អន្តរជាតិ
មីយ៉ាន់ម៉ាកំពុងប្រមូលភស្តុតាងបញ្ជាក់ថា រ៉ូហ៊ីងយ៉ាមិនមែនជាជនភាគតិចខ្លួនទេ
× ខណៈដែលបញ្ហាជនជាតិរ៉ូហ៊ីងយ៉ាធ្វើឲ្យមីយ៉ាន់ម៉ាក្រពុលមុខ អាជ្ញាធរមីយ៉ាន់ម៉ាកំពុងប្រមូលឯកសារប្រវត្តិសាស្ត្រនានាដើម្បីជាភស្តុតាងបង្ហាញបណ្ដាប្រទេសសមាជិកអាស៊ានពីដើមកំណើតនៃជនជាតិរ៉ូហ៊ីងយ៉ា។ គោលដៅនៃការស្វែងរកដើមកំណើតនេះ មានគោលដៅបញ្ជាក់ថា ជនជាតិរ៉ូហ៊ីងយ៉ាមិនមែនជាជនជាតិភាគតិចរបស់មីយ៉ាន់ម៉ាឡើយ។ ពោល គឺគ្រាន់តែជនជាតិចូលមករស់នៅមីយ៉ាន់ម៉ាប៉ុណ្ណោះ។
តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន ក្រសួងកិច្ចការសាសនា និងវប្បធម៌មីយ៉ាន់ម៉ា បានប្រកាសថា ខ្លួនកំពុងប្រមូលភស្តុតាងដើម្បីប្រាប់អាស៊ានពីប្រវត្តិពិតប្រាកដរបស់ជនជាតិរ៉ូហ៊ីងយ៉ា។ ឯកសារប្រវត្តិសាស្ត្រជាច្រើនដែលសរសេរទុកជាជំនាន់មកហើយ ត្រូវបានត្រួតពិនិត្យ ប៉ុន្តែពួកគេមិនឃើញមានការប្រើពាក្យ «រ៉ូហ៊ីងយ៉ា» ក្នុងឯកសារប្រវត្តិសាស្ត្រ សូម្បីឯកសារក្នុងសម័យអាណានិគមអង់គ្លេស ឬមុនអាណានិគមក្ដី។
ក្រសួងដដែលនេះបន្តថា ពាក្យ «រ៉ូហ៊ីងយ៉ា» ត្រូវបានប្រើជាលើកដំបូងក្នុង្នឆាំ១៩៤៨ ដោយសមាជិកសភា Abdul Gafar ជាជនជាតិបេងហ្កាលី។ យ៉ាងណាក្ដី ការប្រើពាក្យនេះ កំពុងក្លាយជារឿងចម្រូងចម្រាសខ្លាំងនៅមីយ៉ាន់ម៉ាជាពិសេសរដ្ឋ Rakhine ដែលកើតមានអំពើហិង្សា។ មន្ត្រីរដ្ឋាភិបាលមីយ៉ាន់ម៉ា ក៏ដូចជាស្ថានទូតមីយ៉ាន់ម៉ានៅបរទេស ក៏បានចៀសវាងប្រើពាក្យនេះដែរ។
លើសពីនេះ សូម្បីតែទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា អ៊ុងសាន ស៊ូជី ក៏មិនដែលប្រើពាក្យនេះដូចគ្នាដែរ ដ្បិតលោកស្រីក៏យល់ព្រមដែរថា ជនជាតិរ៉ូហ៊ីងយ៉ាមិនមែនជាជនជាតិភាគតិចរបស់ប្រទេសលោកស្រីឡើយ។ បើតាមការផ្សាយរបស់ Bangkok Post ទាំងមន្ត្រីរដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ាភាគច្រើនបានប្រើពាក្យ «បេងហ្កាលី» ជំនួស «រ៉ូហ៊ីងយ៉ា» ព្រោះជនមូស្លីមទាំងនោះ ជាជនអន្តោប្រវេសហូរចូលពីបង់ក្លាដែស។
ទាក់ទិននឹងអំពើហិង្សាវិញ ក្រសួងកិច្ចការសាសនា និងវប្បធម៌ បានទម្លាក់កំហុសលើក្រុមក្នុងស្រុក និងក្រុមបរទេស ដែលជំរុញឲ្យជម្លោះនៅរដ្ឋ Rakhine កាន់តែលេចធ្លោ ក្នុងគោលដៅបំផ្លាញមុខមាត់មីយ៉ាន់ម៉ាលើឆាកអន្តរជាតិ និងបង្កអស្ថិរភាពនៅក្នុងប្រទេស។ ប៉ុន្តែគេមិនដឹងថា ក្រុមទាំងនោះជាអ្នកណា ឬប្រទេសណាឡើយ។ តែចុងក្រោយនេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ហាក់ចេញមុខជាងគេក្នុងការរិះគន់រដ្ឋាភិបាលមីយ៉ាន់ម៉ាលើករណីនេះ។
ចំណែករឿងស្រាវជ្រាវប្រវត្តិជនភាគតិចរ៉ូហ៊ីងយ៉ា ក្រសួងខាងលើបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ការងារប្រមូលឯកសារដើម្បីបញ្ជាក់ថា ជនជាតិនេះមិនមែនជាជនភាគតិចរបស់មីយ៉ាន់ម៉ា ក្រសួងនឹងបញ្ជូនឯកសារនេះទៅកាន់ការិយាល័យប្រធានាធិបតី និងទីប្រឹក្សារដ្ឋ អ៊ុងសាន ស៊ូជី ដើម្បីសម្រេច មុននឹងបោះផ្សាយជាសាធារណៈ៕
Tag:
មីយ៉ាន់ម៉ា
អាស៊ាន
រ៉ូហ៊ីងយ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com