ជាតិ
អ្នកនិពន្ធ យូ បូ សុំ​សម្តេច ហ៊ុន សែន ឲ្យ​ជួយ​លោក​បាន​សម្រាក​ពេទ្យ​
03, Nov 2016 , 4:56 pm        
រូបភាព
ដោយ: ថ្មីៗ
​លិខិត​មិត្ត​អ្នកអាន​
​ព្រឹទ្ធាចារ្យ យូ បូ គឺ​អ្នកកាសែត​ជើងចាស់​ជំនាន់​១៩៦០ ហើយ​លោក​ក៏​ជា​គឺជា​សមាជិក​ស្ថាបនិក​ក្លិប​អ្នកកាសែត​កម្ពុជា​។​



​ក្រៅពី​កិច្ចការ​ក្នុង​វិស័យ​សារព័ត៌មាន លោក យូ បូ គឺជា​អ្នកនិពន្ធ​ប្រលោមលោក និង​កំណាព្យ ហើយក៏​ជា​អ្នកបកប្រែ​រឿង​ពី​ភាសា​វៀតណាម មកជា​ភាសាជាតិ​ផងដែរ​។ លោក​ចេះ​ភាសា​វៀតណាម បារាំង និង​ចិន​ទាជីវ ល្មម​អាច​ប្រើការ​បាន​។ លោក យូ​បូ ធ្លាប់​ធ្វើជា​សាស្ត្រាចារ្យ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​។​

​ក្នុងអំឡុង​ទសវត្ស​១៩៩០ ជាមួយនឹង​អ្នកនិពន្ធ​ផ្សេងទៀត លោក​បាន​បង្កើត​«​សមាគម​អ្នកនិពន្ធ​ខ្មែរ​»​ឡើងវិញ​ក្រោយ​ការដួលរលំ​នៃ​របប​ខ្មែរក្រហម​។ នៅក្នុង​ជីវិត​ជា​អ្នក​ដង​ប៉ាកកា​កវី​យូ​បូ​តែង​ដាស់តឿន​កូនសិស្ស​ថា​«​ត្រូវ​ឈរលើ​ស្មារតី​ស្រឡាញ់​មនុស្សជាតិ​ហើយ​ត្រូវ​សរសេរ​ដើម្បី​កសាង​មនុស្ស កសាង​គ្រួសារ និង​កសាង​សង្គមជាតិ​»​។​

​កាលពី​ប្រមាណ​១០​ឆ្នាំមុន លោក​បាន​រងគ្រោះថ្នាក់​ច​រាច​រាណ៍ ដោយ​ត្រូវ​ម៉ូតូឌុប​បុក​ប៉ះ​ត្រូវ​ឆ្អឹង​ឆ្នង​និង​ចង្កេះ ហើយ​បន្ត​ឈឺ​ដើរ​មិនសូវ​បានរួម​ទាំង​ជំងឺ​ទឹកនោមផ្អែម​ទៀតផង​។​

​ក្រោយពេល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នោះមក លោក​ត្រូវ​សម្រាក​នៅផ្ទះ​រហូតមក​។ លោក យូ បូ រំពឹងថា បើ​ខ្លួន​បានជា​សះស្បើយ លោក​នឹង​ត្រឡប់​ទៅ​បង្រៀន​និង​ចែករំលែក​បទពិសោធ​ដល់​កូនសិស្ស​ខ្មែរ​ជា​បន្តទៀត​។

​សព្វថ្ងៃ លោក​រស់នៅ​ដោយសារ​កូនចិញ្ចឹម និង​ខ្លួន​មាន​ជំងឺ​ប្រចាំកាយ ពុំមាន​លទ្ធភាព​ព្យាបាល​នោះទេ​។ ព្រឹទ្ធាចារ្យ​រូបនេះ ចង់​ផ្ញើ​ដំណឹង​ដល់​ប្រមុខ​រដ្ឋាភិបាល ថា​ប្រសិនបើជា​អាចជួយ​សម្រួល​ឲ្យ​លោក​បាន​សម្រាក​នៅ​មន្ទីរពេទ្យ​ណាមួយ លោក​នឹង​អរគុណ​ជា​អនេក​។

​ទន្ទឹមនឹងនេះ សាស្ត្រាចារ្យ​វ័យ​៧៥​ឆ្នាំ​រូបនេះ ផ្តាំកូន​សិស្ស​ជិត​ឆ្ងាយ​ទាំងឡាយ ឲ្យ​ឆ្លៀត​ទៅលេង​លោក​ផង​៕


Tag:
 យូ បូ
© រក្សាសិទ្ធិដោយ thmeythmey.com