ជាតិ
​​​ន​យោ​បាយ​ជាតិ​
តំណែង​ថ្មី​របស់​ឯ.ឧ កឹម សុខា នៅ​រដ្ឋសភា នៅចម្រូងចម្រាស​
06, Dec 2016 , 10:31 pm        
រូបភាព
រូបថត ឯកឧត្តម កឹម សុខា នៅខាងឆ្វេង ឯកឧត្តម សម រង្ស៊ី នៅខាងស្តាំ នៅក្នុងកិច្ចប្រជុំរវាងក្រុមមតិភាគតិច និងភាគច្រើន កាលពីឆ្នាំ ២០១៥។
រូបថត ឯកឧត្តម កឹម សុខា នៅខាងឆ្វេង ឯកឧត្តម សម រង្ស៊ី នៅខាងស្តាំ នៅក្នុងកិច្ចប្រជុំរវាងក្រុមមតិភាគតិច និងភាគច្រើន កាលពីឆ្នាំ ២០១៥។
ដោយ:

​រដ្ឋសភា បានប្រកាស​ទទួលស្គាល់​នូវ​តំណែង​ចំនួន ២ របស់​ឯកឧត្តម កឹម សុខា ក្នុងពេល​តែមួយ គឺ​តំណែង​ជា​ប្រធាន​ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​រដ្ឋសភា​ផង និង​តំណែង​ជា​ប្រធាន​ក្រុម​មតិ​ភាគតិច​នៅ​រដ្ឋសភា​ទៀត​។ អ្នកនាំពាក្យ​គណបក្ស​ប្រឆាំង​នៅ​តែ​ប្រកាន់​ជំហរថា ឯកឧត្តម ​សម រង្ស៊ី គឺជាប្រធាន​ក្រុម​មតិភាគតិច​នៅ​ក្នុង​រដ្ឋ​សភា​តែម្នាក់​គត់ ចំណែក​​ឯកឧត្តម កឹម សុខា គ្រាន់​តែ​ជាប្រធាន​ក្រុម​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​រដ្ឋសភា​តែប៉ុណ្ណោះ​​។  



​ការប្រកាស​របស់​រដ្ឋ​សភា ឲ្យ​ឯកឧត្តម កឹម សុខា កាន់តំណែង​ជា​ប្រធាន​ក្រុម​មតិ​ភាគតិច​នៅ​រដ្ឋសភា​ផង ជា​ប្រធាន​ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​រដ្ឋសភា​ផង បានធ្វើ​ឲ្យ​មាន​ភាពចម្រូងចម្រាស​កើតឡើង​រវាង​ការសម្រេច​ផ្ទៃក្នុង​គណបក្ស​សង្គ្រោះ​ជាតិ និង​ស្ថាប័ន​រដ្ឋសភា​។ ខ្លឹម​សារ​សំខាន់​នៃ​​សេចក្តី​​ប្រកាស​របស់​រដ្ឋសភា នៅថ្ងៃទី ៦ ខែធ្នូ ដែលចុះ​ហត្ថ​លេខា​ដោយ​សម្តេច ហេង សំរិន​ ប្រធាន​រដ្ឋសភា បញ្ជាក់ដូច្នេះថា៖ «ប្រការ ១ ទទួល​ថ្នាក់​ដឹកនាំ​តំណាងរាស្រ្ត​នៃគណបក្ស​សង្គ្រោះជាតិ​ ដែលមាន​សមាសភាព​ដូច​តទៅ​៖ ទី ១ ឯកឧត្តម កឹម សុខា ជាប្រធាន ទី ២ ឯកឧត្តម យឹម សុវណ្ណ ជាអនុប្រធាន ទី ៣ ឯកឧត្តម យ៉ែម បុញ្ញឫទ្ធិ ជាអនុប្រធាន។ ប្រការ ២ ទទួលស្គាល់ឯកឧត្តម កឹម សុខា ជាប្រធាន​ក្រុម​មតិភាគ​តិច​នៅ​រដ្ឋសភា​»។ 

ការប្រកាស​ទទួលស្គាល់​របស់​រដ្ឋសភាបែប​នេះ ខុសស្រឡះ​ពី​ការលើកឡើង​​របស់​ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ថ្លែង​ការពារ​តំណែង​របស់ខ្លួន​តាម​បណ្តាញ​សង្គម​ Twitter ថា តួនាទី​ប្រធាន​ក្រុម​មតិ​ភាគតិច​នៅ​រដ្ឋសភា ដើម្បី​ជជែក​ជាមួយ​សម្តេច ហ៊ុន សែន នៅតែ​ជា​របស់​ឯកឧត្តម ចំណែក​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ គ្រាន់តែ​ជា​ប្រធាន​ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​រដ្ឋសភា​សម្រាប់​ជជែក​ជាមួយ​សម្តេច ស ខេង តែប៉ុណ្ណោះ​។ 
 
​ឆ្លើយតប​នឹង​សេចក្តីប្រកាស​ទទួលស្គាល់​តំណែង​ឯកឧត្តម កឹម សុខា របស់​រដ្ឋសភា លោក យឹម សុវណ្ណ នៅតែ​ប្រកាស​ជំហរ​តាម​ការសម្រេច​ផ្ទៃក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​ថា ឯកឧត្តម សម រង្ស៊ី គឺជា​ប្រធាន​ក្រុម​មតិ​ភាគតិច​នៅក្នុង​រដ្ឋសភា ចំណែក​ឯកឧត្តម កឹម សុខា គឺជា​ប្រធាន​ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​រដ្ឋសភា​។  « យើង​នៅតែ​ប្រកាន់​ជំហរ​តាម​ការសម្រេច​ផ្ទៃក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​ដដែល​។ ឯកឧត្តម សម រង្ស៊ី គឺជា​ប្រធាន​ក្រុម​មតិ​ភាគតិច​នៅ​រដ្ឋសភា​»​។ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​ទាំងយប់​យ៉ាងនេះ​ហើយ ក៏​បន្ត​លើកឡើង​ដូច្នេះ​ទៀតថា​៖« ខ្ញុំ​មិនដឹងថា សេចក្តីប្រកាស​របស់រ​ដ្ឋ​សភា ទទួលស្គាល់​តំណែង​ឯកឧត្តម កឹម សុខា ឲ្យ​ជា​ប្រធាន​ក្រុម​មតិ​ភាគតិច​នៅ​រដ្ឋសភា​ផង ជា​ប្រធាន​ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​រដ្ឋសភា​ផង ខុស​ឬ​យ៉ាងណាទេ​។ លោក​ទៅ​សួរ​ខាង​រដ្ឋសភា​ទៅ​»​។​
 
​លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា បាន​បកស្រាយ​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា សេចក្តីប្រកាស​ទទួលស្គាល់​តំណែង​ឯកឧត្តម កឹម សុខា របស់​រដ្ឋសភា គឺ​មិន​ខុស​នោះឡើយ​។ លោក​ថា ឯកឧត្តម កឹម សុខា ត្រូវ​ទទួល​តំណែង​ពីរ​ជំនួស​ឯកឧត្តម សម រង្ស៊ី​។ លោក ប៉េងឡុង ដែលជា​អគ្គលេខាធិការ​នៃ​រដ្ឋសភា​ផង​នោះ ពន្យល់​បែបនេះ​ថា​៖« ព្រោះ​ឯកឧត្តម សម រង្ស៊ី គាត់​ត្រូវ​បាត់បង់​សមាជិក​ភាពជា​តំណាងរាស្ត្រ​ហើយ ដូច្នេះ​គាត់ មិនអាច​ធ្វើ​អ្វី​បានទេ ជាពិសេស​គឺ​មិនអាច​ចរចា​ជាមួយ​សម្តេច ហ៊ុន សែន​។ ទើប​ថ្នាក់ដឹកនាំ​រដ្ឋ​សម្រេច​ផ្តល់​តួនាទី​ដល់​ឯកឧត្តម កឹម សុខា​»​។​
 
​យ៉ាងណា​នៅពេលដែល​សួរថា តើ​ការសម្រេច​ឲ្យ​ឯកឧត្តម កឹម សុខា កាន់តំណែង​ជា​ប្រធាន​ក្រុម​មតិ​ភាគតិច​នៅ​រដ្ឋសភា​នេះ អាច​ខុសពី​ការស្នើសុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រឹមតែ​ស្នើ​ឲ្យ​ឯកឧត្តម កឹម សុខា ធ្វើជា​ប្រធាន​ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​រដ្ឋសភា​នោះ​? លោក ឡេង ប៉េងឡុង គ្រាន់តែ​ឆ្លើយ​យ៉ាងខ្លី​ដូច្នេះ​ថា​៖ « ខ្ញុំ​អត់​អាច​បកស្រាយ​បានទេ​ចំណុច​នេះ​។ នេះ​ជាការ​សម្រេច​របស់​ថ្នាក់ដឹកនាំ​រដ្ឋសភា​»៕
 

Tag:
 កឹម សុខា
  សម រង្ស៊ី
  រដ្ឋសភា
© រក្សាសិទ្ធិដោយ thmeythmey.com