អន្តរជាតិ
ទូត​អាមេរិក​និង​រុស្សី ទាស់សម្ដី​គ្នា​លើ​បញ្ហា​ស៊ី​រី​នៅ​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​
15, Dec 2016 , 10:19 pm        
រូបភាព
​អគ្គរដ្ឋទូត​អាមេរិក និង​រុស្សី ប្រចាំ​អង្គការសហប្រជាជាតិ បាន​ទាស់សំដី​គ្នា​នៅឯ​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​ស្ដីពី​ជម្លោះ​នៅ​ស៊ី​រី ដែល​កំពុងតែ​អាក្រក់​ឡើងៗ​ជាពិសេស​ស្ថានការណ៍​នៅ​ក្រុង Aleppo តែម្ដង​។ តំណាង​មហាអំណាច​ទាំងពីរ​ទម្លាក់​ឲ្យ​គ្នា​ទៅវិញទៅមក​លើ​ស្ថានការណ៍​ដែល​កាន់តែ​យ៉ាប់យ៉ឺន​នៅ​ស៊ី​រី ខណៈដែល​បទ​ឈប់​បាញ់​ដែល​ព្រមព្រៀងគ្នា​ដើម្បី​ជម្លៀស​ប្រជាជន​នោះ ក៏​មិនមាន​ប្រសិទ្ធភាព​ដែរ​។

 


​តំណាង​អាមេរិក និង​រុស្សី បាន​បោះ​ការទទួលខុសត្រូវ​លើ​ជម្លោះ​នៅ​ស៊ី​រី​ឲ្យ​គ្នា​ទៅវិញទៅមក​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​នៅ​ថ្ងៃទី​១២ ខែធ្នូ​។ អគ្គរដ្ឋទូត​អាមេរិក Samantha Power បាន​ចោទប្រកាន់​រុស្សី រដ្ឋាភិបាល​ប្រធានាធិបតី អាសាដ និង​អ៊ីរ៉ង់ ថា​បាន​ប្រើ​កម្លាំងយោធា​ដើម្បី​គ្រប់គ្រង និង​សម្លាប់​ប្រជាជន​ក្នុង​ក្រុង Aleppo ដែល​ត្រួតត្រា​ដោយ​ក្រុម​ឧទ្ទាម​ប្រឆាំង​។​

​ក្នុង​កិច្ចប្រជុំ​ដែល​សំដៅ​រក​ដំណោះស្រាយ​បញ្ឈប់​ការប្រយុទ្ធ​នៅ Aleppo លោកស្រី Power និយាយថា ទាំង​រុស្សី របប​លោក​អាសាដ និង​អ៊ីរ៉ង់ ត្រូវ​ទទួលខុសត្រូវ​លើ​បញ្ហា​ទាំងអស់​ដែល​កើតឡើង ព្រោះ​ប្រទេស​ទាំងបី​នេះ ទាត់ចោល​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​អន្តរជាតិ​ដើម្បី​ជម្លៀស​ប្រជាជន​។ ហើយ​ការបដិសេធ​នេះ ជា​សញ្ញា​ប្រាប់​ទៅ​សកម្មជន​ក្រុម​ឧទ្ទាម ឲ្យ​សម្លាប់​ប្រជាជន​ស្លូតត្រង់​បន្តទៀត​។​

​អគ្គរដ្ឋទូត​អាមេរិក​ដដែល​បន្ត​ចោទប្រកាន់​សម្ព័ន្ធមិត្ត​បី​ប្រទេស​នេះ​ទៀតថា កងកម្លាំង​និង​កូនចៅ​របស់​ពួកគេ បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​លើ​ប្រជាជន​។ មិនតែប៉ុណ្ណោះ គ្រាប់បែក គ្រាប់កាំភ្លើង​ធំ និង​ប្រតិបត្តិការ​ដែនអាកាសរ​បស់​ពួកគេ បាន​ជួយ​ឲ្យ​ក្រុម​អ្នក​ប្រយុទ្ធ​ហ៊ុមព័ទ្ធ​ប្រជាជន​ស៊ី​រី​រាប់ពាន់នាក់ មិន​ឲ្យ​ចេញ​ទៅណា​រួច​ឡើយ​។​

​ជាការ​ឆ្លើយតប អគ្គរដ្ឋទូត​រុស្សី Vitaly Churkin ក៏បាន​រិះគន់​អាមេរិក​វិញ​ភ្លាមៗ​ដែរ និង​បាន​ទាត់ចោល​ការចោទប្រកាន់​ទាំងឡាយ​របស់​អគ្គរដ្ឋទូត​អាមេរិក​។ លោក Churkin បាន​ហៅ​ការអធិប្បាយ​របស់លោក​ស្រី Power ជា​រឿង​ចម្លែក និង​និយាយ​ដួច​ជា​ខ្លួន​ជាម​នុស្ស​ល្អ​អ៊ីចឹង​។ លោក​ក៏បាន​ប្រាប់​ឲ្យ​លោកស្រី Power ចងចាំ​ពី​កំណត់ត្រា​របស់​អាមេរិក​ដែល​ចូលចិត្ត​ឈ្លានពាន​អ្នកដទៃ​។​

​តំណាង​រុស្សី​រូបនេះ​ក៏​មិន​ភ្លេច​វាយប្រហារ​អាមេរិក​វិញ​ដែរ ដោយ​លោក​បាន​រម្លឹក​ពី​តួនាទី​របស់​អាមេរិក និង​សម្ព័ន្ធមិត្ត​ខ្លួន ដែល​ជួយ​ឲ្យ​ក្រុម​រដ្ឋ​ឥស្លាម​លេច​ជា​រូបរាង​តាមរយៈ​ការឈ្លានពាន​អ៊ីរ៉ាក់​ពី​សំណាក់​អាមេរិក​ផ្ទាល់ និង​អង់គ្លេស​។ មិនតែប៉ុណ្ណោះ រុស្សី មិន​ពេញចិត្ត​អាមេរិក​ដែល​បាន​ត្រឹម​ត្អូញត្អែរ​ចង់​ឲ្យ​ការប្រយុទ្ធ​គ្នា​នៅ Aleppo ឆាប់​បញ្ចប់ តែ​ខ្លួន​មិនបាន​ជួយ​អ្វី​ឡើយ​។    

​ការជម្លៀស​ប្រជាជន​នៅ Aleppo ត្រូវ​ចាត់ទុកជា​ជ័យជម្នះ​មួយ​ដ៏​ធំ​របស់​រដ្ឋាភិបាល បា​សា អាល់​អាសាដ ព្រោះ​ក្រុម​ឧទ្ទាម​បាក់ទ័ព​និង​គ្មាន​ចលនា ប្រឆាំង​នៅក្នុង​ទីក្រុង​នេះ​ទៀតឡើយ​។ គេ​មិនដឹងថា ជន​ស៊ីវិល​ប៉ុន្មាន​នាក់​ដែល​បន្ត​ស្ថិតនៅ​ទីក្រុង​នេះ​ទេ ប៉ុន្តែ​គេ​វាយតម្លៃថា មនុស្ស​ប្រហែល ១៣ ម៉ឺន​នាក់​បាន​រត់​ចូលទៅ​ជ្រកកោន​នៅ​ទីក្រុង​នេះ​ក្នុងពេលដែល​មានការ​វាយលុក​របស់​កងទ័ព​រដ្ឋាភិបាល​៕


Tag:
 អាមេរិក​
  រុស្សី​
  ស៊ី​រី​
  Aleppo
© រក្សាសិទ្ធិដោយ thmeythmey.com