អន្តរជាតិ
បុគ្គល​មាន​ឥទ្ធិពល​ជាងគេ​៖ ពូ​ទីន លេខ​១, ត្រាំ លេខ​២ ឯ Duterte លេខ​៧០
15, Dec 2016 , 8:59 pm        
រូបភាព
​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ដែល​ទើប​កាន់តំណែង​មិនទាន់បាន​មួយឆ្នាំ​ផង បានបង្ហាញ​មុខជា​លើកដំបូង​ក្នុង​បញ្ជី​បុគ្គល​មាន​ឥទ្ធិពល​ខ្លាំងជាងគេ​លើ​ពិភពលោក​របស់​ទស្សនា​វ​ដ្ដី Forbes ។ «Idol» របស់លោក គឺ​ប្រធានាធិបតី​រុស្សី វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​បន្ត​ឈរ​លេខ​រៀង​ទី​១ ក្នុង​បញ្ជី​ប្រចាំឆ្នាំ​២០១៦ នេះហើយ​លោក ពូ​ទីន កាន់តំណែង​បុគ្គល​មាន​ឥទ្ធិពល​ជាងគេ​បាន​បួន​ឆ្នាំ​ជាប់​គ្នា​។​



​ទស្សនាវដ្ដី Forbes បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​បុគ្គល​មាន​ឥទ្ធិពល​ជាងគេ​លើ​ពិភពលោក​។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ ក្នុង​បញ្ជី​ដែលមាន​ឈ្មោះ​បុគ្គល​៧៤​រូប គេ​សង្កេតឃើញ​មាន​បុគ្គល​ទើប​ជាប់​ឈ្មោះ​ថ្មី​ចំនួន​១១​រូប ក្នុងនោះ​ក៏​បុរស​ខ្លាំង​របស់​ហ្វីលីពីន Rodrigo Duterte ដែល​ចូលកាន់​តំណែង​ប្រធានាធិបតី​បាន​ប្រហែល​៦​ខែ​។ លោក Duterte ជាប់​ចំណាត់​ទី​៧០ នៃ​បញ្ជី​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​១៤ ខែធ្នូ​។​

​ទស្សនាវដ្ដី Forbes បាន​ពណ៌នា​លោក Duterte ជា​មនុស្ស​ដែល​និយាយ​អ្វីដែល​គាត់​បានគិត បើទោះជា​ពាក្យ​ទ្រគោះបោះបោក​ក្ដី តែ​អាកប្បកិរិយា​បែបនេះហើយ ទើប​ធ្វើ​ឲ្យ​លោក​ក្លាយជា​បុគ្គល​ល្បី​។ ទស្សនាវដ្ដី​ដដែល​នេះ ក៏បាន​រៀបរាប់​ពី​យុទ្ធនាការ​បោសសម្អាត​គ្រឿងញៀន​របស់លោក Duterte ដែល​សម្លាប់​ជីវិត​អស់​ជាច្រើន​ពាន់​នាក់ និង​ការ​ងាក​ទៅរក​ចិន និង​រុស្សី​ផងដែរ​។​

​បុគ្គល​ដែល​ទើប​ឈ្មោះ​ដូច​លោក Duterte ដែរ​មាន នាយករដ្ឋមន្ត្រី​អង់គ្លេស Theresa May មាន​ចំណាត់ថ្នាក់​ទី​១៣, នាយក​ប្រតិបត្តិ Uber Travis Kalanick នៅ​លេខ​រៀង​ទី​៦៤, នាយក​ប្រតិបត្តិ Walt Disney Bob Iger នៅ​លេខ​រៀង​ទី​៦៧ ហើយ​អនុ​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក Mike Pence មាន​លេខ​រៀង​ទី​៦៩ ។ នេះ​បើ​យោងតាម​បញ្ជី​ដដែល​ខាងលើ​។​

​កាន់តែ​ពិសេស​នោះ ប្រធានាធិបតី​រុស្សី វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​បន្ត​ឈរលើ​ទី​កំពូល​ក្នុង​ឆ្នាំ​ទី​បួន​ជាប់ៗ​គ្នា​សម្រាប់​ឆ្នាំ​២០១៦​។ ទស្សនាវដ្ដី Forbes សរសេរថា ប្រធានាធិបតី​រុស្សី​រូបនេះ បាន​ពង្រីក​ឥទ្ធិពល​របស់​រុស្សី​ទៅកាន់​គ្រប់កន្លែង​លើ​ពិភពលោក​។ ពី​ទឹកដី​កំណើត ទៅដល់​ស៊ី​រី ធ្លាយ​ដល់​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក គេ​សង្កេតឃើញ​មាន​ឥទ្ធិពល​របស់លោក ពូ​ទីន ជានិច្ច​។

​ចំណាត់ថ្នាក់​បន្ទាប់ពី​ប្រធានាធិបតី ពូ​ទីន គឺ​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក ដូ​ណា​ល់ ត្រាំ ស្ថិតនៅ​លេខ​២​។ លោក​បាន​កើន​ចំណាត់ថ្នាក់​យ៉ាងខ្ពស់​ដោយ​លោក​មាន​ចំណាត់ថ្នាក់​លេខ​៧៤ ក្នុង​ឆ្នាំ​២០១៥​។ អធិការបតី​អាល្លឺម៉ង់ Angela Merkel នៅ​លំដាប់​ទី​៣, ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង នៅ​លំដាប់​ទី​៤ និង​សម្ដេច​ប៉ាប ហ្វ្រ​ង់​ស៊ី​ស ស្ថិតនៅ​លំដាប់​ទី​៥ ៕


Tag:
 Rodrigo Duterte
  Forbes
© រក្សាសិទ្ធិដោយ thmeythmey.com