ជាតិ
បទវិភាគ
យុវជនខ្មែរ៖ ច្បាស់ហើយឬនៅថាខ្លួនចង់បានសង្គមបែបណា?
× ភ្នំពេញ៖ សង្គមជាតិមួយដែលមានការអភិវឌ្ឍ មានសន្តិភាព មានសេរីភាព សមភាព យុត្តិធម៌ ភាតរភាព វឌ្ឍនភាព សុភមង្គល សីលធម៌ គុណធម៌ តម្លាភាព ហើយមនុស្សនៅក្នុងសង្គមរស់នៅមានភាពថ្លៃថ្នូរទាំងអស់គ្នា ទាំងផ្នែកសេដ្ឋកិច្ច សុខភាព កិត្តិយស និងតម្លៃក្នុងនាមជាមនុស្សដូចគ្នា គឺជាសង្គមដែលមនុស្សគ្រប់រូបអ្នកណាក៏ចង់បាន។ ប៉ុន្តែ ត្រូវសួរទៅយុវជនថា តើខ្លួនបានរៀបចំខ្លួនបែបណាដើម្បីឲ្យទទួលបានសង្គមបែបនេះ?
ផ្ដើមពីសំណួរទៅយុវជនថា តើសង្គមបែបណាដែលខ្លួនមានបំណងចង់បាន? សំណួរនេះ ច្បាស់ណាស់នឹងទទួលបានចម្លើយថា គឺពួកគេចង់បានសង្គមមួយ ដែលពលរដ្ឋរស់នៅ មានសេរីភាព សមភាព ភាតរភាព វឌ្ឍនភាព និងសុភមង្គល។ បន្ថែមពីនេះ គឺជាសង្គមមួយ ដែលទំនើប ជឿនលឿន លើគ្រប់វិស័យទាំងផ្នែកសង្គម និងវិទ្យាសាស្ត្រ។ ចំណែកការគ្រប់គ្រងវិញ គឺជារដ្ឋដែលគ្រប់គ្រងតាមគោលការណ៍នីតិរដ្ឋ និងគោរពតាមមាគ៌ាប្រជាធិបតេយ្យ។ ចម្លើយទាំងនេះគឺជាចម្លើយ ដែលអាចឆ្លើយចេញមកបានយ៉ាងស្រួល ពីមាត់ របស់យុវជន ហើយក៏អាចនៅមានបំណងប្រាថ្នា រាប់សិបជំពូកផ្សេងទៀតដែលពួកគេ ចង់បានពីសង្គម ពីរដ្ឋ ដែលពួកគេកំពុងរស់នៅ។
ប៉ុន្តែ បើសិនជាសួរថា ដើម្បីទទួលបានសង្គមតាមអ្វីដែលពួកគេប្រាថ្នាបែបនេះ តើក្នុងនាមជាយុវជនត្រូវធ្វើបែបណា? យុវជនមួយចំនួនប្រាកដជាទម្លាក់ការទទួលខុសត្រូវទៅលើអ្នកដឹកនាំជាសំខាន់ ប៉ុន្តែក៏អាចមានអ្នកផ្ដើមការទទួលខុសត្រូវចេញពីខ្លួនយុវជនខ្លួនឯងផងដែរ។
ទោះជាយ៉ាងណា ការគិតមួយដោយសង្ឃឹមថា អ្នកណាម្នាក់អាចទៅធ្វើអ្វីមួយដើម្បីមកបំពេញ សេចក្ដីប្រាថ្នាខ្លួនឯង គឺជារឿងមួយដែលមិនអាចទៅរួច។ ជាក់ស្ដែង យុវជន ចង់បានប្រភេទសង្គមទាំងឡាយដែលបានរៀបរាប់ ក៏មិនអាចពឹងអាស្រ័យតែទៅលើអ្នកដឹកនាំ ឬក៏រដ្ឋជាអ្នកកំណត់នោះដែរ។ ការចង់បានសង្គមមួយដែលមានលក្ខណៈល្អ ក្នុងលក្ខខណ្ឌណាមួយគឺជាប្រយោជន៍រួម ប៉ុន្តែដើម្បីទទួលបានគឺត្រូវតែចាប់ផ្ដើមពីបុគ្គល់ម្នាក់ៗ។
សង្គមជាតិអាចសម្រេចបានចំនុចទាំងនេះ គឺអាស្រ័យលើភាពជោគជ័យរបស់បុគ្គលដែលជាភ្នាក់ងារសង្គមម្នាក់ៗ។ ការចាប់ផ្ដើម មិនមែនគ្រាន់តែជាការនិយាយ និងបញ្ចេញមតិ ចង់កែប្រែសង្គមនោះទេ ប៉ុន្តែគឺផ្ដើមចេញការបណ្ដុះគំនិត អភិវឌ្ឍន៍ខ្លួនឯង, កំណត់គោលការណ៍ដើម្បីបុព្វហេតុជាតិ។ បន្ថែមពីនេះ ត្រូវរៀបចំខ្លួន ខិតខំរៀនសូត្រ បង្កើនគំនិតស្មារតីប្រុងប្រយ័ត្ន បង្កើនប្រាជ្ញាវាងវៃ ហើយចូលរួមរៀបចំសង្គមដោយមានការគិតគូរហ្មត់ចត់។
ក្នុងនាមជាយុវជនជំនាន់ថ្មី ដែលជាសម្បត្តិថ្មីសម្រាប់ជាតិ ត្រូវព្យាយាមប្រែក្លាយខ្លួន ពីអ្នកទ្រឹស្ដីនិយម ទៅជាអ្នកប្រតិបត្តិនិយម ដោយអនុលោមតាមមាគ៌ាទ្រឹស្ដីទើបជាកិច្ចការដ៏ប្រសើរ។ យុវជនត្រូវរៀបចំខ្លួន ខិតខំរិះរកវិធីសាស្ត្រ កែប្រែសង្គមទាំងទ្រឹស្ដីនឹងការអនុវត្តជាក់ស្ដែង ដោយចាប់ផ្ដើមពីការកែប្រែស្ថានភាពផ្ទាល់ខ្លួនជាមុន។
បន្ទាប់ពីការពង្រឹងខ្លួនឯង កែប្រែស្ថានភាពរស់នៅផ្ទាល់ខ្លួន និងគ្រួសារបានហើយ កិច្ចការបន្ទាប់និងស្របគ្នា គឺគិតជាតិ។ ត្រង់ចំណុចនេះ មិនទាមទារឲ្យយុវជនចាំបាច់ត្រូវតែប្រើខួរក្បាលទៅគិតបញ្ហាធំៗនៅក្នុងសង្គមនោះទេ។ ប៉ុន្តែសូមត្រឹមតែគិតចូលរួមដោះស្រាយបញ្ហាតូចៗ ដែលមានចំពោះខ្លួន បញ្ហាជុំវិញខ្លួនប្រចាំថ្ងៃ នោះគឺចាត់ទុកថា បានចូលរួម គិត និងដោះស្រាយបញ្ហាជាតិ ទៅតាមលទ្ធភាព និងសមត្ថភាពរបស់ខ្លួនបានហើយ។
បន្ថែមពីនេះ ការព្យាយាមបង្កើតការស្រឡាញ់អំពើល្អ ចូលរួមគាំទ្រភាពត្រឹមត្រូវ មិនសេពគប់អយុត្តិធម៌សង្គម មិនសាងអំពើពុករលួយ ប៉ុន្តែត្រូវចូលរួមការពារកិត្តិយសជាតិ។ ការតាំងស្មារតីចូលរួមបែបនេះបាន ជាក្ដីសង្ឃឹមរបស់សង្គម ដើម្បីសម្រេចបានសង្គមមួយដែលខ្លួនឯងចង់បាន។ រីឯភាពម៉ឺងម៉ាត់ មោះមុត ក្លាហានក្នុងការទទួលខុសត្រូវ យុវជនគ្រប់រូប ចាំបាច់ត្រូវតែមាន ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិ។
© រក្សាសិទ្ធិដោយ thmeythmey.com