្តឹងទៅ​ឧទ្ធរណ៍ ដើម្បី​ប្ដឹង​ជំទាស់​និង​ការសម្រេច​របស់​តុលាការក្រុង​ភ្នំពេញ មុន​ការសម្រេច​សាលក្រម​ស្ថាពរ​។​

​ចំណែក​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​តំណាងរាស្ត្រ​ខ្លួន បានត្រឹមតែ​ថ្កោលទោស​និង​រិះគន់​នីតិវិធី​របស់​តុលាការ​ថា ត្រូវបាន​ប្រើប្រាស់​ដើម្បី​ធ្វើទុក្ខបុកម្នេញ​គណបក្ស​ប្រឆាំង​។ ឯកឧត្តម កឹម សុខា ប្រកាស​ធ្វើ​កូដកម្ម​នយោបាយ​ដោយ​សម្រេច​ឃុំខ្លួន នៅ​ទីស្នាក់ការ​គណបក្ស ដើម្បី​ប្រឆាំងនឹង​សេចក្ដីសម្រេច​របស់​តុលាការ ដែល​រំលោភ​លើ​អភ័យឯកសិទ្ធិ​លោក និង​តំណាងរាស្ត្រ​ខ្លួន​។

​ត្រង់ចំណុច​នេះ​អ្នកវិភាគ​យល់ឃើញថា នេះ​គឺជា​យុទ្ធសាស្ត្រ​ឯកឧត្តម កឹម សុខា ដែល​កំពុង​ឃុំ​សេរីភាព​ខ្លួនឯង ដើម្បី​បង្ហាញ​មហាជន​ពី​ភាពអយុត្តិធម៌​មកលើ​ខ្លួន និង​មន្ត្រី​គណបក្ស ដែលជា​យុទ្ធសាស្ត្រ​មួយ​ក្នុងការ​ទាញ​បាន​ប្រជាប្រិយភាព​សម្រាប់​គណបក្ស​មុនពេល​បោះឆ្នោត​មកដល់​ផងដែរ​។ តែ​សម្រាប់​អ្នកវិភាគ ការចូល​តុ​ចរចា​ដោះស្រាយ​បញ្ចប់​បញ្ហានយោបាយ ដោយ​សម្បទាន​នយោបាយ​ឲ្យ​គ្នា​ទៅវិញទៅមក តាមរយៈ​វប្បធម៌​សន្ទនា គឺជា​វិធី​មួយ​ដ៏​ល្អ សម្រាប់​អ្នកនយោបាយ​ដែល​ជាប់ឆ្នោត​ក្នុង​រដ្ឋសភា​ទាំងពីរ​គណបក្ស អាចមាន​ពេល​មក​គិត​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ និង​គិតពី​ផលប្រយោជន៍​ជាតិ​ច្រើនជាង​ឈ្លោះ​គ្នា​។

​ជុំវិញ​បញ្ហា​នេះ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​ជំហ​ខ្លួន​ថា នៅតែ​ចង់​ជួបចរចា​ដោះស្រាយ​បញ្ចប់​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។ តែ​មិនទាន់មាន​ច្រក​ចរចា​ឡើយ ដោយសារ​គណបក្ស​ប្រជាជន​កម្ពុជា បដិសេធ​មិន​ជួបចរចា ក្រោម​ហេតុផល​ថា បញ្ហា​របស់​ឯកឧត្តម កឹម សុខា និង​តំណាងរាស្ត្រ និង​សកម្មជន​មន្ត្រី​គណបក្សប្រឆាំង គឺជា​រឿង​បុគ្គល ដោយ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ឡើយ​៕


Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com