អន្តរជាតិ
បំពេញការងារល្អ លោក Duterte ផ្តល់លុយរង្វាន់ដល់ប៉ូលិសជាន់ខ្ពស់ដើម្បីលើកទឹកចិត្ត
× ស្នងការប៉ូលិសហ្វីលីពីនប្រកាសថា មន្ត្រីប៉ូលិសជាន់ខ្ពស់ហ្វីលីពីនជាច្រើននាក់ នឹងទទួលបានកាដូទឹកប្រាក់សន្ធឹកសន្ធាប់ពីវិមានប្រធានាធិបតី Malacañang របស់លោក Rodrigo Duterte ។ អគ្គស្នងការប៉ូលិសជាតិហ្វីលីពីន Ronald dela Rosa បាននិយាយការពារមុនថា ចំនួនទឹកប្រាក់សន្ធឹកសន្ធាប់ មិនមែនផ្ដល់ឲ្យគ្រប់មន្ត្រីប៉ូលិសជាតិហ្វីលីពីន ហើយក៏មិនមែនបានមកពីប្រភពទុច្ចរិតអ្វីឡើយ។
ប្រធានធិបតីហ្វីលីពីន Rodrigo Duterte បានបញ្ចេញកញ្ចប់ទឹកប្រាក់ជាច្រើនសម្រាប់ផ្ដល់ឲ្យមន្ត្រីប៉ូលិសជាន់ខ្ពស់ ជាការលើកទឹកចិត្តក្នុងថ្ងៃសម្រាកចុងឆ្នាំ។ មេប៉ូលិសជាតិហ្វីលីពីន លោកឧត្តមសេនីយ៍ Ronald dela Rosa បានប្រកាសថា រង្វាន់ទឹកប្រាក់នេះ នឹងផ្ដល់សម្រាប់តែមន្ត្រីប៉ូលិសជាន់ខ្ពស់ប៉ុណ្ណោះ ដែលបំពេញការងារបានល្អ ហើយពួកគេនឹងទទួលបានប្រាក់រង្វាន់ពី៥ម៉ឺនពឺសូ (១ពាន់ដុល្លារ) ទៅដល់៤០ម៉ឺនពឺសូ (៨ពាន់ដុល្លារ)។
សារព័ត៌មាន Rappler ផ្សាយថា មេប៉ូលិសជាតិហ្វីលីពីនរូបនេះ បានប្រកាសពីដំណឹងល្អនេះ នាឱកាសចូលរួមពិធីបុណ្យ Christmas នៅឯស្នាក់ការប៉ូលិសហ្វីលីពីននៅថ្ងៃទី១៩ ខែធ្នូ។ មន្ត្រីជាន់ខ្ពស់ប៉ូលិសដែលត្រូវទទួលប្រាក់រង្វាន់រួមមាន ស្នងការប៉ូលិសជាតិ ស្នងការប៉ូលិសថ្នាក់តំបន់ និងថ្នាក់ខេត្ត និងមន្ត្រីថ្នាក់ខ្ពស់ដទៃទៀត។ មន្ត្រីប៉ូលិសពាក់ផ្កាយមួយ ទៅដល់ផ្កាយបួន នឹងទទួលប្រាក់រង្វាន់ពី១០ម៉ឺនពឺសូ ទៅ៤០ម៉ឺនពឺសូ។
ថ្លែងប្រាប់អ្នកកាសែតបន្ទាប់ពីចប់កម្មវិធី លោកឧត្តមសេនីយ៍ De la Rosa បញ្ជាក់ថា តាមពិតលោក Duterte ចង់ឲ្យប្រាក់រង្វាន់ទៅប៉ូលិសទាំងអស់ តែមិនអាចធ្វើបាន។ លោកបន្តថា៖ «ប៉ុន្តែវាគ្រប់គ្រាន់សម្រាប់យើង ព្រោះនេះជាលើកដំបូងសម្រាប់ស្ថាប័នប៉ូលិស ដែលទទូលរង្វាន់ទឹកប្រាក់ពីវិមាន Malacañang ។ ទាក់ទិនប្រភពនៃប្រាក់រង្វាន់នេះ លោក Rosa អះអាងថា មិនមែនបានមកពីលក់ថ្នាំញៀនឡើយ។
ដោយសារមានអ្នករិះគន់ លោកឧត្តមសេនីយ៍ De la Rosa ដែលជាប្រមុខដឹកនាំយុទ្ធនាការបង្ក្រាបគ្រឿងញៀនរបស់លោក Duterte ក៏បាននិយាយការពារការប្រកាសពីការផ្ដល់រង្វាន់ទឹកប្រាក់នេះដែរ។ លោកចាត់ទុកការប្រកាសរបស់លោក ជាការបង្ហាញពីតម្លាភាពនៃការផ្ដល់ប្រាក់រង្វាន់នេះ។ លោកបានប្រតិកម្មតបអ្នកទាំងនោះថា រិះគន់តែរឿងនេះ តែពួកគេមិនដែលប្រតិកម្មតបនឹងមូលនិធិប្រាក់ហោប៉ៅរបស់ប៉ូលិសនាពេលកន្លងមកឡើយ។
ការផ្ដល់រង្វាន់ទឹកប្រាក់នេះ ទំនងជាការលើកទឹកចិត្តពីសំណាក់ប្រធានាធិបតី Duterte ចំពោះមន្ត្រីប៉ូលិសហ្វីលីពីន ដែលស្មោះត្រង់ចំពោះលោក និងបានអនុវត្តបទបញ្ជាបង្ក្រាបគ្រឿងញៀនយ៉ាងម៉ឺងម៉ាត់នាពេលកន្លងមក។ ប្រសិនបើគ្មានក្រុមមន្ត្រីប៉ូលិសទាំងនោះទេ យុទ្ធនាការបង្ក្រាបគ្រឿងញៀនរបស់លោក Duterte ក៏មិនអាចចេញជារូបរាង និងសម្លាប់អ្នកពាក់ព័ន្ធគ្រឿងញៀនរាប់ពាន់នាក់បានដែរ៕
Tag:
ហ្វីលីពីន
Rodrigo Duterte
Ronald dela Rosa
© រក្សាសិទ្ធិដោយ thmeythmey.com