អន្តរជាតិ
កូរ៉េខាងត្បូង ស្នើ​អាមេរិក​បញ្ជូន​សម្ភា​រឈ្ល​ប​ការណ៍​យោធា​បន្ថែមទៀត​
12, Dec 2016 , 5:47 pm        
រូបភាព
​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង បានស្នើ​ឲ្យ​អាមេរិក​ពង្រាយ​សម្ភា​រឈ្ល​ប​ការណ៍​យោធា​ជាច្រើន​ទៀត​លើ​ទឹកដី​របស់ខ្លួន ដើម្បី​ការពារ​ការគំរាមកំហែង​ពី​សំណាក់​កូរ៉េខាងជើង​។ ការស្នើ​នេះ​ធ្វើឡើង​ស្របពេល​ដែល​កូរ៉េខាងត្បូង និង​អាមេរិក ស្ថិតក្នុង​ដំណាក់កាល​មិន​ច្បាស់លាស់​នៃ​ការផ្ទេរអំណាច​។ ហើយ​កូរ៉េខាងជើង​ទៀតសោត ក៏បាន​បង្ហាញ​សកម្មភាព​បង្កហេតុ​ជា​ញឹកញយ​ផងដែរ​។​



​នៅក្នុង​របាយការណ៍​ស​ម្រា​ប់ស​ភា ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​បញ្ជាក់ថា ខ្លួន​កំពុង​បង្កើន​ការតាមដាន​លើ​សកម្មភាព​បង្ករឿង​ណាមួយ​ពី​សំណាក់​កូរ៉េខាងជើង​។ ហើយ​កូរ៉េខាងត្បូង ក៏បាន​ស្នើ​ឲ្យ​រដ្ឋបាល​ក្រុង​វ៉ា​ស៊ិន​តោន​បញ្ជូន​ឧបករណ៍​តាមដាន​យោធា​មកកាន់​ឧបទ្វីប​កូរ៉េ សំដៅ​ត្រួតពិនិត្យ​សកម្មភាព​គួរ​ឲ្យ​សង្ស័យ​របស់​របប​កុម្មុយនីស្ត​ក្រុង​ព្យុងយ៉ាង​ផងដែរ​។​

​សារព័ត៌មាន​កូរ៉េខាងត្បូង Yonhap ផ្សាយ​ថា សំណើ​របស់​កូរ៉េខាងត្បូង ធ្វើឡើង​ចំពេល​ដែល​ស្ថានការណ៍​មិន​ប្រាកដប្រជា​កំពុង​គ្របដណ្ដប់​នៅ​ឧ​ប​ទ្វី​កូរ៉េ និង​សហរដ្ឋអាមេរិក​។ គេ​បារម្ភ​ថា កូរ៉េខាងជើង អាច​នឹង​បង្កើន​ភាព​តានតឹង​ផ្នែក​យោធា ដើម្បី​សាកល្បង​ប្រធានាធិបតី​ជាប់ឆ្នោត ដូ​ណា​ល់ ត្រាំ ដែល​នឹង​ស្បថ​ចូលកាន់​តំណែង​នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៧ ខាងមុខ​។​

​មិនតែប៉ុណ្ណោះ ក្រុង​ព្យុងយ៉ាង ក៏​ទំនងជា​ឆ្លៀតឱកាស​ដែល​ស្ថានការណ៍​នយោបាយ​នៅ​កូរ៉េខាងត្បូង​កំពុង​មិន​ច្បាស់លាស់ ដើម្បី​បង្កហេតុ​នៅ​ឧបទ្វីប​កូរ៉េ​ទៀតផង​។ នៅពេលនេះ នាយករដ្ឋមន្ត្រី Hwang Kyo-ahn កំពុងកាន់​អំណាច​ជំនួស​លោកស្រី ប៉ាក ហ្គឺ​ន​ហេ ដែល​ត្រូវ​សភា​បោះឆ្នោត​ដកតំណែង និង​រង់ចាំ​ការសម្រេច​ពី​សំណាក់​តុលាការ​ធម្មនុញ្ញ​លើ​ធម្មនុញ្ញភាព​នៃ​ការបោះឆ្នោត​របស់​សភា ដែល​អាច​ចំណាយ​ដល់​១៨០​ថ្ងៃ​។​

​មន្ត្រី​ក្រសួងការពារជាតិ​កូរ៉េ​ខាង​ម្នាក់​បាន​និយាយថា​៖ «​ប្រសិនបើ​ស្ថានការណ៍​មិន​ដូច​អ្វីដែល​យើង​សង្ឃឹម កូរ៉េខាងជើង​ទំនងជា​បង្ក​យុទ្ធសាស្ត្រ ឬ​សកម្មភាព​បង្កហេតុ​ប្រឆាំង​កូរ៉េខាងត្បូង​»​។ មន្ត្រី​រូបនេះ​បន្តថា ក្រោម​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​អាមេរិក ក្រុម​យោធា អាច​ចាប់បាន​សញ្ញា​នៃ​សកម្មភាព​បង្កហេតុ​របស់​កូរ៉េខាងជើង​បាន​ភ្លាមៗ រួច​អាច​ការពារ​ខ្លួន​ពី​ការវាយប្រហារ​ណាមួយ​ផងដែរ​។​

​នាពេល​កន្លងទៅ កូរ៉េខាងត្បូង​បាន​ចោទប្រកាន់​កូរ៉េខាងជើង នៅ​ពីក្រោយ​ការវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។ យ៉ាងណាមិញ កូរ៉េខាងជើង បាន​ទាត់ចោល​ការចោទប្រកាន់​ទាំងនោះ និង​ចោទ​កូរ៉េខាងត្បូង​វិញ​ថា ព្យាយាម​បង្កហេតុ​ជាមួយ​ខ្លួន​ទៅវិញ​។ កូរ៉េខាងជើង ត្រូវគេ​ទទួលស្គាល់ថា សម្បូរ​ដោយ Hacker ដែល​គេ​ជឿថា​វាយប្រហារ​លើ​បណ្ដាញ​អន​ឡាញ​របស់​កូរ៉េខាងត្បូង​៕   


Tag:
 ​អាមេរិក​
  ឧ​ប​ទ្វី​កូរ៉េ​
© រក្សាសិទ្ធិដោយ thmeythmey.com