ជាតិ
ក្រសួងសាធារណការ ចាប់ផ្ដើមធ្វើយុទ្ធនាការសុវត្ថិភាពចរាចរណ៍ មុនបុណ្យអុំទូក
×
ភ្នំពេញ៖
ក្រសួងសាធារណការ និងដឹកជញ្ជូន ចាប់ផ្តើមធ្វើយុទ្ធនាការសុវត្ថិភាពចរាចរណ៍ មុនពិធីបុណ្យអុំទូក ចាប់ពីថ្ងៃទី ៧-១២ និង១៦ ខែវិច្ឆិកានេះ។ យុទ្ធនាការនេះ រៀបចំឡើង ដើម្បីក្រើនរំលឹក ដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ ឲ្យបង្កើនការយកចិត្តទុកដាក់ ពីសុវត្ថិភាពចរាចរណ៍ក្នុងការធ្វើដំណើរទៅមក។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីពេលថ្មីៗនេះ។
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន ក្រសួងសុខាភិបាល សាលារាជធានីភ្នំពេញ អគ្គស្នងការនគរបាលជាតិ កាកបាទក្រហម និងសហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំយុទ្ធនាការ សុវត្ថិភាពចរាចរណ៍ នៅមុនពិធីបុណ្យអុំទូក ចាប់ពីថ្ងៃទី ៧-១២ និង១៦ ខែវិច្ឆិកា នៅតាមបណ្ដាផ្លូវជាតិ ដែលភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្តនានា រួមមានផ្លូវជាតិលេខ៣ លេខ៤ លេខ៥ និងផ្លូវជាតិលេខ៦។
បើតាមក្រសួងសាធារណការ យុទ្ធនាការនេះ រៀបចំឡើង ក្នុងគោលបំណងក្រើនរំលឹក ដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ ឲ្យបង្កើនការយកចិត្តទុកដាក់ ពីសុវត្ថិភាពចរាចរណ៍ក្នុងការធ្វើដំណើរទៅមក។ ជាពិសេស ចូលរួមគោរពច្បាប់ចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងបុណ្យអុំទូក។
ជាមួយគ្នានេះ យុទ្ធនាការខាងលើ ក៏មានចែកនូវខិតប័ណ្ណ ការបិទស្ទីកឃ័រចំណាំងផ្លាតសុវត្ថិភាពលើយានយន្ត ដែលមានភ្លើងបំភ្លឺមិនគ្រប់គ្រាន់សម្រាប់យានយន្ត។ លើសពីនេះ ក៏មានកម្មវិធីសួរសំណួរ យកមួកសុវត្ថិភាពផងដែរ ដែលឧបត្ថម្ភដោយអង្គការជនពិការអន្តរជាតិ និងរង្វាន់អាវយឺត ដែលឧបត្ថម្ភដោយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងក្រសូងសាធារណការ និងដឹកជញ្ជូន។
ចំណែករង្វាន់សំបុត្រជិះរថយន្តដឹកអ្នកដំណើរទៅមកគ្រប់រាជធានី-ខេត្ត មានការឧបត្ថម្ភដោយក្រុមហ៊ុនដឹកអ្នកដំណើរថោងស៊ីង ចំនួន ៩៩៩សន្លឹក មានសុពលភាពចាប់ពីថ្ងៃទី ៨ រហូតដល់ ២០ ខែវិច្ឆិកា ឆ្នាំ២០១៦។ ក្រៅពីនេះក្រុមហ៊ុន Giant ក៏បានចូលរួមផ្ដល់ ការទំនុកបំរុងផ្សេងទៀតផងដែរ៕
Tag:
ជាតិ
ចរាចរណ៍
បុណ្យអុំទូក
© រក្សាសិទ្ធិដោយ thmeythmey.com