ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្សប្រឆាំង​ថា ការចុះឈ្មោះ​បោះឆ្នោត ដំណើរការ​ទៅ​ល្អ តែ​នៅមាន​បញ្ហានយោបាយ​
25, Nov 2016 , 9:39 pm        
រូបភាព
​ភ្នំពេញ​៖ គណបក្ស​សង្គ្រោះ​ជាតិ សរសើរ​ថ្នាក់ដឹកនាំ​និង​មន្ត្រី​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ដែល​ខិតខំ​បំពេញ​កិច្ចការ​របស់ខ្លួន​កន្ល​ង​មក​។ តែ​បក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ នៅតែ​ព្រួយបារម្ភ​ពី​ស្ថានការណ៍​នយោបាយ ដែល​អាច​ប៉ះពាល់​ដល់​ការបោះឆ្នោត​នាពេលខាងមុខ​។



​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ បានលើកឡើង​ពី​គុណសម្បត្តិ​របស់ គ​.​ជ​.​ប ថ្មី ដែលមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការរៀបចំ​ការចុះឈ្មោះ​បោះឆ្នោត ឲ្យ​ដំណើរការ​ទៅដោយ​រលូន​។ លោក យឹម សុវណ្ណ ហាក់ដូចជា​ជឿជាក់ថា គ​.​ជ​.​ប នឹង​អាច​រៀបចំ​ការបោះឆ្នោត ឲ្យ​ប្រព្រឹត្ត​ទៅដោយ​សេរី​និង​យុត្តិធម៌ ប្រសិនបើ​ស្ថានការណ៍​នយោបាយ ចាប់ផ្តើម​មាន​ភាពល្អប្រសើ​រ​ចាប់​ពីពេលនេះ​តទៅ​។

​ទោះយ៉ាងណា អ្នកនាំពាក្យ​បក្សប្រឆាំង​រូបនេះ នៅតែបង្ហាញពីក្តីកង្វល់ថា បរិយាកាស​អាប់អួរ​ខាង​នយោបាយ នឹង​អាច​បង្ក​ផលប៉ះពាល់​ដល់​ដំណើរការ​នៃ​ការបោះឆ្នោត ក្នុង​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨​។ បើតាម​លោក យឹម សុវណ្ណ ចំណាត់ការ​របស់​តុលាការ ទៅលើ​ថ្នាក់ដឹកនាំ និង​មន្ត្រី រួមទាំង​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​បញ្ហា​ដ៏​ធំ​មួយ ដែល​ធ្វើ​ឲ្យ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា មិនអាច​វិល​ទៅរក​ប្រក្រតីភាព​ឡើងវិញ​។

​លោក យឹម សុវណ្ណ អះអាង​ទៀតថា ដោយសារតែ​ចំណាត់ការ​របស់​តុលាការ ឯកឧត្តម សម រង្ស៊ី ត្រូវ​និរទេស​ខ្លួន ហើយ​ឯកឧត្តម កឹម សុខា ក៏​នៅតែ​បន្ត​រស់នៅក្នុង​ទីស្នាក់ការ​។ ក្រៅពី​ថ្នាក់ដឹកនាំ​ទាំង​២​ខាងលើ មន្ត្រីជាន់ខ្ពស់ និង​សកម្មជន​បក្សប្រឆាំង​មួយចំនួន ក៏​កំពុងតែ​ជាប់ពន្ធនាគារ​ថែមទៀត​។

​លោក​បាន​រៀបរាប់​ដូច្នេះ​ថា​៖«​បរិយាកាស​នយោបាយ នៅតែ​ធ្ងន់ធ្ងរ នៅតែមាន​មន្ទិលសង្ស័យ ចំពោះ​ការឈានទៅរក​ការបោះឆ្នោត ដោយសារ​លោក​ប្រធាន សម រង្ស៊ី និង​លោក​ប្រធានស្តីទី កឹម សុខា (​កំពុងមាន​រឿងក្តី​នៅ​តុលាការ​) ហើយ​សកម្មជន​កំពុង​ជាប់ពន្ធនាគារ ដោយ​មិនទាន់មាន​ការដោះស្រាយ​បញ្ហា​នេះ​។ អ៊ីចឹង វា នៅមាន​មន្ទិលសង្ស័យ​ចំណុច​នេះ​មួយ​។ បើ​បាន​ដោះស្រាយ​បញ្ហា​ហ្នឹង ឲ្យ​វិល​ទៅរក​ប្រក្រតីភាព​ឡើយ​វិញ យើង​មា​នស​ង្ឃឹ​ង​ច្រើន​ថា ការបោះឆ្នោត ក្នុង​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ អាច​វិ​វត្ត​ទៅរក​សេរីភាព​និង​យុត្តិធម៌ ដែល​យើង​មិនដែល​បានឃើញ​ក្នុង​រយៈពេល​២០​ឆ្នាំ​ចុង​ក្រោយនេះ​»​។

​ការ​ថ្លែង​របស់លោក យឹម សុវណ្ណ ខាងលើ ធ្វើឡើង​ក្រោយពី​បញ្ចប់​កិច្ចប្រជុំ​ជាមួយនឹង​ថ្នាក់ដឹកនាំ​របស់​គ​.​ជ​.​ប នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​។ គណ​សង្គ្រោះ​ជាតិ បានស្នើ​ឲ្យ​គ​.​ជ​.​ប ដោះស្រាយ​បញ្ហា​មួយចំនួន ដែល​ទាក់ទង​នឹង​ការចុះឈ្មោះ​បោះឆ្នោត​។ សំណើ​ដ៏​សំខាន់​មួយ ដែល​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ទៅកាន់​គ​.​ជ​.​ប នោះ គឺ​ការ​បន្ថែមចំនួន​៣​ថ្ងៃ​បន្តទៀត សម្រាប់​ការចុះឈ្មោះ​បោះឆ្នោត​។ ការស្នើ​បែបនេះ គឺ​ដោយសារតែ គណបក្ស​សង្គ្រោះ​ជាតិ សង្កេតឃើញថា ប្រជាពលរដ្ឋ​ជាង​២​លាន​នាក់​ទៀត មិនទាន់​ទៅ​ចុះឈ្មោះ​បោះឆ្នោត​នៅឡើយ​ទេ ខណៈ​ការចុះឈ្មោះ​បោះឆ្នោត នឹង​បិទ​បញ្ចប់​នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៦​។​

​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​របស់​គ​.​ជ​.​ប បាន​លើកឡើងថា គ​.​ជ​.​ប សម្រេចយក​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ខាងលើ ទៅ​ពិចារណា​។ លោក សង្កត់ធ្ងន់ថា ការបន្ថែម​ចំនួន​ថ្ងៃ​សម្រាប់​ការចុះឈ្មោះ​បោះឆ្នោត គឺជា​បញ្ហា​ធំ ដែល​ពាក់ព័ន្ធ​នឹង​ពេលវេលា រួមទាំង​ថវិកា ដូច្នេះ គ​.​ជ​.​ប ត្រូវតែ​គិតគូរ​ឲ្យ​ច្បាស់លាស់ មុននឹង​សម្រេច​ថា​បន្ថែម​ថ្ងៃ​សម្រាប់​ការចុះឈ្មោះ​បោះឆ្នោត ឬ​មិន​បន្ថែម​។

​លោក​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​បែបនេះ​ថា​៖«​គ​.​ជ​.​ប ទទួល​និង​ពិចារណា​រាល់​អនុសាសន៍​ទាំងឡាយ ដែល​ពុំទាន់​បាន​ដោះស្រាយ​។ ការចុះឈ្មោះ​នៅសល់តែ​៤​ថ្ងៃ​ទៀត​ទេ អ៊ីចឹង​យើង​នឹងធ្វើ​ការ​ភ្លាមៗ ដើម្បី​ដោះស្រាយ​នូវ​រាល់​បញ្ហា​ទាំងឡាយ ដែល​ពាក់ព័ន្ធ​នឹង​អនុសាសន៍​នេះ​»៕


Tag:
 CNRP
  គជប
© រក្សាសិទ្ធិដោយ thmeythmey.com