ជាតិ
អត្ថបទពាណិជ្ជកម្ម
អង្គការ​ស៊ី​ប៉ា សម្ពោធ​បណ្ណាល័យ​ក្នុង​រោងចក្រ TY Fashion នៅ​ខេត្តកណ្ដាល​
09, Oct 2016 , 10:52 am        
រូបភាព
ដោយ:
 
​កណ្ដាល​៖ អង្គការ​ស៊ី​ប៉ា​(Sipar)  នៅ​ថ្ងៃទី​៧​ខែតុលា បាន​សម្ពោធ​បណ្ណាល័យ​មណ្ឌល​ធនធាន នៅ​រោងចក្រ TY Fashion ដែល​ស្ថិតនៅ​ស្រុក​ពញ្ញាឮ ខេត្តកណ្ដាល ដើម្បី​លើកកម្ពស់​ការយល់ដឹង​របស់​កម្មករ​កាត់ដេ​រ​។​
 
​នៅ​ថ្ងៃ​សម្ពោធ​បណ្ណាល័យ​ទី​៩ នេះ ស៊ី​ប៉ា​បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន ដែល​ឲ្យ​ដឹងថា បណ្ណាល័យ​មណ្ឌល​ធនធាន គឺជា​ផ្នែក​មួយ​នៃ​គម្រោង​«​ការអភិវឌ្ឍ​ផ្នែក​អប់រំ និង​សង្គម​សម្រាប់​កម្មករ​ក្នុង​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​» ដែល​អង្គការ​ស៊ី​ប៉ា​អនុវត្ត​ក្នុង​រយៈពេល​បី​ឆ្នាំ ក្រោម​ជំនួយ​ហិរញ្ញប្បទាន​រួមគ្នា​ពី​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍន៍​(AFD) និង​មូល​និ​ធី Weave our Future of Auchan Retail ។ 
 
​លោក ហុក សុទ្ធិ នាយក​អង្គការ​ស៊ី​ប៉ា ថ្លែងប្រាប់​អ្នក​សារព័ត៌​ក្នុង​ពិធី​សម្ពោធ​បណ្ណាល័យ​នេះ​ថា ការបង្កើត​បណ្ណាល័យ​នេះ​ឡើង នឹង​រូ​ម​ចំណែក​បណ្ដុះ​វប្បធម៌​អាន​សៀវភៅ និង​ការស្រាវជ្រាវ ដល់​កម្មករ​នៅតាម​រោងចក្រ ខណៈដែល​កម្មករ​ភាគច្រើន​រៀន​បាន​តិចតួច​នៅ​សាលា​។ លោក​បញ្ជាក់ថា តាមរយៈ​បណ្ណាល័យ​នេះ កម្មករ​អាច​រៀនសូត្រ​ចំណេះដឹង​ទូទៅ​មួយចំនួន​ទាក់ទង​ជីវភាព​រស់នៅ ដូចជា​បញ្ហា​សុខភាព និង​អនាម័យ​ជាដើម​។ លោក​បន្តថា ការអាន​សៀវភៅ​ក៏​ជួយ​ឲ្យ​កម្ម​ករចេះ​គិត​បាន​វែងឆ្ងាយ ដែល​អាច​ឲ្យ​ពួកគាត់​អភិវឌ្ឍន៍​ខ្លួន​បាន​ប្រសើរ​។​
  
​បើតាម​លោក ហុក សុទ្ធិ ស៊ី​ប៉ា​នឹង​បង្កើត​បណ្ណាល័យ​មណ្ឌល​ធ​ន​ធាន​ឲ្យ​បាន​ចំនួន​១៨ នៅតាម​រោងចក្រ​កាត់ដេរ​នៅ​ឆ្នាំ​២០១៨ ខាងមុខ​។ លោក​ថា ក្រោយ​គម្រោង​របស់​ស៊ី​ប៉ា​បាន​ញ្ច​ប់ រោងចក្រ​នីមួយៗ ត្រូវ​បន្ត​ដំណើរការ​បណ្ណាល័យ​ទាំងនេះ​ទៀត​។ លោក​ថ្លែង​ទៀតថា ក្រៅពី​សៀវភៅ​និង​សម្ភារ​បណ្ណាល័យ​ដែល​ផ្ដល់ជូន​ដោយ​ស៊ី​ប៉ា ក្រុមហ៊ុនទូរស័ព្ទ​ស្មា​ត​ក៏បាន​ឧត​ត្ថ​ម អាយ​ផេ​ត និង​ថេ​ប្លេ​ត​មួយចំនួន​ដល់​បណ្ណាល័យ​ទាំងនេះ​ផងដែរ​។​
 
​លោក អេ​ត ម៉ុ​ន លីម នាយក​ទូទៅ​របស់​រោងចក្រ TY Fashion មានប្រសាសន៍ថា ក្រុមហ៊ុន​តែងតែ​យកចិត្តទុកដាក់​ចំពោះ​ការគ្រប់គ្រង​ធនធានមនុស្ស និង​អត្ថប្រយោជន៍​របស់​បុគ្គ​លិ​ក ដោយ​ផ្ដល់​ការបណ្ដុះបណ្ដាល​នានា ដើម្បី​បង្កើន​ផលិតភាព​ការងារ និង​លើកកម្ពស់​ជីវភាព​រប​ស់កម្មករ​និយោជិត​។ លោក​បន្ថែមថា ដោយមាន​ជំនួយ​បច្ចេកទេស​ពី​អង្គការ​ស៊ី​ប៉ា ក្រុមហ៊ុន​នឹង​បន្ត​អភិវឌ្ឍ​ការគ្រប់គ្រង និង​ការប្រើប្រាស់​បណ្ណាល័យ​ឲ្យ​កាន់តែ​ល្អ ដើម្បី​ផ្ដល់ឱកាស​ដល់ក​ម្មករ​ក្នុងការ​ពង្រីក​ចំណេះដឹង និង​បង្កើន​ទំនុកចិត្ត​ទៅ​ពេលអនាគត​។ 
  
​កញ្ញា ដៀប សំណាង វ័យ​២៤​ឆ្នាំ ដែល​បម្រើ​ការងារ​ជាក​ម្មការ​នី​កាត់ដេរ​ក្នុង​រោងចក្រ TY Fashion បានបង្ហាញ​ការ​ត្រេកអរ​ចំពោះ​ការបង្កើត​បណ្ណាល័យ​នេះ​។ កញ្ញា​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​សប្បាយចិត្ត ពេល​មាន​បណ្ណាល័យ​។ ខ្ញុំ​រៀន​បាន​តិច តែ​អាច​អាន​បាន​។ ខ្ញុំ​នឹង​អាន​សៀវភៅ​ពី​ចំណេះដឹង​ទូទៅ សៀវភៅ​អ្វី​ក៏ដោយ គឺ​ធ្វើ​ឲ្យ​យើង​ចេះដឹង​អ៊ីចឹង »​។ កម្ម​ការ​នី​រូបនេះ ប្រាប់ថា រូបនាង​នឹង​ឆ្លៀត​ចូល​អាន​សៀវភៅ​ក្នុង​បណ្ណាល័យ ប្រហែល ២០ ឬ​៣០​នាទី ក្នុងពេលដែល​រូបនាង​សម្រាក​អាហារ​ថ្ងៃត្រង់​រយៈពេល​មួយ​ម៉ោង​៕
 
 





Tag:
 TY Fashion
  ហុក សុទ្ធិ​
  កាត់ដេរ​
© រក្សាសិទ្ធិដោយ thmeythmey.com