អន្តរជាតិ
អ៊ីរ៉ង់​ស្នើ​បើក​កិច្ចប្រជុំ​មហាអំណាច ក្រោយ​អាមេរិក​រំលោភ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​
19, Dec 2016 , 1:27 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Mohammad Javad Zarif (រូបភាព Xinhua)
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Mohammad Javad Zarif (រូបភាព Xinhua)
​អ៊ីរ៉ង់ បានបង្ហាញ​ការមិនសប្បាយចិត្ត​រប​ស់​ខ្លួន​លើ​ការសម្រេច​របស់​ព្រឹទ្ធសភា​អាមេរិក ដែល​បាន​បន្ត​ដាក់ទណ្ឌកម្ម​លើ​ខ្លួន​រយៈពេល​១០​ឆ្នាំ​ទៀត​។ អ៊ីរ៉ង់ ចាត់ទុក​ការសម្រេច​នេះ​ជាការ​រំលោភបំពាន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ ដែល​ខ្លួន​សម្រេចបាន​ជាមួយ​មហា​អំណាច​៦​ផ្សេងទៀត​រួមទាំង​អាមេរិក​ផងដែរ​។ ហើយ​អ៊ីរ៉ង់ បានស្នើ​ឲ្យ​មាន​ការបើក​កិច្ចប្រជុំ​មួយ​ជុំវិញ​សកម្មភាព​ថ្មីៗ​របស់​អាមេរិក​។​



​ការដាក់​បន្ត​ទណ្ឌកម្ម​ដាក់ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​ពី​សំណាក់​អាមេរិក ធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​តេ​អេ​រ៉ង់​ប្រតិកម្ម​យ៉ាងខ្លាំង​។ នៅ​ថ្ងៃទី​១៧ ខែធ្នូ រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ Mohammad Javad Zarif បាន​សរសេរ​លិខិត​មួយ​ទៅកាន់​ប្រមុខ​គោលនយោបាយ​ការបរទេស​អឺរ៉ុប​លោកស្រី Federica Mogherini ដោយ​អំពាវនាវ​ឲ្យ​បើក​កិច្ចប្រជុំ​គណៈកម្មការ​រួម​ដែល​ពង្រាង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ដើម្បី​ពិនិត្យមើល​ចំណាត់ការ​របស់​អាមេរិក​។​

​លោកស្រី Federica Mogherini បាន​ដើរ​យ៉ាងសំខាន់​ក្នុងការ​សម្របសម្រួល​នៃ​គណៈកម្មការ​រួម​នេះ​ដែលមាន​សមាជិក​ជា​មហាអំណាច​ចំនួន​៦​ប្រទេស និង​អ៊ីរ៉ង់ ដើម្បី​សម្រេចបាន​«​ផែនការ​សកម្មភាព​គ្រប់​ជ្រុងជ្រោយ​រួមគ្នា (JCPOA)» សម្រាប់​ដោះស្រាយ​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​។ អ៊ីរ៉ង់ បាន​ព្រមព្រៀង​ជាមួយ​អាមេរិក អាល្លឺម៉ង់ រុស្សី បារាំង អង់គ្លេស និង​ចិន ក្នុងការ​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន ជា​ថ្នូរ​នឹង​ការលុបចោល​ទណ្ឌកម្ម​បស្ចិម​លោក​។​

​យ៉ាងណាក្ដី ក្នុង​លិខិត​ផ្ញើ​ទៅកាន់​ប្រមុខ​ការបរទេស​អឺរ៉ុប លោក Javad Zarif បានលើកឡើង​ពី​ការប្ដេជ្ញាចិត្ត​របស់​ក្នុងការ​អនុវត្តតាម​កិច្ចព្រមព្រៀង​ខាងលើ និង​បាន​អំពាវនាវ​ឲ្យ​ប្រទេស​ពាក់ព័ន្ធ​ផ្សេងទៀត​គោរព​កិច្ចព្រមព្រៀង​នេះ ព្រោះ​វា​ជា​កិច្ចព្រមព្រៀង​ពហុភាគី​។ ប្រមុខ​ការទូត​អ៊ីរ៉ង់ ក៏បាន​លើក​ជា​សំណួរ​ទាក់ទង​ការបន្ត​ទណ្ឌកម្ម​របស់​អាមេរិក និង​ស្នើ​ឲ្យ​គណៈកម្មការ​រួមគ្នា ពិចារណា​លើ​ករណីនេះ​។

​នៅ​ថ្ងៃទី​១ ខែធ្នូ ព្រឹទ្ធសភា​អាមេរិក​បាន​បោះឆ្នោត​បន្ត​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​រយៈពេល​១០​ឆ្នាំ​ទៀត​។ យ៉ាងណាមិញ បើទោះជា​ប្រធានាធិបតី​ចាំផ្ទះ បា​រ៉ា​ក់ អូ​បា​ម៉ា បាន​មិន​ព្រម​ចុះហត្ថលេខា​ដើម្បី​អនុវត្ត​ការសម្រេច​នេះ ក៏​ការសម្រេច​នេះ​ចូល​ជា​ធរមាន​ដែរ ព្រោះ​សភា​ទាំងពីរ​អនុម័ត​រួចហើយ​។ ម្យ៉ាងទៀត ក្រុង​វ៉ាស៊ីនតោន ក៏​ព្យាយាម​ពន្យល់​មេដឹកនាំ​អ៊ីរ៉ង់​ថា ការសម្រេច​របស់​សភា នឹង​ប៉ះពាល់​កិច្ចព្រមព្រៀង JCPOA ឡើយ​។​

​សារព័ត៌មាន​រុស្សី RT ផ្សាយ​ថា ប្រធានាធិបតី​អ៊ីរ៉ង់ Hassan Rouhani និង​មេដឹកនាំ​កំពូល Ayatollah Ali Khamenei សុទ្ធតែ​មិន​ពេញ​ចិត្តនឹង​រឿងនេះ​។ ប្រធានាធិបតី Rouhani បាន​បញ្ជា​ឲ្យ​ចាប់ផ្ដើម​ដំណើរការ​ផលិត​នាវា​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​។ ចំណែក​លោក Ali Khamenei ក៏​ចេញមក​ប្រកាស​ដែរ​ថា បើ​អាមេរិក​នៅតែ​បន្តសកម្មភាព​ល្មើស​នេះ អ៊ីរ៉ង់​នឹង​ឆ្លើយតប​មិន​ខាន​៕


© រក្សាសិទ្ធិដោយ thmeythmey.com