ជាតិ
សព​លោក ប៉ែន សុវណ្ណ បាន​ដង្ហែ​មកដល់​ភ្នំពេញ​ហើយ​
02, Nov 2016 , 1:05 pm        
រូបភាព
​ភ្នំពេញ​៖ សព​លោក ប៉ែន សុវណ្ណ ដែលជា​សមាជិក​រដ្ឋសភា​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដង្ហែ​មកដល់​រាជធានី​ភ្នំពេញ​ហើយ នៅ​ម៉ោង ១រសៀល នា​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​។ នៅពេលនេះ សព​លោក ប៉ែន សុវណ្ណ កំពុង​រៀបចំតម្កល់ទុក​ក្នុង​វត្ត​នួន​មណី​រាម ហៅ​វត្ត​ថា​ន់​។​



​ការ​ដង្ហែ​សព​លោក ប៉ែន សុវណ្ណ ពី​ខេត្តតាកែវ មកកាន់​រាជធានី​ភ្នំពេញ បាន​ចំណាយពេល​ប្រហែល​៥​ម៉ោង​។ ចាប់តាំងពី​៨​ព្រឹក​មក មន្ត្រីជាន់ខ្ពស់​មួយចំនួន​របស់​គណបក្ស​សង្គ្រោះ​ជាតិ រួមទាំង​ប្រជាពលរដ្ឋ​រាប់រយ​នាក់ បាន​ជិះឡាន និង​ម៉ូតូ ចូលរួម​ដង្ហែ​សព លោក ប៉ែន សុវណ្ណ ពី​ទី​រួម​ខេត្តតាកែវ រហូតដល់​រាជធានី​ភ្នំពេញ​។

​សព​លោក ប៉ែន សុវណ្ណ នឹងត្រូវ​តម្កល់ទុក​ក្នុង​វត្ត​ថា​ន់ ក្នុង​រយៈ​ខ្លី មុន​ការបូជា​ឈាន​មកដល់​។ គណបក្ស​សង្គ្រោះ​ជាតិ រួមទាំង​ក្រុមគ្រួសារ គ្រោង​បូជាសព​លោក ប៉ែន សុវណ្ណ នៅមុខ​វត្ត​បទុម​វ​ត្តី នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៦​។

​យ៉ាងណាក៏ដោយ រហូតមកដល់​ពេលនេះ គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទទួលបាន​សិទ្ធិ​ពី​ក្រុមគ្រួសារ​របស់លោក ប៉ែន សុវណ្ណ ក្នុងការ​ចាត់ចែង​ពិធីបុណ្យ នៅ​មិនទាន់​ប្រាប់​បានទេ​ថា សាលា​រាជធានី​ភ្នំពេញ នឹង​ផ្តល់​ទីតាំង​នៅមុខ​វត្ត​បទុម​វ​ត្តី សម្រាប់​ការបូជា ឬក៏​បដិសេធ​។

​ប៉ុន្តែ លោក ប៉ុល ហំ​ម មន្ត្រីជាន់ខ្ពស់​របស់​គ​ណ​បក្ស​ស​ង្គ្រ​ជាតិ បានបញ្ជាក់​រួចហើយ ថា គណបក្ស​សង្គ្រោះ​ជាតិ និង​ក្រុមគ្រួសារ​របស់លោក ប៉ែន សុវណ្ណ នឹង​ពិភាក្សាគ្នា​បន្តទៀត ក្នុងការ​ស្វែងរក​ទីតាំង​ថ្មី ប្រសិនបើ សាលា​រាជធានី​ភ្នំពេញ មិន​ព្រម​ផ្តល់​ទីតាំង​នៅមុខ​វត្ត​បទុម​វ​ត្តី មែន​នោះ​។

​ចំណែកឯ សាលា​រាជធានី​ភ្នំពេញ ក៏​មិនទាន់មាន​ចម្លើយ​ដែរ ជុំវិញ​សំណើ​ខាងលើ​។ លោក ឃួ​ង ស្រេង អ្នកនាំពាក្យ​របស់​សាលា​រាជធានី​ភ្នំពេញ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​កាលពី​ថ្ងៃ​ចន្ទ​ថា លោក មិនទាន់​ទទួលបាន​លិខិត​ជា​ផ្លូវការ​ណាមួយ​នោះទេ ទាក់ទង​នឹង​ការស្នើសុំ​ទីតាំង​នៅមុខ​វត្ត​បទុម​វ​ត្តី សម្រាប់​ការបូជា​សព​លោក ប៉ែន សុវណ្ណ​។ ប៉ុន្តែ លោក ឃួ​ង ស្រេង អះអាងថា ពេលដែល​ទទួលបាន​លិខិត​នោះ​ហើយ លោក នឹង​ពិនិត្យ​ខ្លឹមសារ ថា​ត្រូវ​អនុញ្ញាត​ឬ​មិន​អនុញ្ញាត​។

​តាមពិតទៅ រដ្ឋសភា បាន​បញ្ជូន​លិខិត​នោះ​ទៅកាន់​សាលា​រាជធានី​ភ្នំពេញ​រួចហើយ​។ នេះ​បើតាម​ការអះអាង​របស់​លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​របស់​រដ្ឋ​សភា​។ លោក ឡេង ប៉េងឡុង លើកឡើងថា លោក នឹង​បន្ត​តាមដាន​ពី​បញ្ហា​នេះ​។​

​បើតាម លោក ឡេង ប៉េងឡុង ដដែល រដ្ឋសភា​បាន​បង្កើត​គណៈកម្មការ​មួយ ដែលមាន​លោក យ៉ែម បុញ្ញឫទ្ធិ តំណាងរាស្ត្រ​ពី​គណបក្ស​សង្គ្រោះ​ជាតិ ជា​ប្រធាន ដើម្បី​ជួយ​ជ្រោមជ្រែង​ក្រុមគ្រួសារ​របស់លោក ប៉ែន សុ​វ​ណុ្ណ ក្នុងការ​ចាត់ចែង​ពិធីបុណ្យ​។ លើសពីនេះ រដ្ឋសភា ក៏បានផ្តល់​ថវិកា​ចំនួន​៥០​លាន​រៀល ដល់​ក្រុមគ្រួសារ​របស់លោក ប៉ែន សុវណ្ណ ផងដែរ​។​
​លោក ប៉ែន សុវណ្ណ ដែលជា​ឧ​ត្ត​ម​ទីប្រឹក្សា និង​ជា​តំណាងរាស្ត្រ​ពី​គណបក្ស​សង្គ្រោះ​ជាតិ ហើយក៏​ជា​អតីត​នាយករដ្ឋមន្ត្រី ក្នុងសម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ផង​នោះ បានទទួល​មរណភាព ក្នុង​ជន្មាយុ​៨០​ឆ្នាំ ដោយ​រោគាពាធ កាលពី​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៦៕

  


Tag:
 ​ប៉ែន សុវណ្ណ​
© រក្សាសិទ្ធិដោយ thmeythmey.com