ជាតិ
លោក ប្រាក់ សុខុន ទៅ​ទស្សនកិច្ច​នៅ​បារាំង ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​
23, Nov 2016 , 8:30 am        
រូបភាព
ដោយ: ថ្មីៗ
 
​លោក ប្រាក់ សុខុន នឹង​ទៅ​ទស្សនកិច្ច​នៅ​បារាំង​មួយថ្ងៃ គឺ​នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា​ខាងមុខ​។ ទស្សនកិច្ច​នេះ គឺ​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​។

 
​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នឹង​ដឹកនាំ​គណៈប្រតិភូ ទៅ​បំពេញ​ទស្សនកិច្ច​ការងារ នៅ​ប្រទេស​បារាំង នា​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៦​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងការបរទេស ចេញផ្សាយ​នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៦ ។ 
 
​សេចក្តីជូនដំណឹង​ដដែល បញ្ជាក់ថា​លោក ប្រាក់ សុខុន នឹង​ជួបពិភាក្សា​ការងារ​ផ្លូវការ​ជាមួយ លោក ហង្ស់ ម៉ាក អេ​រ៉ូ​(Jean-Marc AYRAULT) រដ្ឋមន្ត្រីការបរទេស និង​អភិវឌ្ឍន៍​អន្តរជាតិ​នៃ​សាធារណរដ្ឋ​បារាំង ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ពិសេស​នៅក្នុង​វិស័យ​នយោបាយ សេដ្ឋកិច្ច វប្បធម៌ និង​ពិភាក្សា​លើ​ប្រធានបទ​ដែលជា​ប្រយោជន៍​រួម​នៃ​ប្រទេស​ទាំងពីរ​។​
 
​លោក ប្រាក់ សុខុន ក៏​នឹង​ជួប​ជាមួយ​ប្រធាន​ក្រុម​មិត្តភាព​រដ្ឋសភា និង​ព្រឹទ្ធសភា​បារាំង​-​កម្ពុជា ប្រធាន​មូលនិធិ​ឆាល​ដឺ​ហ្គោល និង​ទស្សនា​សាលា​បារាំង​ចុង​បូព៌ា​ផងដែរ​៕
 

Tag:
 ប្រាក់ សុខុន​
 ​ កម្ពុជា​-​បារាំង​
© រក្សាសិទ្ធិដោយ thmeythmey.com