អន្តរជាតិ
ចិន​អួតថា​យន្តហោះ​ដ្រូ​ន​ថ្មី CH-5 របស់ខ្លួន​ល្អជា​យន្តហោះ​ដ្រូ​ន​អាមេរិក
04, Nov 2016 , 8:39 pm        
រូបភាព
​ក្រុង​ប៉េកាំង​បានបង្ហាញ​យន្តហោះ​ដ្រូ​ន ម៉ូ​ដែល​ថ្មី CH-5 នៅក្នុង​កម្មវិធី​ពិ​ព័រ​ណ៌​អាកាសចរណ៍​ដែល​រៀបចំឡើង​នៅ​ទីក្រុង Zhuhai​។ ចិន​ក៏​អួត​ផងដែរ​ថា យន្តហោះ​ដ្រូ​ន​ស៊េរី​ទំនើប​នេះ​មាន​សមត្ថភាព​ខ្ពស់​និង​ត្រូវបាន​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​បំផុត ដែល​វា​ប្រសើរ​ជាង​យន្តហោះ​ដ្រូ​ន​របស់​អាមេរិក​ថែមទៀត​។​



​ក្រោយ​រង់ចាំ​អស់​រយៈពេល​ជា​យូរ គេ​បានឃើញ​រូបរាង​យន្តហោះ​ដ្រូ​ន ម៉ូ​ដែល​ថ្មី CH-5 របស់​ចិន​ជា​ផ្លូវការ​ហើយ​នៅក្នុង​ពិ​ព័រ​ណ៌​អាកាសចរណ៍​អន្តរជាតិ​នៅ​ទីក្រុង Zhuhai ប្រទេស​ចិន​។ យន្តហោះ​ដ្រូ​ន​របស់​ចិន​ថ្មី​នេះ ត្រូវបាន​គេ​អះអាងថា មាន​សមត្ថភាព​ខ្ពស់ជាង​យន្តហោះ​ដ្រូ​ន​អាមេរិក​ក្នុងការ​ហោះហើរ និង​បំពេញ​ប្រតិបត្តិការ​។ ហើយ​ចិន​ក៏​ប្រកា​សលក់​យន្តហោះ​ផលិត​ក្នុងស្រុក​នេះ​ជា​ផ្លូវការ ហើយ​បន្ថែម​ពីនេះ ប្រទេស​ដែល​ចង់​ផលិត​អាច​សុំ​ទិញ​សិទ្ធិ​សម្រាប់​ផលិត​ផងដែរ​។

​យោងតាម​សារព័ត៌មាន​រុស្ស៊ី RT នាយក​ផ្នែក​រចនា​យន្តហោះ​ដ្រូ​ន​ប្រចាំ​នៅ​បណ្ឌិតសភា​ចិន​ទទួលបន្ទុក​ស្រាវជ្រាវ​លំហរ​អាកា​សលោក Shi Wen បាន​អះអាងថា​៖« យន្តហោះ​ដ្រូ​ន CH-5 អាច​ចូលរួម​គ្រប់​ប្រតិបត្តិ​ការដែល យន្តហោះ MQ-9 Reaper អាចធ្វើ​បាន​។ ហើយ​វា​មាន​សមត្ថភាព​ខ្ពស់ជាង​យន្តហោះ​ដ្រូ​ន​អាមេរិក នៅពេលដែល​យើង​និយាយ​ដល់​រយៈពេល​នៃ​ការហោះ​ហើយ និង ប្រសិទ្ធភាព​ប្រតិបត្តិការ​»​។​



​លោក Shi Wen បាន​បន្តថា យន្តហោះ​ដ្រូ​ន​ថ្មី​នេះ​នឹងមាន​សមត្ថភាព​អាច​ចូលរួម​ក្នុង​រាល់​ប្រតិបត្តិ​ការប្រឆាំង​ភេរវកម្ម​ទូទាំង​តំបន់​មជ្ឈិមបូព៌ា​ផងដែរ​។ ក្រៅពីនេះ​ចិន​នឹង​ក្លាយជា​ប្រទេស​ដែល​ផ្គត់ផ្គង់​យន្តហោះ​ដ្រូ​ន​ដែលមាន​តម្លៃ​ទាប និង​មាន​បច្ចេកវិទ្យា​ទំនើប​ទៅ​ឲ្យ​ប្រទេស​កំពុង​អភិវឌ្ឍ​ផងដែរ​។​

​តាមពិតទៅ យន្តហោះ​ដ្រូ​ន​ចិន CH-5 មាន​ស្លាប​ប្រវែង​២១​ម៉ែត្រ ដែល​វា​វែង​ជាង​ស្លាប​យន្តហោះ​ដ្រូ​ន​ប្រភេទ​ផ្សេងទៀត​ដែល​ចិន​ផលិត​កន្លងមក​។ លក្ខណៈពិសេស​របស់​យ​ន្ត​ហោះ​ដ្រូ​ន​ថ្មី​នេះ គឺ​វា​អាច​ហោះហើរ​បាន​ក្នុង​រយៈពេល ៦​ម៉ោង ហើយ​វា​អាច​ហោះ​ក្នុង​ឆ្ងាយ​រហូតដល់ ៦៥០០​គីឡូម៉ែត្រ​។ ក្រៅពីនេះ វា​ក៏​អាច​ដឹកជញ្ជូន​សម្ភារៈ​បាន​ទម្ងន់ ១០០០​គីឡូគ្រាម និង​បំពាក់​មី​ស៊ី​ល​បាន​ចំនួន ២៤​ដើម​ឯណោះ​។ 

​ទាក់ទង​រយៈពេល​ហោះហើរ និង​ចម្ងាយ​ដែល​យន្តហោះ CH-5 នេះ​ហោះហើរ​បាន​នោះ លោក Shi Wen បាន​បញ្ជាក់ថា ក្រុមការងារ​លោក​នឹង​ចាប់ផ្តើម​កែសម្រួល​យន្តហោះ​នេះ​ដោយ​បង្កើន​កម្រិត​រយៈពេល​ហោះហើរ​ឲ្យ​ដល់ ១២០​ម៉ោង និង​បង្កើន​រយៈ​ចម្ងាយ​រហូតដល់ ១ ០០០០ គីឡូម៉ែត្រ​ផងដែរ​។ 

 បើ​ប្រៀបធៀប​គ្នា​ជាមួយ​យន្តហោះ​ដ្រូ​ន​របស់​ចិន​ខាងលើ យន្តហោះ​ដ្រូ​ន អាមេរិក MQ-9 Reaper ចេញ​បង្ហាញខ្លួន​ជា​ផ្លូវការ​តាំងពី​ឆ្នាំ ២០០៧ មកម្ល៉េះ​។ វា​មាន​ស្លាប​ប្រវែង ២០​ម៉ែត្រ តែ​វា​ហោះ​បាន​ត្រឹម​រយៈពេល ២៧​ម៉ោង​ប៉ុណ្ណោះ​។  ប៉ុន្តែ​បច្ចុប្បន្ន​អាមេរិក​កំពុង​បន្ត​ស្រាវជ្រាវ​និង​សាកល្បង​យន្តហោះ​ដ្រូ​ន​ដែលមាន​សមត្ថភាព​ខ្ពស់ជាង​និង​អាច​ហោះ​ហើយ​បាន​រយៈពេល​យូរ​ជាង​នេះ​ផងដែរ​៕


Tag:
 CH-5
  យន្តហោះ​ដ្រូ​ន
© រក្សាសិទ្ធិដោយ thmeythmey.com