អន្តរជាតិ
បារាំង ហាមឃាត់​ការប្រើ​ចានបាយ​និង​កែវ​ធ្វើ​ពី​ប្លា​ស្ទិ​ច​
01, Oct 2016 , 7:00 pm        
រូបភាព
​បារាំង បាន​ក្លាយជា​ប្រទេស​ទីមួយ​លើ​ពិភពលោក ដែល​ហាមឃាត់​ការប្រើប្រាស់​ចាន និង​កែវ​ធ្វើ​ពី​ប្លា​ស្ទិ​ច​។ គោលដៅ​នៃ​ការហាមឃាត់​នេះ សំដៅ​កាត់បន្ថយ​ផលប៉ះពាល់​នៃ​បម្រែបម្រួល​អាកាសធាតុ ដែលជា​បញ្ហា​ប្រឈម​ធំ​បំផុត​របស់​ពិភពលោក​នាពេល​បច្ចុប្បន្ន​។ ប៉ុន្តែ ការហាមឃាត់​នេះ ក៏​រង​ការរិះគន់​ផងដែរ ដ្បិត​វា​បាន​ល្មើ​សនឹង​បទបញ្ញត្តិ​របស់​សហភាព​អឺរ៉ុប​។

 


​ប្រទេស​បារាំង ទើបតែ​អនុម័ត​ច្បាប់​ថ្មី​ដែល​តម្រូវ​ឲ្យ​ផលិតផល​សម្រាប់​បរិភោគ​អាហារ​មាន​ចាន ស្លាបព្រា កែវ ជាដើម​នោះ ត្រូវ​ផលិត​ពី​វត្ថុ​ធាតុ​ជីវៈ ចាប់ពី​៥០​ភាគរយ​ឡើងទៅ និង​អាចធ្វើ​ជី​បាន​នៅត្រឹម​ឆ្នាំ​២០២០​។ ហើយ​បរិមាណ​នេះ ត្រូវ​បង្កើន​ដល់​៦០​ភាគរយ​នៅ​ខែមករា​ឆ្នាំ​២០២៥​។

​នេះ​ជា​វិធានការ​ថ្មី​មួយទៀត​បន្ថែម​លើ​ច្បាប់​ស្ដីពី​ថាមពល​សម្រាប់​កំណើន​បៃតង ដែល​បានអនុម័ត​កាលពី​ឆ្នាំមុន ដើម្បី​លុបបំបាត់​ផល​អវិជ្ជមាន​នៃ​ការប្រែប្រួល​អាកាសធាតុ​។ នេះ​ក៏​ដោយសារតែ​បារាំង ចង់​ក្លាយជា​អ្នក​នាំមុខគេ​លើ​ការដោះស្រាយ​បញ្ហា​បរិស្ថាន និង​ថាមពល ទៅតាម​គោលការណ៍​នៃ​សន្ន​សីទ​អន្តរជាតិ​ក្រុងប៉ារីស​ស្ដីពី​បម្រែបម្រួល​អាកាសធាតុ​ឆ្នាំ​២០១៥​។

​យោងតាម​សារព័ត៌មាន CNN  សមាគម​សុខភាព​និង​បរិស្ថាន​បារាំង​បញ្ជាក់ថា កែវ​ដែល​ប្រើតែ​ម្ដង​ចំនួន​១៥០ ត្រូវបាន​បោះចោល​ក្នុង​រាល់​មួយ​វិនាទី ដែល​ស្មើនឹង​ចំនួន​៤.៧៣​ពាន់​លាន​កែវ​ក្នុង​មួយឆ្នាំ​។ យ៉ាងណាមិញ មានតែ​មួយ​ភាគ​នៃ​ចំនួន​ទាំងនោះ​ប៉ុណ្ណោះ ត្រូវបាន​ប្រើប្រាស់​ឡើងវិញ ដ្បិត​កែវ​ទាំងនោះ ផលិតឡើង​ពី​សារធាតុ​ប៉ូ​លី​ប្រូ​ពី​ឡែ​ន (Polypropylene) និង​ប៉ូ​លី​ស្ទី​រ៉ែ​ន (Polystyrene)​។​

​បើទោះជា​វិធានការ​ថ្មី​នេះ​ទទួលបាន​ការស្វាគមន៍​ក៏ដោយចុះ ក៏មាន​សមាគម​ខ្លះ​មិន​ពេញ​ចិត្តនឹង​ចំណាត់ការ​ថ្មី​នេះដែរ​។ សមាគម Pack2GoEurope ដែល​តំណាង​ឲ្យ​ក្រុមហ៊ុន​វេច​ខ្ចប់​នាំមុខគេ​នៅ​អឺរ៉ុប និយាយថា វិធានការ​ថ្មី​នេះ បំពាន​ច្បាប់​របស់​សហភាព​អឺរ៉ុប​លើ​ការ​ចរាចរណ៍​ទំនិញ​ដោយ​សេរី​។ បន្ថែម​លើ​នេះ សមាគម​នេះ ក៏​ស្នើ​ឲ្យ​គណៈកម្មាការ​អឺរ៉ុប រាំងខ្ទប់​ច្បាប់​ថ្មី​របស់​បារាំង និង​កំពុង​ពិភាក្សា​ជាមួយ​មេធាវី ដើម្បី​ប្ដឹង​បារាំង​។

​អគ្គលេខាធិការ​នៃ​សមាគមន​នេះ លោក Eamonn Bates និយាយថា ការ​វេច​ខ្ចប់​ដែល​ស្របតាម​គោលការណ៍​អនាម័យ និង​អាចរំលាយ​បាន​នោះ ពិតជា​មិនអាច​ឡើយ​។ លោក​បន្តថា សមាជិក​របស់លោក មិន​ប្រឆាំង​ផលិតផល​ធ្វើ​ពី​សារធាតុ​ជីវៈ​ឡើយ ប៉ុន្តែ​ពួកគេ​ប្រឆាំងនឹង​បទបញ្ញត្តិ​ថ្មី ដែល​តម្រូវ​ឲ្យ​ពួកគេ​ធ្វើតាម​នោះ ដ្បិត​ពួកគេ​មិនអាច​ធ្វើ​បានឡើយ​៕


Tag:
 បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com