ពីនេះ ពីនោះ
យុវជន​៖ កំហុស​ប្រចាំថ្ងៃ ដែល​ទាញ​យុវជន​ឲ្យ​បាត់បង់​តម្លៃ និង​មិន​រីកចម្រើន​
27, Sep 2019 , 2:29 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សង្គម​បច្ចុប្បន្ន មាន​យុវជន​មួយចំនួន ចេះ​ប្រើប្រាស់​ជីវិត​របស់​ពួកគេ​ឲ្យ​មាន​ប្រយោជន៍ មានតម្លៃ​សម្រាប់​សង្គមជាតិ​។ ប៉ុន្តែ​ក៏មាន​យុវជន​មួយចំនួន បែរជា​មិន​ព្រម​គិតគូរ​រៀបចំខ្លួន​ទៅវិញ​។ ខាងក្រោម​នេះ​គឺជា​កំហុស​ដែល​យុវជន​តែងតែ​ប្រព្រឹត្តិ​ប្រចាំថ្ងៃ ហើយ​កំហុស​ទាំងនោះ បាន​ទាញ​ពួកគេ​ឲ្យ​កាន់តែ​ឃ្លាតឆ្ងាយ​ពី​ពាក្យ​ថា តម្លៃ​យុវជន និង​មិនមាន​ការរីកចម្រើន​៖



១/. ជា​មនុស្ស​ឆាប់​ប្រតិកម្ម និង​ឆ្លើយតប​ភ្លាមៗ​លើ​រឿងរ៉ាវ​អ្វីមួយ​៖ យុវជន​មួយចំនួន​បច្ចុប្បន្ន​ចូលចិត្ត​ធ្វើ​អ្វីមួយ សម្រេចចិត្ត​លើ​អ្វីមួយ និង​ដោះស្រាយ​អ្វីមួយ​លឿន ហើយ​ធ្វើ ទៅតាម​អារម្មណ៍​ខ្លួនឯង​។ ប្រតិកម្ម​រហ័ស​ទាំងនេះ វា​គឺជា​ទម្លាប់​អវិជ្ជមាន​មួយ​របស់​យុវវ័យ​សម័យថ្មី​នេះ ដែល​តែងតែ​បង្ក​ឲ្យ​មាន​បញ្ហា​ពី​តូច​ទៅជា​ធំ​។ 

២/. មិន​ទម្លាប់​ប្រើប្រាស់​ការពិចារណា មុន​និង​ធ្វើ​កិច្ចការ​អ្វីមួយ​៖ កត្តា​នេះ មាន​យុវវ័យ​មួយចំនួន​មិនមាន​ផែនការ​ជីវិត​ត្រឹមត្រូវ មិន​ព្រម​កំណត់​គោលដៅ​ជីវិត ផែនការ​សកម្មភាព​ប្រចាំថ្ងៃ​ឲ្យ​បាន​ច្បាស់ ហើយក៏​មិនដែល​ខ្វល់ខ្វាយ​ថា​តើ​នៅ​ថ្ងៃស្អែក ខ្លួន​ត្រូវធ្វើ​អ្វី​ដើម្បី​ឲ្យ​ជីវិត​របស់ខ្លួន​រីកចម្រើន ទទួលបាន​អ្វីដែល​ថ្មី ជា​ចំណេះដឹង ការបង្កើត​ថ្មី​អ្វីមួយ​ឡើយ​។ ពួកគេ​មិនសូវមាន​ទម្លាប់​ប្រើប្រាស់​ការគិត​ទុកជាមុន​ឡើយ ប៉ុន្តែ​ចូលចិត្ត​ធ្វើ​អ្វីមួយ​ដោយ​ខ្វះ​ការពិចារណា​ជា​មូលដ្ឋាន ហើយ​ធ្វើ​អ្វីមួយ​ភ្លាមៗ បន្ទាប់មក​បង្ក​ឲ្យ​មាន​ជា​កំហុស​។​

៣/. មើលរំលង​កិច្ចការ​សំខាន់ តែ​សប្បាយ​ក្នុងការ​ធ្វើ​រឿង​ដែល​មិនសូវមាន​ប្រយោជន៍​៖ រឿង​សំខាន់​ក្នុង​ជីវិត​ផ្ទាល់ខ្លួន គ្រួសារ និង​សង្គម ជា​តម្លៃ​ដែល​សង្គម​គេ​ចង់បាន មាន​យុវវ័យ​មួយចំនួនធំ​គេ​បាន​យល់ ហើយ​បាន​ធ្វើជា​ប្រយោជន៍​។ ប៉ុន្តែ​នៅមាន​យុវវ័យ​មួយចំនួន មិន​ព្រម​គិត​ខ្វល់ ថែមទាំង​មើលរំលង ហើយ​រវល់​ប្រើ​ជីវិត​របស់​ពួកគេ​សប្បាយ​ជាមួយ​រៀង​ដែល​គ្មាន​ប្រយោជន៍​។

៤/. គិតថា​ខ្លួនឯង​ជា​មនុស្ស​អស្ចារ្យ​ជាងគេ​ជានិច្ច​៖ ចំណែក​យុវវ័យ​មួយចំនួន មានចំណេះដឹង​បន្តិចបន្តួច លើកតម្កើង​ខ្លួនឯង​ខ្ពស់​ស្មើ​មេឃ ហើយ​ចាត់ទុក​អ្នក​នៅ​ជុំវិញខ្លួន​អន់​ជាង​ខ្លួន មិន​ស្មើ​ខ្លួន​ជានិច្ច​។

៥/. ចង់​ឲ្យ​អ្នកដទៃ​ស្ដាប់​ខ្លួន តែ​មិន​ព្រមស្ដាប់​អ្នកដទៃ​៖ ដោយឡែក​មាន​យុវវ័យ​ចំនួន​ផ្សេងទៀត តែងតែ​គិតថា គំនិត ទស្សនៈ ការយល់ឃើញ របស់ខ្លួន​ត្រឹមត្រូវ ហើយ​គិតថា​អ្វីដែល​ខ្លួន​និយាយ​ចេញទៅ​គឺ​សុទ្ធតែជា​រឿង​ត្រឹមត្រូវ​។ ប៉ុន្តែ​មិន​ព្រមស្ដាប់​អ្នកដទៃ ដែលមាន​គំនិត យោបល់​ផ្ទុយ​ពី​ខ្លួន​ឡើយ ព្រោះ​យល់ថា​មិន​ដូច​អ្វីដែល​ខ្លួន​គិត នោះ​គឺ​មិន​ត្រឹមត្រូវ​។

៦/. ខ្វះ​នូវ​ស្មារតី​សហការ ចូលចិត្ត​ធ្វើ​អ្វី​ដោយ​អត្តនោម័តិ​តែ​ខ្លួនឯង​៖ ទម្លាប់​ធ្វើ​កិច្ចការ​ម្នាក់ឯង គ្មាន​ការសហការ​គ្នា គឺ​មិន​ងាយ​ទទួលបាន​ជោគជ័យ​នោះឡើយ​។ ប៉ុន្តែ​យុវវ័យ​មួយចំនួន​បច្ចុប្បន្ន មិន​ចូលចិត្ត​ឡើយ​ការធ្វើ​កិច្ចការ​ជា​ក្រុម​។

៧/. បង្កើត​ទម្លាប់​ធ្វើ​ឲ្យ​ខ្លួនឯង​ទន់ជ្រាយ​៖ បច្ចុប្បន្ន អាចមាន​យុវវ័យ​ច្រើន​ចូលចិត្ត​បង្ហាញ​ពី​ចំណុចខ្សោយ​ខ្លួនឯង​តាម​បណ្ដាញ​សង្គម​ស្ទើរ​រាល់ថ្ងៃ ហើយ​ចាប់ផ្ដើម​ផ្ដេកផ្ដួល​ទៅ​អារម្មណ៍​ដែល​មើលទៅ​ឃើញថា ជា​យុវជន​ទន់ជ្រាយ​។ ចំណែក​យុវជន​មួយចំនួន​ផ្សេងទៀត​មិន​គិតគូរ​រៀបចំខ្លួន ប្រឹងប្រែង​អភិវឌ្ឍន៍​ខ្លួន ទាំង​ចំណេះដឹង ទាំង​បទពិសោធន៍​ជីវិត បទពិសោធន៍​ការងារ​ទេ ប៉ុន្តែ​ចូលចិត្ត​បណ្ដោយ​ឲ្យ​ខ្លួនឯង​ក្លាយជា​មនុស្ស​ឥត​បានកា​រ​ទៅវិញ​។

​កំហុស​ទាំងឡាយ​ខាងលើនេះ គឺជា​ទម្លាប់​អាក្រក់​របស់​យុវជន​ខ្មែរ​មួយចំនួន ដែល​តែងតែ​ប្រព្រឹត្តិ​ប្រចាំថ្ងៃ​។ កត្តា​ទាំងនេះហើយ​ដែល​នាំ​ឲ្យ​មានការ​វិនិច្ឆ័យ​ក្នុង​ផ្លូវ​អវិជ្ជមាន ទៅលើ​តម្លៃ​យុវជន​កម្ពុជា​។ ផ្ដើម​ពី​កំហុស​ទាំងនេះហើយ ដែល​នាំ​ឲ្យ​សង្គម អ្នកដឹកនាំ​សង្គម គេ​ពិបាក​ក្នុង​ការផ្ដល់​សេចក្ដីទុកចិត្ត​ទៅលើ​យុវជន​ទាំងស្រុង​ថា ជា​អ្នក​បន្តវេន​លើកស្ទួយ​ជាតិ​។ តែ​ទោះជា​យ៉ាងណា​មាន​យុវជន​ល្អជា​ច្រើន ដែល​ពួកគេ​បាន​យល់ដឹង អាច​សង្ឃឹម និង​ទុកចិត្តបាន​ថា​អាច​បន្ត​លើកស្ទួយ​ជាតិ អភិវឌ្ឍន​សង្គម​៕


© រក្សាសិទ្ធិដោយ thmeythmey.com