អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ហ៊ី​ឡា​រី​៖«​វា​ជា​រឿង​ឈឺចាប់ តែ​យើង​ត្រូវ​បើក​ចិត្ត​និង​ផ្តល់ឱកាស​ឲ្យ ដូ​ណា​ល់ ត្រាំ ដឹកនាំ​ប្រទេស​»
10, Nov 2016 , 10:19 am        
រូបភាព
​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន បានប្រកាស​ទទួលស្គាល់​ការបរាជ័យ​ក្នុងការ​ប្រជែង​យក​តំណែង​ប្រធានាធិបតី​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី ៩​វិច្ឆិកា​នៅ​ទីក្រុង ញូវយ៉ក​។ លោកស្រី បញ្ជាក់ថា វា​ជាការ​ឈឺចាប់​មួយរយៈ​ពេល​វែង​មួយ ប៉ុន្តែ​លោកស្រី​ជឿជាក់​លើ​សហរដ្ឋអាមេរិក និង​អំពាវនាវ​ឲ្យ​ប្រជាជន​ដែលជា​អ្នកគាំទ្រ​ជឿជាក់​លើ​លោក ដូ​ណា​ល់ ត្រាំ ដែល​នឹង​ដឹកនាំ​អាមេរិក​បួន​ឆ្នាំ​ទៅមុខ​។​

«​វា​មិនមែនជា​លទ្ធផល​ដែល​យើងទាំងអស់គ្នា​ចង់បាន​និង​ប្រឹងប្រែង​ធ្វើ​គ្រប់យ៉ាង​ដើម្បី​ទទួលបាន​វា​ទេ​។​ខ្ញុំ​ដឹងថា​អ្នក​ទាំងអស់គ្នា​ខកចិត្ត​ខ្លាំង​ប៉ុណ្ណា ព្រោះ​ខ្ញុំ​មាន​អារម្មណ៍​ដូចគ្នា​។ វា ជាការ​ឈឺចាប់​មួយ​ដ៏​ធំធេង ហើយ​វា​នឹង​នៅតែ​ដក់​ជាប់​ក្នុង​ចិត្ត​យើង​ទៅមុខទៀត »​។ លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ថ្លែង​បែបនេះ​ដោយ​ប្រឹង​ញញឹម​និង​មានទឹក​ភែ្ន​ក​រលីងរលោង​ផង  នៅ​ចំពោះមុខ​អ្នកគាំទ្រ​លោកស្រី នៅ​ទីក្រុង​ញូវយ៉ក នា​ព្រឹក​ថ្ងៃ​ពុធ​។​
 
​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ថ្លែង​សុន្ទរកថា​នេះ ក្រោយ​ពេលដែល​លទ្ធផល​បោះឆ្នោត​បង្ហាញថា លោក ដូ​ណា​ល់ ត្រាំ ជាប់ឆ្នោត​និង​ក្លាយជា​ប្រធានាធិបតី​ទី ៤៥ របស់​អាមេរិក​។ ហើយ​លោកស្រី​បាន​ឆ្លៀតឱកាស​នេះ​ប្រកាស​ពី​បរាជ័យ​របស់ខ្លួន​ជា​សាធារណៈ​និង​ដាស់តឿន​ឲ្យ​អ្នកគាំទ្រ​លោកស្រី​ព្រម​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ផង​។ 
 
​ជារួម​ក្នុង​សុន្ទរកថា​រយៈពេល​ខ្លី​របស់​លោកស្រី ពាក់ព័ន្ធ​លទ្ធផល​បោះឆ្នោត លោកស្រី មិនបាន​លើកឡើង​ច្រើន​ពី​លោក ដូ​ណា​ល់ ត្រាំ ឡើយ​។ លោកស្រី​ត្រឹម​ចង់​បញ្ជាក់ថា សមរភូមិ​នយោបាយ​ដែល​ប្រយុទ្ធ​គ្នា​អស់​រយៈពេល​ច្រើន​ខែ​មកនេះ​ចប់​ជា​ស្ថាពរ​ហើយ​។​
 
​លោកស្រី​បេក្ខជន​ប្រធានាធិបតី​រូបនេះ​បាន​បន្តថា លទ្ធផល​បោះឆ្នោត​បានបង្ហាញ​ថា សង្គម​អាមេរិក​ជា​សង្គម​ដែល​បែកបាក់​គ្នា​ខ្លាំង ជាង​អ្វីដែល​លោកស្រី​ធ្លាប់​គិត​។ ប៉ុន្តែ​លោកស្រី បាន​សុំ​ចិត្ត​អ្នកគាំទ្រ​ខ្លួន​ឲ្យ​បើក​ចិត្ត​ឲ្យ​ទូលាយ និង​ផ្តល់ឱកាស​ឲ្យ​លោក ដូ​ណា​ល់ ត្រាំ ដឹកនាំ​ប្រទេស​ម្តង និង​រំលឹកថា សង្គម​អាមេរិក និង​រដ្ឋធម្មនុញ្ញ​អាមេរិក កំណត់​ជាស្រេច​ថា ការផ្ទេរអំណាច​ត្រូវធ្វើឡើង​ដោយ​សន្តិវិធី​។​
 
«​យើង​ត្រូវតែ​ទទួលលទ្ធផល​នេះ​។ លោក ដូ​ណា​ល់ ត្រាំ នឹង​ក្លាយជា​ប្រធានាធិបតី​របស់​យើងទាំងអស់គ្នា​។ យើង​ត្រូវ​បើក​ចិត្ត​ឲ្យ​ទូលាយ និង​ផ្តល់ឱកាស​ឲ្យ​លោក​ដឹកនាំ​ប្រទេស​។ រដ្ឋធម្មនុញ្ញ​ប្រជាធិបតេយ្យ​របស់​យើង​ចែង​ពី​ការផ្ទេរអំណាច​ដោយ​សន្តិ​វិធី​។ យើង​មិន​ត្រឹមតែ​គោរព​គោលការណ៍​នេះ​ទេ តែ​យើង​ផ្តល់​តម្លៃ​ឲ្យ​វា​ថែមទៀត​»​។​
 
​ក្រោយ​ដឹងថា លោក ដូ​ណា​ល់ ត្រាំ ឈ្នះឆ្នោត លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ក៏បាន​ទូរ​សព្ទ​ទៅ​លោក​ដើម្បី​សាទរ​ជ័យជម្នះ​នេះដែរ ហើយ​លោកស្រី​ក៏​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ធ្វើ​ការងារ​ជាមួយ​លោក ដូ​ណា​ល់ ត្រាំ ដើម្បី​ការរីកចម្រើន​របស់​ស​ហ​រដ្ឋ​អាមេរិក​ដែរ​។ លោកស្រី​ក៏​កម្លា​ចិត្ត​ប្រជាជន​ដែលជា​អ្នកគាំទ្រ​លោកស្រី ឲ្យ​បន្ត​ជឿជាក់​លើ​អ្វីដែល​ខ្លួន​ប្រឹងប្រែង​ធ្វើ និង​ជឿជាក់​លើ​អ្វីដែល​ត្រឹមត្រូវ​។​
 
​សូមបញ្ជាក់ថា លោក ដូ​ណា​ល់ ត្រាំ នឹង​ក្លាយជា​ប្រធានាធិបតី​ទី ៤៥ របស់​អាមេរិក ហើយ​លោក​នឹង​ស្បថ​ចូលកាន់​តំណែង​នៅ​ថ្ងៃ ២០ ខែមករា​ឆ្នាំ ២០១៧​។ គេ​កំពុង​រង់ចាំ​មើល​ការអនុវត្ត​គោលនយោបាយ​នានា​របស់លោក ដូ​ណា​ល់ ត្រាំ ក្រោយ​ពេលដែល​លោក​ចូលកាន់​តំណែង ខណៈដែល​ប្រជាជន​មួយចំនួន​ទូទាំង​ពិភពលោក​បារម្ភ​ថា បញ្ហា​អាច​នឹង​កើតមានឡើង​ច្រើន​៕ 
 

Tag:
 ហ៊ី​ឡា​រី
  បោះឆ្នោតអាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com