អន្តរជាតិ
លោក ដូ​ណា​ល់ ត្រាំ ស្អប់​ចិន​ដែល​ចូលចិត្ត​បង្គាប់បញ្ជា​អាមេរិក​
12, Dec 2016 , 8:19 pm        
រូបភាព
​ការសន្ទនា​តាម​ទូរ​សព្ទ​រវាង​លោក ដូ​ណា​ល់ ត្រាំ និង​ប្រធានាធិបតី​តៃវ៉ាន់  ធ្វើ​ឲ្យ​ចិន​អាក់អន់​ចិត្តខ្លាំង ដ្បិត​នេះ​ជា​លើកដំបូង​ក្នុងពេល​ជិត​៤០​ឆ្នាំ ដែល​ប្រធានាធិបតី​អាមេរិក និយាយ​ទូរ​សព្ទ​ដោយផ្ទាល់​ជាមួយ​មេដឹកនាំ​តៃវ៉ាន់​។ ក្រុង​ប៉េកាំង ដែល​មិន​សប្បាយចិត្ត ហើយ​បាន​ប្រា​ប់លោក ដូ​ណា​ល់ ត្រាំ ឲ្យ​គោរព​នយោបាយ​ចិន​តែមួយ​។ តែ​លោក ត្រាំ ដូចជា​មិន​ខ្វាយខ្វល់​នឹង​សំណើ​នេះឡើយ ហើយ​ថែមទាំង​រិះគន់​ចិន មិន​ជួយ​ដោះស្រាយ​បញ្ហា​ហើយ​ចូលចិត្ត​បង្គាប់បញ្ជា​ទៀត​។



​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក ដូ​ណា​ល់ ត្រាំ បានដាក់​លើក​ជា​សំណួរ​ពាក់ព័ន្ធ​នឹង​គោលនយោបាយ​ចិន​តែមួយ ដែល​អាមេរិក​ធ្លាប់​អនុវត្ត​អស់​ពេល​ជាង​៣០​ឆ្នាំ​មកហើយ​នោះ​។ លោក ក៏បាន​ប្រាប់​ឲ្យ​ចិន​ផ្ដល់​សម្បទាន​ខ្លះមក​អាមេរិក ជា​ថ្នូរ​នឹង​ការបន្ត​អនុវត្ត​នយោបាយ​ចិន​តែមួយ​។ សម្បទាន​ដែល​លោក​ចង់បាន គឺ​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ជួយ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ដូចជា វិបត្តិ​នៅ​ឧបទ្វីប​កូរ៉េ និង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ជាដើម​។​

​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​សារព័ត៌មាន Fox News នៅ​ថ្ងៃទី​១១ ខែធ្នូ លោក ដូ​ណា​ល់ ត្រាំ ថែមទាំង​ប្រាប់​ចិន​ចំៗ​ថា លោក​មិន​ចង់​ឲ្យ​គេ​បង្គាប់បញ្ជា​លោក​ឡើយ​។ ហើយ​លោក​ក៏​មិនដឹងថា ហេតុអ្វី​បានជា​អាមេរិក​ត្រូវតែ​គោរព​នយោបាយ​ចិន​មួយ​ដែរ​។ លោក​ដាក់​លក្ខខណ្ឌ​ឲ្យ​ចិន​ត្រូវ​ផ្ដល់​អ្វីមួយ​ជា​ថ្នូរ​មកវិញ​ដែល​រួមទាំង​រឿង​ពាណិជ្ជកម្ម​ជាដើម បើ​ចង់​ឲ្យ​អាមេរិក​បន្ត​អនុវត្ត​នយោបាយ​ចិន​មួយទៀត​។

​ក្រៅពី​ទំនាក់ទំនង​ពាណិជ្ជកម្ម​ដែល​មិនសូវ​ល្អ​នោះ ប្រធានាធិបតី​ជាប់ឆ្នោត​រូបនេះ ក៏បាន​អះអាងថា ចិន​មិនដែល​សហការ​ជាមួយ​អាមេរិក ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ជាច្រើន​ឡើយ​រាប់ទាំង​ការទម្លាក់​តម្លៃ​រូបិយ​បណ្ណ​ទៀតផង​។ នាពេល​កន្លងទៅ ក្រុង​ប៉េកាំង បាន​ព្យាយាម​រក្សា​តម្លៃ​ប្រាក់​យ័ន​របស់ខ្លួន ឲ្យ​នៅ​កម្រិត​ទាប ដែល​រឿងនេះ​ធ្វើ​ឲ្យ​អាមេរិក​ខាតបង់​យ៉ាងខ្លាំង​។​

​លើសពីនេះ លោក ដូ​ណា​ល់ ត្រាំ ក៏​រិះគន់​ក្រុង​ប៉េកាំង​ដែល​នៅតែមាន​ជំហរ​ការពារ​កូរ៉េខាងជើង​លើ​សំណុំរឿង​នុយក្លេអ៊ែរ​ដដែល​។ ប្រធានាធិបតី​មាន​ប្រភពពី​អ្នកជំនួញ​នេះ​បញ្ជាក់ថា ចិន​ពិតជា​អាចជួយ​រក​ច្រកចេញ​បាន តែ​ពួកគេ​មិនបាន​ជួយ​អ្វី​ទៅវិញ​។ ក្នុងនាម​ជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​តែមួយ ចិន តែង​នៅ​ពីក្រោយ​របប​កុម្មុយនីស្ត​កូរ៉េខាងជើង​ដែល​រង​ទណ្ឌកម្ម​ស្ទើរ​រាប់​ភ្លេច​ទៅហើយ​។​

​គេ​មិនទាន់​ដឹង​ច្បាស់​ទេពី​ទំនាក់ទំនង​រវាង​អាមេរិក និង​ចិន នៅក្រោម​អាណត្តិ​ដឹកនាំ​របស់លោក ដូ​ណា​ល់ ត្រាំ ដែល​នឹង​ស្បថ​ចូលកាន់​តំណែង​នៅ​ថ្ងៃទី​២០ ខែមករា​ខាងមុខ ដ្បិត​មិនទាន់​ទាំង​ដឹកនាំ​ប្រទេស​ផង លោក​រិះគន់​ចិន​ចំៗ ហើយ​លោក​ក៏​ធ្លាប់​អះអាងថា ចិន​លួច​ការងារ​អាមេរិក​ជាច្រើន​ដែរ​។ លោក ហាក់​មាន​ទំនោរ​ងាក​ចេញពី​នយោបាយ​ចិន​តែមួយ ឯ​គោលនយោបាយ​ការបរទេស​របស់លោក​ទៀតសោត ក៏​ចម្រូងចម្រាស់​ខ្លាំង ដែល​អាច​ប៉ះពាល់​ទំនាក់ទំនង​ទ្វេភាគី​ផងដែរ​៕


Tag:
 ​ចិន​
  អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com