ជាតិ
វីដេអូ​និយាយ​ពី​អារម្មណ៍​ជន​រង​ការបំពាន​ផ្លូវភេទ​ក្នុង​របប​ខ្មែរក្រហម នឹង​ចាក់ផ្សាយ​ជា​សាធារណៈ​
09, Nov 2016 , 6:59 pm        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ ផលិតកម្ម​ខ្មែរ​មេគង្គ នឹង​ចាក់ផ្សាយ​វីដេអូ​និយាយ​ពី​អារម្មណ៍​របស់​ជនរងគ្រោះ ដែល​រង​ការចាប់​បង្ខំ​ឲ្យ​រៀបការ ការ​លោភ​បំពាន​ផ្លូវភេទ និង​ការរើសអើង​ភេទ  ក្នុង​របប​ខ្មែរក្រហម តាម​ទូរទស្សន៍ ចាប់ពី​ខែធ្នូ ឆ្នាំ​២០១៦​នេះ​។

 
​វីដេអូ​ដែលមាន​រយៈពេល​ជិត​៣០​នាទី និយាយ​ពី​អារម្មណ៍​ជនរងគ្រោះ ដែល​រង​ការរំលោភបំពាន​ផ្លូវភេទ និង​យេនឌ័រ ការរៀប​ការ​ដោយ​បង្ខំ ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ នឹងត្រូវ​ចាក់ផ្សាយ​តាម​ទូរទស្សន៍ ដល់​សាធារណជន​ទាំង​ក្នុង និង​ក្រៅប្រទេស​លើ​ទូរទស្សន៍​ឯកជន CTN និង MYTV និង​បណ្តា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម  នៅ​ខែធ្នូ ឆ្នាំ​២០១៦​នេះ​។ វីដេអូ​នេះ ផលិត​ដោយ ផលិតកម្ម​ខ្មែរ​មេគង្គ​ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​ស្ថានទូត​អង់គ្លេស ប្រចាំ​កម្ពុជា​។  
 
KMF បាន​សម្ភាសន៍​ជនរងគ្រោះ អ្នកច្បាប់ និង​អ្នកស្រាវជ្រាវ​ជាង ២០ រូប ក្នុង​វីដេអូ​ជិត ៣០​នាទី​ពាក់ព័ន្ធ​នឹង​សំណុំរឿង ០០២ វគ្គ​១ ពី​ឆ្នាំ ២០១១ ដល់​សំណុំរឿង ០០២ វគ្គ​២ ក្នុង​ឆ្នាំ​២០១៦​នេះ​។ 
 
​លោក Olivier Van Bockstael ផលិតករ​ភាពយន្ត​ប្រចាំ KMF បាន​ឲ្យ​ដឹង​ពី​បំណង​នៃ​ការផលិត​កម្មវិធី​នេះ ថា​ចង់បង្ហាញ​អំពើ​ឧក្រិដ្ឋ​លើ​មនុស្សជាតិ​នៅ​កម្ពុជា​។ សម្រាប់​ផលិតករ​រូបនេះ វីដេអូ​នេះ ជាការ​រួមចំណែក​ជួយ​ឲ្យ​ជនរងគ្រោះ មានឱកាស​បង្ហាញ​ការពិត​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ដល់​ពលរដ្ឋ​ខ្មែរ​ទូទៅ និង​អ្នកសិក្សា​ស្រាវជ្រាវ​ទាំង​ជាតិ និង​អន្តរជាតិ​។ លោក Olivier បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​នេះ​ជា​បង្ហាញ​ប្រវត្តិសាស្ត្រ​នៃ​អំពើហិង្សា​ក្នុង​របប​ខ្មែរក្រហម និង​ឥទ្ធិពល​ប៉ះពាល់​ដល់​ស្ត្រី​ក្នុងសង្គម​ខ្មែរ​បច្ចុប្បន្ន​។ យើង​ផ្តល់ឱកាស​ឲ្យ​ជនរងគ្រោះ​បង្ហាញ​ការឈឺចាប់​របស់ខ្លួន​»​។​
 
​ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​កម្ពុជា លោក Bill Longhurst បាន​ថ្លែង​ចំពោះមុខ​អ្នកចូលរួម​ប្រមាណ​៥០​នាក់ មកពី​អង្គការក្រៅរដ្ឋាភិបាល អ្នកច្បាប់ និង​តំណាង​សាលាក្តី​ខ្មែរក្រហម​ថា លោក​ជឿជាក់ថា វីដេអូ​នឹង​ផ្តល់​ការពិត​ថែមទៀត​ដល់​ប្រជាជន​កម្ពុជា​។ លោក Bill បញ្ជាក់​ដូច្នេះ​ថា​៖«​វា​មាន​សារៈសំខាន់​ណាស់ ដែល​ពលរដ្ឋ​ត្រូវ​យល់​ពី​ការពិត​ក្នុង​ប្រវត្តិសាស្ត្រ នឹង​នាំ​ឲ្យ​ការអភិវឌ្ឍ​មាន​និរន្ត​ភាព​»​។​
 
​ដោយឡែក មន្ត្រី​ផ្នែក​ច្បាប់​នៅ​សាលាក្តី​ខ្មែរក្រហម (ECCC) លោក Lars Olsen  យល់ថា វីដេអូ​នេះ នឹង​ផ្តល់​សារ​ដល់​ពលរដ្ឋ​ឲ្យ​ចូលរួម​បង្ហាញ​ការពិត​នូវ​ទង្វើ​ពួកគេ​បាន​ឆ្លងកាត់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​។ លោក​និយាយថា​៖«​ការអនុវត្ត​ច្បាប់ គឺ​ផ្អែក​តាម​ភស្តុតាង និង​សាក្សី​ពលរដ្ឋ​ដែល​បាន​ឆ្លងកាត់​អំពើ​ទាំងនេះ​»​។​
 
​គួរ​ជម្រាប​ថា លោក នួន ជា អតីត​ប្រធាន​សភាជាតិ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ និង​ជា​លេខា​រង​បក្ស​កុំមុយនីស្ត​កម្ពុជា និង​លោក ខៀវ សំផន អតីត​ប្រធាន​រដ្ឋ​កម្ពុជា​ប្រជាធិបតេយ្យ ជា​ជនជាប់ចោទ​ក្នុង​សំណុំរឿង ០០២ វគ្គ​១ និង​០០២ វគ្គ​២ ។ តុលាការ​ខ្មែរក្រហម បាន​ផ្តន្ទាទោស​អ្នក​ទាំងពីរ​ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត ពី​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ក្នុង​សំណុំរឿង​០០២ វគ្គ​១ កាល​ខែសីហា ឆ្នាំ​២០១៤ កន្លងទៅ​។ រីឯ សំណុំរឿង​០០២ វគ្គ​២ តុលាការ​បាន និង​កំពុង​បន្ត ចាប់ពី​ខែសីហា ឆ្នាំ​២០១៦ រហូតមក​៕
 

Tag:
 ខ្មែរក្រហម​
  Bill Longhurst
  អង់គ្លេស​
  KMF
© រក្សាសិទ្ធិដោយ thmeythmey.com