ជាតិ
លោកស្រី​ថាក់ ឡា​នី ជាប់ទោស​១​ឆ្នាំកន្លះ ពីបទ​បរិហារកេរ្តិ៍​សម្តេច ហ៊ុន សែន​
17, Nov 2016 , 3:33 pm        
រូបភាព
​ភ្នំពេញ​៖ លោកស្រី ថាក់ ឡា​នី សមាជិកា​ព្រឹទ្ធសភា ពី​គណបក្ស សម រង្ស៊ី ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​ចំនួន​១​ឆ្នាំកន្លះ ពីបទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​»​។ បណ្តឹង​នេះ ត្រូវបាន​ប្តឹង​ដោយ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។



​ក្រៅពី​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ ចៅក្រម​ជំនុំជម្រះ ក៏បាន​តម្រូវ​ឲ្យ​លោកស្រី ថាក់ ឡា​នី បង់ប្រាក់​ចំនួន​៨​លាន​រៀល ចូល​រដ្ឋ និង​បង់​ត្រឹម​១០០​រៀល ដល់​សម្តេច ហ៊ុន សែន ផងដែរ ដើម្បី​ជាការ​សង​ជំ​ងី​ចិត្ត​។ នេះ​បើតាម​ការអះអាង​របស់​លោក សំ សុ​គង់ មេធាវី​ការពារ​ក្តី​ឲ្យ​លោកស្រី ថាក់ ឡា​នី​។
លោក សំ សុគង់ បានចាត់ទុកសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ថាអយុត្តិធម៌សម្រាប់លោកស្រី ថាក់ឡានី។  ក្រុមមេធាវី នឹងពិភាក្សាគ្នាក្នុងការដាក់បណ្តឹងទៅកាន់សាលាឧទ្ធរណ៍ ដើម្បីប្រឆាំងនឹងការសម្រេចខាងលើ។

​កន្លងមក លោក គី តិច ដែលជា​មេធាវី​របស់​សម្តេច ហ៊ុន សែន ធ្លាប់​អះអាងថា សម្តេច ហ៊ុន សែន មិន​ចង់បាន​ប្រាក់​នោះទេ តែ​សម្តេច ចង់​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​របស់ខ្លួន​។

​សំណុំរឿង​របស់លោក​ស្រី​ថាក់ ឡា​នី សមាជិកា​ព្រឹទ្ធសភា ពី​គណបក្ស​សម រង្ស៊ី ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ បើកសវនាការ ជំនុំជម្រះ តាំងពី​ចុងខែ​តុលា ឆ្នាំ​២០១៦​មក​ម្លោះ​។ ប៉ុន្តែ ចៅក្រម​ជំនុំជម្រះ បាន​ពន្យារពេល​ប្រកាស​សាលក្រម ដោយ​រង់ចាំ​ប្រកាស​នៅ​រសៀល​ថ្ងៃ​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះឯង​។​

​សម្តេច ហ៊ុន សែន បាន​ពឹងពាក់​លោក​មេធាវី គី តិច ដើម្បី​ប្តឹង​លោកស្រី ថាក់ ឡា​នី​។ ការរង​បណ្តឹង​បែបនេះ គឺ​ដោយសារតែ លោកស្រី ថាក់ ឡា​នី បាន​ចោទ​សម្តេច ហ៊ុន សែន ថា​នៅ​ក្រោយខ្នង​នៃ​អំពើ​ឃាតកម្ម​លើ​លោក កែម ឡី​។

​ក្រៅ​ប្តឹង​លោកស្រី ថាក់ ឡា​នី លោក​គី តិច ក៏បាន​ប្តឹង​ឯកឧត្តម សម រង្ស៊ី ផងដែរ​។ សំណុំរឿង​របស់​ឯកឧត្តម សម រង្ស៊ី ដែល​បង្ហោះ​សារ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ដោយ​ចោទ​រដ្ឋាភិបាល​ថា នៅ​ពី​ក្រោយខ្នង​នៃ​អំពើ​ឃាតកម្ម​លើ​លោក កែម ឡី ក៏​ត្រូវបាន​បញ្ជូនទៅ​ជំនុំជម្រះ​រួចហើយ​។ ប៉ុន្តែ ចៅក្រម​ជំនុំជម្រះ មិនទាន់​បានកំណត់​កាលបរិច្ឆេទ​នៃ​ការបើក​សវនាការ លើ​សំណុំរឿង​របស់​ឯកឧត្តម សម រង្ស៊ី នោះទេ​។

​យ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ ឯកឧត្តម សម រង្ស៊ី និង​លោកស្រី ថាក់ ឡា​នី សុទ្ធតែ​និរទេស​ខ្លួន​ទៅ​រស់​នៅឯ​ក្រៅប្រទេស បន្ទាប់ពី​ពួកគាត់ មានរឿង​ក្តី​នៅ​តុលាការ​៕


Tag:
 ថាក់ ឡា​នី​
© រក្សាសិទ្ធិដោយ thmeythmey.com