«​ឃ្លាន​ឆ្ងាញ់ ស្រលាញ់​ល្អ​»៖ សុភាសិត​បង្ហាញ​ពី​ការប្រែប្រួល​ចិត្ត​របស់​មនុស្ស​
ពីនេះ ពីនោះ / មិនយល់...!
«​ឃ្លាន​ឆ្ងាញ់ ស្រលាញ់​ល្អ​»៖ សុភាសិត​បង្ហាញ​ពី​ការប្រែប្រួល​ចិត្ត​របស់​មនុស្ស​
23, May 2019 , 9:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ទស្សនៈ​ខ្មែរ ប្រសិនបើ​មានការ​សិក្សា​ស្វែងយល់​ឲ្យ​បាន​ច្រើន គឺ​មិនមែនជា​រឿង​សាមញ្ញ​ឡើយ​។ ការពិត ទស្សនៈ​ខ្មែរ​ខ្លាំង តែ​កូន​ខ្មែរ​មើលរំលង​។ ជាក់ស្ដែង សុភាសិត​មួយ​ឃ្លា​ថា «​ឃ្លាន​ឆ្ងាញ់ ស្រលាញ់​ល្អ​» គឺ​បង្ហាញ​យ៉ាងច្បាស់​ថា ចាស់​បុរាណ​ខ្មែរ​លោក​មានការ​យល់ដឹង​ច្បាស់​ពី​កត្តា​ចិត្តសាស្ត្រ​របស់​មនុស្ស​។ តើ​សុភាសិត​ថា «​ឃ្លាន​ឆ្ងាញ់ ស្រលាញ់​ល្អ​»​មាន​អត្ថន័យ​បែបណា​?



​ផ្ដើម​ពី​ការបកស្រាយ​អត្ថ​ន័យចំ​នៃ​សុភាសិត អាច​ដឹងបាន​ភ្លាម​ថា​ជាធម្មតា ក្នុងនាម​ជា​ភាវៈ​មនុស្ស ដែលជា​ភាវៈ​ខ្ពង់ខ្ពស់​មួយ​ក្នុងចំណោម​ភាវៈ​មានជីវិត​ទាំងអស់​នៅក្នុង​លោក តែ​កាលណា​ខ្វះ​ជាតិ​អាហារ​ក្នុង​ខ្លួន សរីរាង្គ​ទាំងមូល​ទាមទារ​រសជាតិ​អាហារ​ដើម្បី​ចិញ្ចឹម រាងកាយ និង​បំពេញ​សេចក្ដីស្រេកឃ្លាន​។  សេចក្ដីស្រេកឃ្លាន​នេះ វា​បានធ្វើ​ឲ្យ​មនុស្ស ដែលជា​ភាវៈ​មាន​វិចារណញ្ញាណ អាច​បរិភោគ​គ្រប់​ចំណី​ឲ្យ​តែ​ជា​អាហារ ដែល​អាច​បរិភោគបាន​។ ដូច្នេះហើយ មនុស្ស​ដែល​ឃ្លាន មិនចាំបាច់​អាហារ​ល្អ មាន​រសជាតិ​ឆ្ងាញ់​ពេក​នោះទេ ទោះ​អាហារ​ធម្មតា​ក៏​ឆ្ងាញ់​ដែរ​។ ហេតុនេះហើយ​ទើប​ចាស់​បុរាណ​ខ្មែរ​លោក​លើកឡើងថា «​ឃ្លាន​ឆ្ងាញ់​»​។​

​ដោយឡែក​«​ស្រលាញ់​ល្អ​»​ចាស់​បុរាណ​លោក សំដៅ​បុគ្គល​ដែល​ដុត​រោល​កញ្ជ្រោល​ដោយ​ភ្លើងតណ្ហា តែងតែមាន​អារម្មណ៍​ត្រេកត្រអាល​ក្នុង​ផ្លូវ​លោកិយ​។ ពេលនោះ​ហើយ ទោះ​ដៃ គូ​មិនសូវ​ស្អាត ក៏​ក្នុង​គំនិត​តណ្ហា​មើលឃើញថា​ល្អ​ដែរ​។ បុគ្គល​ទាំងនោះ មើលឃើញ​មនុស្ស​ដែលមាន​ភេទ​ផ្ទុយ មាន​សម្ផស្ស​ស្រស់ស្អាត​សមសួន​គួរ​ជាទី​ប្រតិព័ទ្ធ ព្រោះ​ភ្នែក​គេ មើល​ឃើញតែ​ម្យ៉ាង​គឺ ស្អាត ល្អ​។  ក្នុងនោះ​ផងដែរ ការ​ត្រេកត្រអាល​ចំពោះ​សម្ភារ ឬ​វត្ថុ​នានា​ក៏​ដូចគ្នា​។ ព្រោះតែ​រូបភាព​បែបនេះ ហើយ​ទើប​មាន​ជា​សុភាសិត​ថា «​ស្រឡាញ់​ល្អ​»​។

​ការបង្ហាញ​បែបនេះ វា​គ្រាន់តែ​ជាការ​បង្ហាញ​មួយ​ទៅលើ​ន័យចំ​របស់​សុភាសិត​តែប៉ុណ្ណោះ​។ ប៉ុន្តែ​គោល​គំនិត​របស់​ចាស់​បុរាណ​ខ្មែរ គឺ​លោក​មិនមែន​មានន័យ​ត្រឹមតែ​ចំណង​ផ្នែក​សេចក្ដីស្រេកឃ្លាន និង​តណ្ហា​ផ្នែក​ភេទ និង​ការ​ប្រតិព័ទ្ធ ចំពោះ​វត្ថុ ដោយ​អត្ថ​ន័យចំៗ​ដូច្នេះ​ឡើយ​។ ប៉ុន្តែ​ធាតុពិត នៃ គំនិត​របស់លោក ប្រហែលជា​លោក​ចង់បង្ហាញ​ពី​កត្តា​ចិត្តសាស្ត្រ​របស់​មនុស្ស​។ នោះ​គឺ​មានន័យថា​«​ឃ្លាន​ឆ្ងាញ់ ស្រឡាញ់​ល្អ​»​គឺ​ចាស​បុរាណ​លោក​ចង់​សំដៅ​ដល់​ភាពមិន​ទៀងទាត់​ផ្នែក​អារម្មណ៍ និង​តណ្ហា របស់​មនុស្ស​។ ហេតុផល​នេះ គឺ​មានន័យថា មនុស្ស គឺ​រស់នៅ​ជាមួយ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ជាក់ស្ដែង «​ឃ្លាន​ឆ្ងាញ់​» គឺ​បង្ហាញថា​អ្វី​ទាំងអស់​នឹងមាន​តម្លៃ នៅពេលដែល​មនុស្ស​ត្រូវ​ការ ប៉ុន្តែ​នៅពេលដែល​មិនត្រូវ​ការ ទោះបី​របស់​ល្អ មានតម្លៃ​ប៉ុណ្ណា ក៏​មិនមែន​ជាទី​គាប់ចិត្ត​របស់​បុគ្គល​ដែរ​។

​ដោយឡែក​«​ស្រឡាញ់​ល្អ​»​គឺ​បង្ហាញថា មនុស្ស​ម្នាក់ៗ​នៅពេលដែល​ស្រឡាញ់​អ្វី ក៏​មើលឃើញ​ល្អ ឃើញ​ស្អាត ជាទី​គាប់ចិត្ត​ដែរ ប៉ុន្តែ​ពេល​លែង​ស្រឡាញ់ អ្វី​ទាំងនោះ​គឺ​រលាយ​សូន្យ​។

​ជារួម​មក  សុភាសិត​ខ្មែរ «​ឃ្លាន​ឆ្ងាញ់ ស្រឡាញ់​ល្អ​» គឺ​បង្ហាញថា​ជា​ទស្សនៈ​អប់រំ​មួយ​ដែល​ចាស់​បុរាណ​លោក​បានផ្ដល់​ជា​មេរៀន​ដល់​កូនចៅ ឲ្យ​ចេះ​គិត​ថ្លឹងថ្លែង​រវាង ចេតនា​ចិត្ត របស់​បុគ្គល  និង​កម្រិត​តណ្ហា​របស់​មនុស្ស​។ ក្នុងនាម​ជា​បុគ្គល មិនអាច​ធ្វើ​អ្វី​ផ្ដេកផ្ដួល​ទៅតាម​តែ​អារម្មណ៍ និង​ចំណងតណ្ហា​របស់​ចិត្ត​ឡើយ ប៉ុន្តែ​ត្រូវធ្វើ​អ្វី​ទៅតាម​ភាពវាងវៃ​ខាង​ផ្នែក​បញ្ញា​។ ព្រោះ​គ្រប់​អ្វី​ក្នុង​លោក វា​មិន​មែនមាន​ប្រយោជន៍ និង​ស្អាត ល្អ តែ​នៅពេល ដែល​ខ្លួន​ត្រូវការ និង​ស្រឡាញ់​ឡើយ​។ ប៉ុន្តែ​ត្រូវ​ផ្ដល់​តម្លៃ និង​ភាពស្រស់ស្អាត ដល់​អ្វីដែល នៅ​ជុំវិញខ្លួន គ្រប់ពេល ទោះ​ខ្លួន​មិនត្រូវ​ការ ឬ​មិន​ស្រឡាញ់​ក៏ដោយ​៕


© រក្សាសិទ្ធិដោយ thmeythmey.com