ពីនេះ ពីនោះ
ក្មេង​ឥលូវ​ពិបាក​តិចតួច​កុំ​ថ្ងូរ គួរ​នាំគ្នា​សួរ​ឪពុកម្ដាយ​សិន​
27, Sep 2019 , 8:29 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ បច្ចុប្បន្ននេះ សំឡេង​ត្អួ​ញ​ត្អែ​រ ការ​ស្ដែង​ជា​សកម្មភាព អារម្មណ៍ និង​ស្ដាប់​ពាក្យសម្ដី​របស់​ក្មេង​សម័យ​ឥលូវ​ស្ដាប់ទៅ​ដូច​ពិបាក ដូច​វេទនា ខ្លាំងណាស់​។ ប៉ុន្តែ​ការពិបាក សេចក្ដី​វេទនា និង​ពាក្យ​ត្អួ​ញ​ត្អែ​រទាំង​នោះ គឺអាច​ក្លាយជា​រឿង​ហួសចិត្ត​របស់​ឪពុកម្ដាយ របស់​ពួកគេ ព្រោះតែ​ការឆ្លងកាត់​ជីវិត​ក្នុង​បរិបទ​ផ្សេងគ្នា​។



​ជីវិត​ក្នុងសម័យ​សង្គ្រាម ពិបាក​បែបណា មិន​ហ៊ាន​បកស្រាយ និង​បរិយាយ​នោះទេ​។ ប៉ុន្តែ​ក្រោយ​ជីវិត​ដែល​ឆ្លង​ផុតពី​នោះ សួរថា​មនុស្ស​ជំនាន់​ចាស់ រស់នៅ​តស៊ូ​ដោយ​របៀប​ណា​? ក្នុងករណីនេះ ទោះ​មិនអាច​បរិយាយ ក៏​គេ​ដឹង​យ៉ាងច្បាស់​ថា គឺ​ត្រូវ​តស៊ូ ព្យាយាម ពុះពារ​គ្រប់​រឿងរ៉ាវ​ទាំងអស់ ដើម្បី​កសាង​សេដ្ឋកិច្ច​គ្រួសារ និង​ចិញ្ចឹម​កូនចៅ​។ ព្រោះតែ​ការឆ្លងកាត់​ជីវិត​បែប​នោះ​ហើយ ទើប​ឪពុកម្ដាយ​ជាទូទៅ​លោក​តែ​ប្រដៅ​អប់រំ​កូន ដោយ​លើកយក​ពិសោធន៍​ជីវិត​របស់ខ្លួន មក​ប្រាប់​កូនចៅ​ជំនាន់​ក្រោយ​របស់លោក​។ ចំពោះ​ការលើកឡើង​ទាំងនោះ គឺ​សុទ្ធតែជា​រឿង​ពិត ជីវិត​ពិត ភាពលំបាក​ពិត​។

​ផ្ទុយ​មកវិញ ក្មេង​ឥលូវ​មួយចំនួន តែងតែ​បង្ហាញថា​ពួកគាត់​លំបាក​ណាស់ វេទនាណាស់ ស្ដាប់​ហើយ អាន​អ្វីដែល​គាត់​បាន​សរសេរ​ហើយ មាន​អារម្មណ៍​ថា គួរ​ឲ្យ​អាណិត គួរ​ឲ្យ​អាសូរ​ណាស់​។ តើ​គាត់​ពិតជា​ពិបាក វេទនា​មែនឬ​យ៉ាងណា​?

​ប៉ុន្តែ​ការពិត ជិះ​កង់​ទៅ​សាលា ​គាត់​ថា​ហត់​ចង់បាន​ម៉ូតូ​, មាន​លុយ​តិច​ទៅ​សាលា គាត់​ស្រែក​ក្រ​តែ​មិន​ជួយ​រក​, សំលៀកបំពាក់​មិនទាន់​សម័យ ​គាត់ថា​ចូល​ហ្វូង​គេ​មិន​ចុះ​, គ្មាន​សម្ភារ​ទំនើប គាត់​ថា​មិន​ទាន់សម័យ​វិទ្យាសាស្ត្រ​, ឈឺ​តិចតួច​គាត់​ថា​ខ្វះ​អ្នក​មើលថែ​, ម្ហូបអាហារ​មិន​ឆ្ងាញ់ គាត់​ថា​រាងកាយ​គាត់​ស្គម ព្រោះ​គ្មាន​អាហារ​ល្អ​, ប្រើ​ឲ្យ​ធ្វើការ​គាត់​ថា​អស់កម្លាំង​, ខ្លាច​ក្ដៅ ខ្លាច​ភ្លៀង ព្រោះ​មិន​ចង់​ឲ្យ​ខូច​សាច់​, ម៉ែឪ ឲ្យ​លុយ​ចាយ​មិន​គ្រប់ មិនទាន់​ពេល គាត់​ថា​មិន​យកចិត្តទុកដាក់​, ឲ្យ​ជួយ​ធ្វើ​ការងារ​ផ្ទះ​គាត់​ថា​មិនចេះ​ធ្វើ និង​រឿងរ៉ាវ​ផ្សេងៗ​ជាច្រើន​ទៀត​។

​គ្រប់​កត្តា គ្រប់​រឿង​ដែល​គាត់​បានលើកឡើង​គឺ​ភាគច្រើន​សុទ្ធតែជា​ហេតុផល​របស់​មនុស្ស​គ្មាន​ទំនួល​ខុសត្រូវ ខ្វះ​ការតស៊ូ ព្យាយាម ជ​ម្នេះ​និង​ភាពលំបាក​។ ហេតុផល​ទាំងនេះ ក្មេង​សម័យ​ឥលូវ បើសិនជា​អាច​ឈប់​បាន​ក៏​ឈប់​ទៅ នូវ​រាល់​ហេតុផល​ដែល​មិនអាច​ឲ្យ​ខ្លួន​រីកចម្រើន​ទាំងនេះ​។ តើ​អាច​ចូលរួម​កែតម្រូវ​ខ្លួនឯង​បានទេ​? បើ​ពិបាក​ខ្លាំង​សួរ​ឪពុកម្ដាយ​សិន បានទេ​?


© រក្សាសិទ្ធិដោយ thmeythmey.com