ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឯកឧត្តម កឹម សុខា បាន​ត្រឡប់ទៅផ្ទះ​វិញ​ហើយ ក្រោយ​ឃុំ​ក្នុង​ស្នាក់ការ ៦ ខែ​
03, Dec 2016 , 12:22 pm        
រូបភាព
ដោយ:
 
​ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​ត្រឡប់​ទៅដល់​ផ្ទះ​របស់លោក​វិញ ហើយ​នៅ​ព្រឹក​ថ្ងៃសៅរិ៍នេះ ក្រោយពី​ព្រះមហាក្សត្រ​លើកលែងទោស​កាលពី​ថ្ងៃទី ០២ ខែធ្នូ ។​


 
​នៅ​ម៉ោង​ប្រមាណ ៩ ព្រឹក ថ្ងៃទី ៣ ខែធ្នូ​នេះ ឯកឧត្តម កឹម សុខា បាន​ទៅដល់​ផ្ទះ​របស់ខ្លួន​វិញ​ហើយ  បន្ទាប់ពី​ឃុំខ្លួន​ឯង​អស់​រយៈពេល​ជាង ៦ ខែ ពោលគឺ​ចាប់ពី​ឧសភា ដល់​ខែ​ធ្នួ ឆ្នាំ ២០១៦ ។ នេះ​បើតាម​លោក ហូរ វ៉ាន់ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ពី​គេហដ្ឋាន​របស់​ឯក​ឧ​ត្ត​ក កឹម សុខា ស្ថិតនៅ​ខណ្ឌ​ទូល​គោក​។ 
 
​លោក ហូរ វ៉ាន់ បានបញ្ជាក់​យ៉ាងនេះ​ថា​៖« បាទ​គាត់​បានមក​ដល់ផ្ទះ​នៅ​ម៉ោង ៩ ព្រឹក​។ ដំណើរ​ត្រឡប់​មកកាន់​ផ្ទះ​វិញ​របស់​ឯកឧត្តម មាន​អ្នកតំណាងរាស្ត្រ​មួយចំនួន បាន​ជូន​ដំណើរ​ពី​ស្នាក់ការ​បក្ស​មក​ផងដែរ​។ ពេលនេះ​ខ្ញុំ​កំពុង​នៅ​ជាមួយ​គាត់​»​។ លោក​តំណាងរាស្ត្រ ដែល​ស្និទ្ធ​នឹង​ឯកឧត្តម កឹម សុខា រូបនេះ ក៏​បន្ថែមទៀតថា នៅ​ថ្ងៃអាទិត្យ​ទី ៤ ខែធ្នូ នេះ ឯកឧត្តម កឹម សុខា នឹង​ជួប​ជាមួយ​ក្រុមយុវជន​រប​ស់​គណបក្ស នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​នៅ​ភ្នំពេញ បន្ទាប់មក​ឯកឧត្តម កឹម សុខា គ្រោង​ជួប​សកម្មជន​នៅតាម​បណ្តា​ខេត្ត​ឡើងវិញ​។ 
  
 
​ដំណើរ​វិល​ទៅ​លំនៅដ្ឋាន​របស់​ឯកឧត្តម កឹម សុខា វិញ​នេះ ធ្វើឡើង​បន្ទាប់ពី​ព្រះមហាក្សត្រ​សម្រេច​លើកលែងទោស​ឲ្យ​ឯកឧត្តម កាលពី​ថ្ងៃទី ២ ខែធ្នូ តាម​សំណើ​របស់​សម្តេច ហ៊ុន សែន​។ ហើយ​សំណើ​របស់​សម្តេច ទៅ​ព្រះមហាក្សត្រ ក៏បាន​រៀបចំ​ឡើយ ក្រោយពី​ឯកឧត្តម កឹម សុខា សរសេរ​លិខិត​ទៅ​សម្តេច ហ៊ុន សែន  ឲ្យ​ស្នើ​ទៅ​ព្រះមហាក្សត្រ​លើកលែងទោស​ឲ្យ​ខ្លួន ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រទេសជាតិ​ដែល​នៅ​សេសសល់​។ នៅក្នុង​លិខិត ចុះ​ថ្ងៃទី​១ ខែធ្នូ ឯកឧត្តម កឹម សុខា បានសរសេរថា​៖« យើងទាំងអស់គ្នា​ជា​ខ្មែរ សុទ្ធតែ​ទទួលរង​នូវ​ការឈឺចាប់ និង​បាត់បង់​នូវ​អ្វី​ជាទី​ស្រឡាញ់​របស់​យើង​ជាច្រើន​មកហើយ​។ ដូច​សម្តេច ធ្លាប់បាន​លើកឡើង​ថាប​ញ្ហា​របស់​ប្រទេសជាតិ​យើង​នៅមាន​សេសសល់​ជាច្រើន​ហើយ ដែល​យើង​ជា​ខ្មែរ​ជំនាន់​ក្រោយ ត្រូវតែ​រួបរួមគ្នា​ដោះស្រាយ​សម្រាប់​កូនចៅ​យើង​ជំនាន់​ក្រោយ​»​។ 
 
​ក្រោយពី​មានរឿង​អាស្រូវ ដែល​គេ​ចោទថា ឯកឧត្តម កឹម សុខា មាន​ស្នេហា​ជាមួយ​ស្រី មុំ នោះ អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ កោះហៅ​ជាច្រើនលើក តែ​លោក​មិន​ទៅ​បំភ្លឺ​តាម​ការកោះហៅ​នោះឡើយ​។ ដោយសារតែ​លោក​មិន​ព្រមទៅ ទើប តុលា​ការសម្រេច​ចោទប្រកាន់​ឯកឧត្តម​ពីបទ «​បដិសេធ​ក្នុងការ​ចូលខ្លួន​» ហើយ​បន្ទាប់មក​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​៥​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៨​សែន​រៀល កាលពី​ខែកញ្ញា ឆ្នាំ​២០១៦ ៕








Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com