អន្តរជាតិ
ចិន មិនសូវ​ប្រតិកម្ម​ខ្លាំង ទោះ​អាមេរិក អះអាងថា​បាន​ត្រៀមខ្លួន​ដើម្បី​តទល់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​ក៏ដោយ
15, Dec 2016 , 4:51 pm        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសចិន
អ្នកនាំពាក្យក្រសួងការបរទេសចិន
ដោយ:
​មិន​ដូចពេលមុនៗ​ឡើយ រដ្ឋាភិបាល​ក្រុង​ប៉េកាំង ហាក់ដូចជា​មិនសូវ​បង្ហាញ​ជំហរ​រឹងទទឹង​ខ្លាំង​ដើម្បី​តបត​ទៅនឹង​ការអះអាង​ជាថ្មី​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ដែល​បាន​លើកឡើងថា អាមេរិក បាន​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​តទល់​ជាមួយនឹង​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង ប្រសិនបើ​ចិន បន្តសកម្មភាព​ត​វាទ​ទី​ខ្លាំង​នៅ​តំបន់​នោះ​។



​ឆ្លើយ​នឹង​សំណួរ​ថា​តើ​ចិន គិត​បែបណា​ចំពោះ​ការលើកឡើង​របស់​មេបញ្ជាកា​រ​កងទ័ព​អាមេរិក​ប្រចាំ​ប៉ាស៊ីហ្វិក ដែល​និយាយថា អាមេរិក បាន​ត្រៀមខ្លួន​រួចស្រេច​ដើម្បី​ប្រឈម​នឹង​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង ប្រសិនបើ​ចិន បន្តសកម្មភាព​វាទទី​នៅ​ទីនោះ មន្ត្រី​ក្រសួងការបរទេស​ចិន បាន​អះអាងថា ស្ថានភាព​នៅ​ទីនោះ គ្មានអ្វី​ប្រែប្រួល​ឡើយ ពោលគឺ ស្ថានភាព​សមុទ្រ​ចិន​ខាងត្បូង កំពុង​តែមាន​ស្ថិរភាព និង​ការវិវត្ត​ល្អ​។

​ខណៈ​អវត្តមាន​ការប្រកាស​ជំហរ​ផ្នែក​យោធា​តប​វិញ​នោះ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក  Geng Shuang បាន​ថ្លែង​ក្នុងឱកាស​សង្ខេប​ព័ត៌មាន​ប្រចាំថ្ងៃ​នា​ថ្ងៃទី​១៤ ធ្នូ​យ៉ាង​ដូច្នេះ​ថា​៖«​យើង​សង្ឃឹមថា អាមេរិក អាចអនុវត្ត​តាម​ការ​សន្យា​របស់ខ្លួន​ក្នុង​ការមិន​ចូល​ដៃ​ជាមួយនឹង​ភាគី​ណាមួយ​នៅលើ​ជម្លោះ​អធិបតេយ្យ​នៃ​សមុទ្រ​ចិន​ខាងត្បូង គោរព​ការប្រឹងប្រែង​របស់​ប្រទេស​នៅក្នុង​តំបន់​ក្នុង​ការរក្សា​សន្តិភាព និង​ស្ថិរភាព​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​នោះ​»​។

​សូម​រម្លឹក​បន្តិច​ថា នៅ​ថ្ងៃទី​១៤ ធ្នូ ម្សិលមិញ មេ​បញ្ជា​កងទ័ព​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក លោក Harry Harris បាន​អះអាងថា អាមេរិក បាន​ត្រៀមខ្លួន​រួចស្រេច​ហើយ​ក្នុងការ​ប្រឈម​ជាមួយនឹង​ចិន ប្រសិន ចិន នៅ​បន្តសកម្មភាព​វាទទី​របស់ខ្លួន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ សេចក្តីថ្លែងការណ៍​នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​សុន្ទរកថា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​រូបនេះ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​អូស្ត្រាលី​។


លោកមេបញ្ជាការកងទ័ពអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក

​នាឱកាស​ដដែល​នោះ លោក​ឧ​ត្ត​ម​សេនីយ ក៏បាន​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា​៖«​យើង នឹងមិន​អនុ​ញ្ញា​ឲ្យ​តំបន់​រួមគ្នា​(​សមុទ្រ​ចិន​ខាងត្បូង​)​ត្រូវបាន​បិទ​ជា​លក្ខណៈ​ឯកតោភាគី​បានឡើយ បើទោះបីជា មាន​មូលដ្ឋាន​ជាច្រើន ត្រូវបាន​សាងសង់ឡើង​នៅក្នុង​តំបន់​សិប្បនិម្មិត​នៃ​សមុទ្រ​ចិន​ខាងត្បូង​។ យើង នឹងធ្វើ​កិច្ចសហប្រតិបត្តិការ នៅពេល​យើង​អាច ប៉ុន្តែ​យើង នឹង​ក៏​នឹង​ត្រៀមខ្លួន​ដើម្បី​ប្រឈម​ផងដែរ នៅពេល​ចាំបាច់​នោះ​»​។ នេះ​បើ​យោងតាម​ការ​ការដកស្រង់​សម្តី​លោក​ឧ​ត្ត​ម​សេនីយ៍​រូបនេះ​ដោយ​ភ្នាក់ងារ​ព័ត៌មាន Reuters​។

​បន្ថែម​ពី​ការប្តេជ្ញាចិត្ត​នេះ ប្រមុខ​ការពារជាតិ​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​រូបនេះ ក៏បាន​បញ្ជាក់ដែរថា អាមេរិក ក៏​នៅតែ​បន្តសកម្មភាព​ល្បាត​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ក្រោម​ច្បាប់​អន្តរជាតិ​ដដែល​នោះ​។​

​សូម​ជម្រាប​ផងដែរ​ថា ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង គឺជា​ជម្លោះ​អធិបតេយ្យ ដែលមាន​រដ្ឋ​ពាក់ព័ន្ធ​ដូចជា ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម តៃវ៉ាន់ និង​ចិន​។ ចិន បានទាមទារ​ស្ទើរតែ​តំបន់​ទាំងស្រុង​នៃ​តំបន់​ជម្លោះ​ក្រោម​អំ​ណេះ​អំ​ណា​ង​ប្រវត្តិសាស្ត្រ ខណៈ​រដ្ឋ​ពាក់ព័ន្ធ​ផ្សេងទៀត ទាមទារ​ដោយ​ភស្តុតាង​ផ្នែក​ច្បាប់​នោះ​។ ខណៈពេល​ដំណោះស្រាយ​នៃ​ជម្លោះ​នេះ មិនសូវ​ជាមាន​ពន្លឺ​ប៉ុន្មាន​នោះ មាន​របាយការណ៍​រូបភាព​ផ្កាយរណប​ជាច្រើន បានបង្ហាញ​ថា​ចិន បន្តសកម្មភាព​វាទទី​ជាច្រើន​ហិកតា និង​ទាំង​សាងសង់​កោះ​សិប្បនិម្មិត ដោយមាន​ទាំង​បំពាក់​សព្វាវុធ​ផងដែរ​នោះ​។

​បើទោះបីជា​អាមេរិក មិនមាន​ទឹកដី​ជាប់​ជាមួយនឹង​តំបន់​វិវាទ​នោះ​ក៏ដោយ អាមេរិក បាន​ប្រលូក​ខ្លួន​យ៉ាងជ្រៅ​លើ​បញ្ហា​នេះ ទាំង​ផ្នែក​ការទូត និង​ទាំង​ផ្នែក​យោធា ដ្បិត​បើ​បណ្តោយ​ចិន ឲ្យ​ធ្វើ​សកម្មភាព​បែប​នោះ សមុទ្រ​ចិន​ខាងត្បូង​ដែលជា​ច្រក​ពាណិជ្ជកម្ម​មមាញឹក​លំដាប់​ទី​ពីរ​របស់​ពិភពលោក​នេះ នឹងត្រូវ​គ្រប់គ្រង​ដោយ​ចិន​ហើយ​។ ផ្នែក​ការទូត​នោះ​គឺ អាមេរិក តែងតែ​ចេញ​សេចក្តីថ្លែងការណ៍​រិះគន់​ចិន ក៏ដូចជា​លើក​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នៅក្នុង​កិច្ចប្រជុំ​ក្នុង​តំបន់ ដែលមាន​វត្តមាន​ចិន​នៅ​ទីនោះ​ផងដែរ​នោះ​។​

​សម្រាប់​ផ្នែក​យោធា អាមេរិក កន្លងមក បានធ្វើ​សកម្មភាព​ទាំង​តាម​មធ្យោបាយ​នាវា​ល្បាត និង​យន្តហោះ​ស៊ើបការណ៍​មកកាន់​ជម្លោះ​ដែល​ស្ថិត​ក្បែរ​តំបន់​ដែល​ចិន បាន​សាងសង់​នៅក្នុង​តំបន់​ជម្លោះ ក្រោម​ហេតុផល​ថា ដើម្បី​អនុវត្ត​សិទ្ធិសេរីភាព​នៃ​ការធ្វើ​នាវាចរណ៍ និង​សេរីភាព​នៃ​ការហោះហើរ​ដែល​ផ្តល់​ដោយ​ច្បាប់​អន្តរជាតិ​នោះ​។ ជាងនេះទៅទៀត​នោះ អាមេរិក ក៏បាន​សហការ​ណ៍​ជាមួយនឹង​បណ្តា​ភាគី​ជម្លោះ​ដែល​រួមមាន​ទាំង​ហ្វីលីពីន និង​វៀតណាម​ក្នុងការ​ពង្រឹងសមត្ថភាព​ការពារ​ដែនសមុទ្រ​ដើម្បី​ទប់ទល់​ជាមួយនឹង​ចិន​ផងដែរ​។ តែ​ក្រោម​រដ្ឋបាល​ថ្មី​របស់​ហ្វីលីពីន អាមេរិក ហាក់ដូចជា​មិនសូវមាន​សកម្មភាព​យោធា​ប្រឆាំង​ចិន​ដូច​មុន​ទៀត ដ្បិត​រដ្ឋបាល​ថ្មី​នេះ មាន​និន្នាការ​ខ្លាំង​ប្រឆាំងនឹង​អាមេរិក​៕


Tag:
 ចិន​
  អាមេរិក​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com