អន្តរជាតិ
អឺរ៉ុប​ដើរ​ផ្ទុយ​ពី​លោក ដូ​ណា​ល់ ត្រាំ ដោយ​សម្រេច​បន្ត​ដាក់ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​៦​ខែ​ទៀត​
16, Dec 2016 , 9:30 pm        
រូបភាព
​មេដឹកនាំ​អឺរ៉ុប បាន​ឯកភាពគ្នា​បន្ត​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​រុស្ស៊ី​រយៈពេល​៦​ទៀត ដើម្បី​បង្ខំ​ប្រទេស​នេះ​ឲ្យ​គោរព​កិច្ចព្រមព្រៀង​សន្តិភាព Minsk ដែល​ជាប់គាំង​ជាច្រើន​ខែ​មកហើយ​។ ការដាក់ទណ្ឌកម្ម​នេះ គឺ​ដើម្បី​ធានាថា ក្រុង​មូ​ស្គូ​នឹង​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង Minsk ឲ្យ​ពេញលេញ តែ​គេ​មិនដឹងថា ទណ្ឌ​កម្មនេះ នឹងមាន​ឥទ្ធិពល​ខ្លាំង​ប៉ុណ្ណា​លើ​រុស្ស៊ី​ដែរ​។ មួយវិញទៀត ការបន្ត​ទណ្ឌកម្ម​នេះ ជា​សញ្ញា​នៃ​ការដើរ​លើផ្លូវ​ខុសគ្នារ​វាង​អឺរ៉ុប និង​អាមេរិក​ក្រោម​អាណត្តិ​ប្រធានាធិបតី​ថ្មី ដូ​ណា​ល់ ត្រាំ ផងដែរ​។

 


សូស្ដាប់ព័ត៌មានលម្អិត៖




​បណ្ដា​មេដឹកនាំ​អឺរ៉ុប បាន​ព្រមព្រៀងគ្នា​បន្ត​ទណ្ឌកម្ម​៦​ខែ​ទៀត​លើ​រុស្ស៊ី​ក្នុង​សំណុំរឿង​អ៊ុយ​ក្រែ​ន ដែល​រុស្ស៊ី​លេប​យក​តំបន់​គ្រី​មៀ​កាលពី​ឆ្នាំ​២០១៤​។ មេដឹកនាំ​រដ្ឋ​សមាជិក​អឺរ៉ុប បាន​ព្រមព្រៀងគ្នា​ដូចនេះ នៅឯ​កិច្ចប្រជុំ​កំពូល​ក្នុង​ក្រុង​ព្រុ​ច​សែ​ល​នៅ​ថ្ងៃទី​១៥ ខែធ្នូ ខណៈ​ទណ្ឌកម្ម​បច្ចុប្បន្ន​អស់​សុពលភាព​នៅ​ដំណាច់​ខែមករា​ឆ្នាំ​២០១៧ ។ ចំណែក​ទណ្ឌកម្ម​ថ្មី​ដែល​ត្រូវ​បន្ត​នឹង​ចាប់ផ្ដើម​ពី​ខែកុម្ភៈ ដល់​ខែកក្កដា ឆ្នាំ​២០១៧​។​

​នៅមុននេះ បារាំង និង​អាល្លឺម៉ង់ ដែល​កំពុង​ដើរតួ​ជា​អ្នកដឹកនាំ​អឺរ៉ុប និង​ជា​ស្ថាបនិក​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​នេះ បាន​តវ៉ា​ថា កិច្ចព្រមព្រៀង Minsk នៅ​មិនទាន់​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​ឡើយ ដ្បិត​រុស្ស៊ី​នៅតែ​បន្តសកម្មភាព​របស់ខ្លួន​ដដែល​។ បស្ចិមប្រទេស នៅតែ​បន្ត​ចោទប្រកាន់​ក្រុង​មូ​ស្គូ ថា​បាន​ជួយ​គាំទ្រ​ក្រុម​ឧទ្ទាម​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ដើម្បី​ប្រឆាំងនឹង​រដ្ឋាភិបាល​ក្រុង​គៀវ តែ​ក្រុង​មូ​ស្គូ​បាន​ទាត់ចោល​ការចោទប្រកាន់​នេះ​ផងដែរ​។​

​មេដឹកនាំ​សមាជិក​ភាគច្រើន យល់ឃើញថា ការដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី​មិនមាន​ប្រសិទ្ធភាព​ឡើយ​។ ប៉ុន្តែ ពួកគេ​សម្រេចចិត្ត​ធ្វើបែបនេះ ដើម្បី​បង្ហាញ​ពី​ឥទ្ធិពល​របស់ខ្លួន ចំពេល​ដែល រុស្ស៊ី​បន្ត​អន្តរាគមន៍​ជួយ​របប​លោក អាសាដ ហើយ​វា​បានបង្ហាញ​ពី​អានុភាព​របស់​រុស្ស៊ី​។ ប្រធានាធិបតី​លី​ទុយ​អា​នី Dalia Grybauskaite និយាយថា សមាជិក​អឺរ៉ុប​ទាំងអស់ យល់​ដូចគ្នា​ថា ការបន្ត​ទណ្ឌកម្ម​នេះ​ជា​រឿង​មិនអាច​គេច​បាន​។​

​ទណ្ឌកម្មសេដ្ឋកិច្ច​ជា​បន្តបន្ទាប់​របស់​អឺរ៉ុប ពិតជា​បាន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​រុស្ស៊ី​មែន តែ​អឺរ៉ុប​ខ្លួនឯង ក៏​រង​ផល​អវិជ្ជមាន​មិនតិច​ដែរ​។ រុស្ស៊ី បាន​ឆ្លើយតប​នឹង​ទណ្ឌកម្ម​របស់​អឺរ៉ុប​ដោយបាន​ផ្អាក​ទំនាក់ទំនង​លើ​វិស័យ​ជាច្រើន​ជាមួយ​រដ្ឋ​សមាជិក​អឺរ៉ុប​ដូចជា​ពាណិជ្ជកម្ម និង​ការនាំចេញ​ថាមពល​ជាដើម​។ ក្រៅពីនោះ រុស្ស៊ី ក៏​ងាក​ទៅរក​ទីផ្សារ​ដទៃទៀត​ដូចជា​អាស៊ី អាមេរិក​ឡាទីន ដើម្បី​ពង្រឹង​កំណើនសេដ្ឋកិច្ច​របស់ខ្លួន​វិញ​ដែរ​។   

១. រុស្ស៊ី​ថា ទណ្ឌកម្ម​អឺរ៉ុប​ដាក់​ដើម្បី​រក្សា​ការរួបរួម​របស់ខ្លួន​ប៉ុណ្ណោះ​
​តាមពិតទៅ មិនមែន​រដ្ឋ​សមាជិក​អឺរ៉ុប​ទាំងអស់​សុទ្ធតែ​គាំទ្រ​ការបន្ត​ទណ្ឌកម្ម​លើ​រុស្ស៊ី​ឡើយ​។ រដ្ឋ​សមាជិក​ខ្លះ​ដូចជា អ៊ីតាលី និង​ស្លួ​វ៉ា​គី ជាដើម ចង់​ឲ្យ​បញ្ឈប់​ការដាក់ទណ្ឌកម្ម​ដែល​ដាក់​រុស្ស៊ី​អស់​ពេល​ជា​យូរ តែ​ដូចជា​មិនសូវ​ឃើញ​មាន​ប្រសិទ្ធភាព​អ្វី​សោះ​។ ផ្ទុយទៅវិញ សេដ្ឋកិច្ច​ប្រទេស​ទាំងអស់​រង​ការប៉ះពាល់​យ៉ាងខ្លាំង ជាពិសេស​ការធ្លាក់ចុះ​ការនាំចេញ​ទៅកាន់​រុស្ស៊ី ដែលជា​ទីផ្សារ​ដ៏​ធំ​របស់​ពួកគេ​។ 

​អគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​សហភាព​អឺរ៉ុប Vladimir Chizhov ចាត់ទុក​ការបន្ត​ទណ្ឌកម្ម​ពី​សំណាក់​អឺរ៉ុប គ្រាន់តែ​ដើម្បី​ការពារ​ការរួបរួម​គ្នា​ក្នុងចំណោម​សមាជិក​អឺរ៉ុប ដែល​កំពុង​ខ្វែងគំនិត​គ្នា​ខ្លាំង​។ លោក​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី TASS ថា រដ្ឋ​សមាជិក​ធំៗ​របស់​អឺរ៉ុប ចង់​ឲ្យ​មានការ​លុបចោល ឬ​បន្ធូរបន្ថយ​ទណ្ឌកម្ម​ខ្លះ ប៉ុន្តែ​រដ្ឋ​តូចៗ​វិញ ចង់​ឲ្យ​បន្ត​ទណ្ឌកម្ម​ទៀត​។ ចុងក្រោយ ពួកគេ​ក៏​សម្រេចចិត្ត​បន្ត​ទណ្ឌកម្ម ដើម្បី​តែ​ការរួបរួម​របស់​ពួកគេ​។

​អគ្គរដ្ឋទូត​រុស្ស៊ី​រូបនេះ​បញ្ជាក់ថា រឿងនេះ​តែ​កើត​ឡើងជា​ដដែល​រៀងរាល់​៦​ខែ ហើយ​ក្រុមប្រឹក្សា​អឺរ៉ុប ក៏​តែងតែ​សម្រេចចិត្ត​ផ្លូវការ​លើ​រឿង​ដូចគ្នា​ដែរ​។ ចំណែក​លក្ខខណ្ឌ​លម្អិត​នៃ​ទណ្ឌកម្ម គឺ​សម្រេច​ដោយ​គណៈកម្មាធិកា​រ​តំណាង​អចិន្ត្រៃយ៍​អឺរ៉ុប​។ លោក​បន្តទៀតថា ពេល​ខ្លះទៅ អឺរ៉ុប​មិន​បើក​កិច្ចប្រជុំ​ពិភាក្សា​អ្វី​ឡើយ ព្រោះ​រឿង​បែបនេះ នឹង​កើតឡើង​ដដែល ហើយ​សឹង​ក្លាយជា​គោលដៅ​របស់​អឺរ៉ុប​ទៅហើយ​។

២. អឺរ៉ុប និង​អាមេរិក ដើរ​លើផ្លូវ​ខុសគ្នា​លើ​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​
​ទាក់ទិន​នឹង​ការបន្ត​ទណ្ឌកម្ម​នេះដែរ ប៉ូឡូញ ដែលជា​រដ្ឋ​សមាជិក​អឺរ៉ុប​ប្រឈមមុខ​រុស្ស៊ី​ខ្លាំងជាងគេ ទាមទារ​ឲ្យ​បន្ត​ទណ្ឌកម្ម​រយៈពេល​វែង​លើ​រុស្ស៊ី ប៉ុន្តែ​អ៊ីតាលី​ឯណោះ​វិញ បែរជា​ស្នើ​ឲ្យ​មានការ​ស្ដារ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​រុស្ស៊ី​ទៅវិញ​។ អ្វីដែល​កាន់តែ​ស្មុគស្មាញ​នោះ ការបន្ត​ដាក់ទណ្ឌកម្ម​នេះ ក៏​ជាស​ញ្ញា​ប្រាប់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដែល​ចង់​ងាក​ទៅរក​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​រុស្ស៊ី​នោះ​។​

​តាំងពី​អំឡុងពេល​យុទ្ធនាការ​ស្វែងរក​សំឡេងឆ្នោត​មក លោក ដូ​ណា​ល់ ត្រាំ បាន​សន្យា​ស្ដារ​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី ដោយ​មិនសូវ​ខ្វល់​ពី​ការព្រួយបារម្ភ​របស់​អឺរ៉ុប​ឡើយ​។ លោក​ទំនងជា​ចង់​ដោះដៃ​ពី​អឺរ៉ុប ដែល​លោក​អះអាងថា ពឹងផ្អែក​តែ​លើ​អាមេរិក និង​ចាប់ដៃ​រុស្ស៊ី​វិញ​។ នាពេល​កន្លងមក ទាំង​លោក ត្រាំ និង​លោក ពូ​ទីន សុទ្ធតែ​ធ្លាប់​លើកសរសើរ​គ្នា​ទៅវិញទៅមក និង​សន្យា​កសាង​ទំនាក់ទំនង​ថ្មី​ទៀតផង​។

​ចំណែក​ទំនាក់​ទំនងជា​អឺរ៉ុប​វិញ គេ​មិនឃើញ​មាន​សញ្ញា​ល្អ​អ្វី​ឡើយ ហើយ​ទំនាក់ទំនង​ផ្ទៃក្នុង​សម្ព័ន្ធ​យោធា​ណា​តូ ក៏​មិនសូវ​ស្រួល​ដែរ​។ គេ​ចាំបាន​ថា លោក​ដូ​ណា​ល់ ត្រាំ ធ្លាប់បាន​ប្រកាស​ហើយ​ថា លោក​នឹង​ឲ្យ​ប្រទេស​ដែលមាន​មូលដ្ឋាន​កងទ័ព​អាមេរិក ត្រូវ​ជួយ​ចេញថ្លៃ​ចំណាយ​តាម​ការសន្យា​របស់ខ្លួន បើ​មិន​ចង់​ឲ្យ​លោក​ដកទ័ព​ទេនោះ​។ ការប្រកាស​ដូចនេះ ធ្វើ​ឲ្យ​ប្រទេស​អឺរ៉ុប​ដែល​កំពុង​ភ័យខ្លាច​នឹង​ឥទ្ធិពល​រុស្ស៊ី បារម្ភ​យ៉ាងខ្លាំង​។​

​នៅឯ​កិច្ចប្រជុំ​កំពូល​នៅ​ថ្ងៃទី​១៥ ខែធ្នូ បណ្ដា​មេដឹកនាំ​អឺរ៉ុប ហាក់​ប្រុងប្រយ័ត្ន​ខ្លាំង​លើ​ការបន្ត​ទណ្ឌកម្ម ដែល​ដូចជា​ផ្ទុយ​នយោបាយ​របស់​អាមេរិក​។ អធិការ​តី​អាល្លឺម៉ង់ Angela Merkel បញ្ជាក់ថា ការសម្រេចចិត្ត​របស់​អឺរ៉ុប​នៅពេលនេះ គឺ​ពឹង​ផ្អែកលើ​ស្ថានការណ៍​ជាក់ស្ដែង មិនមែន​ចង់​ប្រឆាំង​នយោបាយ​របស់​រដ្ឋបាល​ថ្មី​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នោះឡើយ​។ ឯ​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​វិញ​ក៏​និយាយ​ដែរ​ថា វា​ដូចជា​លឿន​ពេក​ហើយ​ក្នុង​វាយតម្លៃ​គោលនយោបាយ​អាមេរិក​ចំពោះ​រុស្ស៊ី​៕


Tag:
 អឺរ៉ុប​
  រុស្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com