ជាតិ
មហោស្រព​ខ្លែង​ខ្មែរ​៖​ខ្លែងឯក​លេខ​១​បាន​ទៅ​ខេត្តកំពង់ឆ្នាំង​,​លេខ​២ រតនគិរី​,​លេខ​៣ ត្បូងឃ្មុំ​
14, Dec 2016 , 7:39 pm        
រូបភាព
​ភ្នំពេញ​៖ ខ្លែងឯក​មកពី​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពង់ឆ្នាំង មាន​ឈ្មោះថា ខ្លែងឯក​ក្រាំង​លាវ បានទទួល​ជ័យលាភី​លេខ​១ ក្នុងចំណោម​១៧ រាជធានី​-​ខេត្ត​។ រីឯ​ជ័យលាភី​បេក្ខជន​-​បេ​ក្ខ​នារី ស្វៃរិន លេខ​១ បាន​ទៅលើ​ខ្លែង​រាង​កង់ របស់​កញ្ញា រ័ត្ន បូរី ដែល​បាន​ចូលរួម​មហោស្រព​បង្ហើរខ្លែង​ខ្មែរ លើក​ទី​២០ រៀបចំ​ដោយ​ក្រសួង​វប្ប​ធ​ម៍ និង​វិចិត្រសិល្បៈ​។ មហោស្រព​នេះ រៀបចំ​ធ្វើឡើង​នៅ​បរិវេណ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​កោះ​ពេជ្រ នា​ព្រឹក​ថ្ងៃទី​១៤ ធ្នូ​។​



​ខ្លែងឯក​មកពី​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពង់ឆ្នាំង ឈ្មោះ​ខ្លែងឯក​ក្រាំង​លាវ ដែលមាន​រូប​ឆ្នាំងដី បានទទួល​ជ័យលាភី​លេខ​១ និង​ជ័យលាភី​លេខ​២ បាន​ទៅលើ​ខ្លែងឯក​មកពី​ខេត្តរតនគិរី​ឈ្មោះ​ខ្លែងឯក​រតនៈ​មានជ័យ មាន​រូប​ជនជាតិដើម​ភាគតិច​។ សម្រាប់​ជ័យលាភី​លេខ​៣ បាន​ទៅលើ​ខ្លែងឯក​មកពី​ខេត្ត​ត្បូងឃ្មុំ ឈ្មោះ​ខ្លែងឯក​មហិទ្ធិឫទ្ធិ​សែន​ជ័យ​បារមី​ត្បូងឃ្មុំ មាន​រូប​ពាន និង​ទេសភាព​ចម្ការកៅស៊ូ និង​ចម្ការ​ម្រេច ដែលជា​បេក្ខជន​ជាប់​ជ័យលាភី​ក្នុងចំណោម​បេក្ខជន​១៧ រាជធានី​-​ខេត្ត​ទូទៅ​ប្រទេស​។ ការប្រកួត​ខ្លែង​នេះ ជា​កម្មវិធី​មហោស្រព​បង្ហើរខ្លែង​ខ្មែរ លើក​ទី​២០ ដែល​រៀបចំ​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។​



​ជាមួយគ្នានេះ ក្រៅពី​ការប្រកួតប្រជែង​បង្ហោះ​ខ្លែងឯក ក៏មាន​បេក្ខជន បេ​ក្ខ​នារី ស្វៃរិន ចូលរួម​មហោស្រព​បង្ហើរខ្លែង​នេះ​ផងដែរ​។ បេក្ខជន​-​បេ​ក្ខ​នារី ស្វៃរិន ចូលរួម​មហោស្រព​បង្ហើរខ្លែង ដែល​ទទួលបាន​ជ័យលាភី​លេខ ១ បាន​ទៅលើ​ខ្លែង​កង់ របស់​កញ្ញា រ័ត្ន បូរី ជា​សិស្ស​វិទ្យាល័យ​ជ័យវរ្ម័ន​ទី​៧ ក្នុង​ខេត្តកណ្តាល និង​ជ័យលាភី​លេខ​២ បាន​ទៅលើ​ខ្លែង​ក្អែប របស់លោក សួន ស៊ី​ធាន មកពី​ខេត្តកណ្តាល​។  រីឯ​ជ័យលាភី​លេខ​៣ បាន​ទៅលើ​ខ្លែង​ហនុមាន​រំដោះ​នាង​សីតា របស់លោក ឈឹម សា​រិ មកពី​ខេត្តសៀមរាប​។​

​លក្ខខណ្ឌ​នៃ​ការផ្ដល់​ពិន្ទុ​នៅក្នុង​មហោស្រព​បង្ហើរខ្លែង​ខ្មែរ​នេះ មាន​៣ ចំណុច​សំខាន់ៗ​គឺ​៖ បច្ចេកទេស​ក្នុងការ​ធ្វើ (​ខ្លែង​អាចមាន​លំនឹង​ល្អ​)  សោភ័ណភាព​ខ្លែង (​ស្លាប ដងខ្លួន និង​កន្ទុយ​) និង​សម្លេង​ឯក​។



​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​វប្បធម៌ ការ​ប្រារព្ធ​បើក​មហោស្រព​បង្ហើរខ្លែង​ខ្មែរ​មាន​គោលបំណង​ឲ្យ​មាន​ប្រពៃណី​នៃ​ការ​បង្ហោះ​ខ្លែង ដែលជា​ផ្នែក​មួយ​យ៉ាងសំខាន់​នៃ​វប្បធម៌​ជាតិ ឲ្យ​បាន​ឋិត​នៅជាប់​ជានិច្ច​ក្នុង​ចិត្ត​ប្រជាជន គ្រប់​ស្រទាប់ ជាពិសេស ចូលរួម​ពង្រីក និង​ផ្សព្វផ្សាយ​វប្បធម៌ លើ​វិស័យ​ខ្លែង​ខ្មែរ​ឲ្យ​កាន់តែ​ផុសផុល​។

​គួររម្លឹកថា ជា​រៀងរាល់ឆ្នាំ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ តែងតែ​ប្រារព្ធ​ពិធី​បើក​មហោស្រព​បង្ហើរខ្លែង​ខ្មែរ ដែលមាន​ការចូលរួម​ពី​បណ្ដា​រាជធានី​-​ខេត្ត នៅ​ទូទៅ​ប្រទេស​។ មហោស្រព​លើក​នេះ មាន​ការចួលរួម​ពី​បណ្ដា​រាជធានី​-​ខេត្ត ចំនួន ១៧​ខេត្ត និង​បេក្ខជនស្វៃរិន សរុប ៦៨​នាក់ និង​មាន​ខ្លែង​ចូលរួម​ចំនួន ៥១​ខ្លែង​។ ចំណែកឯ​កាលពី​ឆ្នាំ​២០១៥​កន្លងទៅ មាន​១៩ រាជធានី​-​ខេត្ត សរុប​បេក្ខជន​ទាំងអស់ ៦៨​នាក់ នឹង​៤៩ ខ្លែង​៕








































Tag:
 មហោស្រព​ខ្លែង​
  ខ្លែងឯក
© រក្សាសិទ្ធិដោយ thmeythmey.com