ជាតិ
បទយកការណ៍ / បទសម្ភាសន៍
យកប្រពន្ធ​ជិត ឬ​ឆ្ងាយ​មិន​សំខាន់ សំខាន់​បង​ស្រឡាញ់​អូន​!
02, Oct 2016 , 7:30 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ និន្នាការ​បច្ចុប្បន្ន យុវវ័យ​ជា​អ្នកសម្រេច​រើស​គូ​អនាគត​ដោយ​ខ្លួនឯង​។ មិនមែន​សម្រេច​ទៅលើ​ឪពុកម្តាយ ឬ​អាណាព្យាបាល​ទៀតឡើយ​។ ទន្ទឹមនឹង​ការសម្រេច​ជោគវាសនា​រើស​គូស្រករ​ដោយ​ខ្លួនឯង​នេះ មាន បុរស​ខ្លះ​អះអាងថា ចង់បាន​ភរិយា​នៅ​ជិត ឬ​ជិត​ស្រុកកំណើត ខណៈ​អ្នកខ្លះ​យល់ថា យក​ភរិយា​ជិត ឬ​ឆ្ងាយ មិន​សំខាន់​ទេ សំខាន់​គឺ ស្រឡាញ់គ្នា និង​ឧបនិស្ស័យ​។



«​ខ្ញុំ​អត់​ខ្វល់​ថា យកប្រពន្ធ​ជិត ឬ​ឆ្ងាយ​នោះទេ សំខាន់​ឲ្យ​យើង​ទាំងពីរ​ស្រឡាញ់គ្នា​»​។ នេះ​ការលើកឡើង​របស់​យុវជន ហេង សុក​ទី ជា​អ្នក​ខេត្តកំពង់ធំ​។ លោក សុក​ទី បាន​បន្ត​រៀបរាប់​ពី​អត្តចរិត​នារី​ដែល​ខ្លួន​ប្រាថ្នា​ជា​គូ​អនាគត​ថា ជា​មនុស្ស​ស្រី​ស្លូតបូត និង​មានចំណេះដឹង​។ យុវជន​សម្បុរ​សវ័យ​២៣​រូបនេះ ក៏បាន​លើកឡើង​ដែរ​ថា មុននឹង​សម្រេចចិត្ត​ជ្រើសរើស​នារី​ណា​ម្នាក់ លោក​ក៏ត្រូវ​គិតគូរ និង​សិក្សា​ឲ្យ​បានច្បាស់លាស់​ដែរ​។

អ្នក​ខេត្តកំពង់ធំ​រូបនេះ បាន​រម្លឹកថា កាលពី​ពីរ​សប្តាហ៍​កន្លងមក ឪពុកម្តាយ​របស់ខ្លួន ធ្លាប់​ណែនាំ​នារី​នៅក្បែរ​ផ្ទះ ដើម្បី​ឲ្យ​ខ្លួន​យកមក​ពិចារណា​ដែរ​។ ពេលនោះ សុក​ទី មិន​យល់ព្រម​ឡើយ ហើយ​ឪពុកម្តាយ​គាត់ ក៏​មិន​បង្ខំ​គាត់​ដែរ​។ ទោះបីជា​សុក​ទី​អះអាង​ពេញៗ​មាត់​ថា លោក​មិន​ខ្វល់​ពី​ការ​ជ្រើស​ដៃគូ​ជីវិត​ឆ្ងាយ ឬ​ជិត​ក៏ដោយ តែ​សុក​ទី ក៏​លើក​ពី ផល​លំបាក​ខ្លះ​ដែរ ក្នុងករណី​នារី​ដែល​គេ​ស្រឡាញ់​នៅ​ឆ្ងាយ​នោះ​។

«​ពិបាក​ដែរ ព្រោះ​យកប្រពន្ធ​ឆ្ងាយ យើង​អត់​ដឹង​ពី​គេ​ច្បាស់ អ៊ីចឹង​ទាល់តែ​សិក្សា​ពីគ្នា​យូរ​។ បើ​នៅ​ជិត យើង​ស្គាល់​គេ​យូរហើយ មិន​ពិបាក​ស្វែងយល់​នោះទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់​សុក​ទី ដោយ​បន្ថែមទៀតថា ការយក​ប្រពន្ធ​ឆ្ងាយ ក៏​ធ្វើ​ឲ្យ​លោក​បារម្ភ​ពី​សុខភាព​ឪពុកម្តាយ​របស់ខ្លួន​ដែល​នៅ​ស្រុក​ដែរ​។  

​ស្រដៀង​គ្នា​ដែរ លោក ប៊ុង​រ៉ុង ក៏បាន​ឲ្យ​តម្លៃ​ខ្ពស់​លើ​ការស្រឡាញ់ និង​ឧបនិស្ស័យ​នេះដែរ​។ បើទោះបី​ពេលនេះ លោក ប៊ុន​រ៉ុង មិនទាន់បាន​គិតពី​ការជ្រើសរើស​ភរិយា​នៅឡើយ ក៏ដោយ​ប៉ុន្តែ​យុវជន​វ័យ​២៤​ឆ្នាំ​រូបនេះ បញ្ជាក់​ថាបើ​លោក​ត្រូវយក​ប្រពន្ធ​វិញ​នោះ លោក​នឹង​ជ្រើសរើស​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ និង​ទទួលស្គាល់​ពី​ឪពុកម្តាយ​ទាំងសងខាង​។ យុវជន​វ័យ​២៤​រូបនេះ និយាយ​របៀប​លេង​ផង មែន​ផង​ថា បើ​បាន​ប្រពន្ធ​ជិត​ក៏​ល្អ​ដែរ ព្រោះ​ជួញ​ជិត គ្រាន់​ជាង​ជួញ​ឆ្ងាយ​។​


​ការយក​ប្រពន្ធ​ឆ្ងាយ មិនមែនជា​ជម្រើស​របស់ លោក លុយ ស្រួច នោះទេ​។ កំលោះ​វ័យ​២៤​ឆ្នាំ រូបនេះ មិន​ប្រាថ្នា​ប្រពន្ធ​ឆ្ងាញ​ពី​ផ្ទះ​នោះឡើយ​។ បុរស​មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ឆ្នាំង​រូបនេះ តែងតែ​ស្រមៃ​ចង់បាន​ភរិយា​នៅ​កៀក​ផ្ទះ​បំផុត តាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន​។ លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖«​ខ្ញុំ​នឹង​យកប្រពន្ធ​នៅ​ជិត​ផ្ទះ ព្រោះ​បាន​នៅ​ជិត​ម៉ែឪ​ទាំងសងខាង និង​អាចជួយ​ម៉ែឪ ពេល​មាន​រវល់​អ្វីមួយ​។

មួយទៀត បើ​យកប្រពន្ធ​ឆ្ងាយ យើង​អត់​ដឹង​ពី​សាវតា​របស់​នារី​ដែល​យើង​ស្រឡាញ់ និង​គ្រួសារ​របស់គេ​ច្បាស់លាស់​នោះទេ​»​។ ជា​បុគ្គលិក​ផ្នែក​ទីផ្សារ ក្នុង​ក្រុម​ហ៊ុម​ភេសជ្ជៈ​មួយ​នៅ​ភ្នំពេញ លោក លុយ ស្រួច រៀបរាប់​បន្តថា ការយក​ប្រពន្ធ​ឆ្ងាយ នឹងធ្វើ​ឲ្យ​លោក​ពិបាក​សម្រេចចិត្ត​នៅពេល​ភ្ជុំបិណ្ឌ ឬ​ចូលឆ្នាំ​ខ្មែរ​ថា តើ​ត្រូវ​ទៅ​គ្រួសារ​ខាង​ប្រពន្ធ ឬ​ត្រូវ​ធ្វើដំណើរ​ទៅ​ជួបជុំ​បងប្អូន​ឪពុកម្តាយ​របស់ខ្លួន​។ លោក​បរិយាយ​បន្ថែមថា ពេល​មាន​បុណ្យទាន​ធំៗ មាន​ប្តី​ប្រពន្ធ​មួយចំនួន ពួកគេ​តែងតែ​អន់ចិត្ត ឬ​ខ្វែងគំនិត​គ្នា ដោយ​ម្នាក់ៗ ចង់​ទៅលេង​ស្រុកកំណើត​ឪពុកម្តាយ​ខ្លួនឯង​។

      
​លោក ឆាន់ ប៊ុន​ណុល ក៏​ចង់បាន​យកប្រពន្ធ​នៅ​ជិត​ផ្ទះ​ដែរ​។ «​ខ្ញុំ​ចង់បាន​ប្រពន្ធ​ជិត ព្រោះ​ងាយស្រួល​ទៅមក​»​។ នេះ​ការបញ្ជាក់​របស់​កំលោះ​ប៊ុន​ណុល ដោយ​បន្តថា ការយក​ប្រពន្ធ​ជិត​ផ្ទះ គឺមាន​ឪពុកម្តាយ​ទាំងសងខាង​ជា​អ្នកសម្របសម្រួល នៅពេល​មាន​ជម្លោះ ឬ​រឿង​រកាំរកូស​ក្នុង​គ្រួសារ​។    

បុរស​រាង​ស្គម​ស្តើង និង​មាន​សក់ស្លូត​រូបនេះ ក៏បាន​លើក​ឧទាហរណ៍​អំពី​បងប្រុស​របស់ខ្លួន​ដែលមាន​ភរិយា​នៅ​ឆ្ងាយ​ពី​ស្រុកកំណើត​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​មាន​បងប្រុស​ម្នាក់ ដែលមាន​ប្រពន្ធ​ឆ្ងាយ​ពី​ផ្ទះ គឺ​១​ឬ​២​ឆ្នាំ ទើប​គាត់​មកលេង​ផ្ទះ​ម្តង​។ មិនមែន​គាត់​អត់​នឹក​ផ្ទះ​នោះទេ ប៉ុន្តែ​ពេល​មក​ផ្ទះ​ម្តងៗ គឺ​គាត់​ចំណាយ​អស់​លុយ​ច្រើន ហើយ​ជីវភាព​គាត់​ក្រីក្រ​ទៀត​»៕ 



Tag:
 ស្នេហា
  យុវជន
© រក្សាសិទ្ធិដោយ thmeythmey.com