អន្តរជាតិ
នយោបាយអន្តរជាតិ
អាល្លឺម៉ង់៖ យ៉ាងតិច ១២នាក់ស្លាប់ ក្នុងហេតុកាណ៍ឡានបើកកិនមនុស្ស
×
មនុស្សយ៉ាងតិច១២នាក់ បានបាត់បង់ជីវិត និងជិត៥០នាក់ទៀតរងរបួស ក្នុងហេតុការណ៍ឡានបើកបំបុកហ្វូងមនុស្សនៅក្នុងផ្សារបុណ្យ Christmas ដែលមានមនុស្សកុះករក្នុងរដ្ឋធានីបែរឡាំងនៅរាត្រីថ្ងៃទី១៩ ខែធ្នូ។ គេមិនទាន់ដឹងពីមូលហេតុនៅពីក្រោយរឿងនេះឡើយ ហើយប៉ូលិសអាល្លឺម៉ង់ ក៏មិនអាចសន្និដ្ឋានថា ហេតុការណ៍នេះជារឿងភេរវកម្មនោះដែរ។
រថយន្តសង្គ្រោះបន្ទាន់ និងក្រុមប៉ូលិសប្រដាប់អាវុធធុនធ្ងន់ ត្រូវបានបញ្ជូនទៅកាន់ផ្សារ Christmas មួយកន្លែងកណ្ដាលរដ្ឋធានីបែរឡាំង ក្រោយអ្នកបើកបរម្នាក់ បានបើករថយន្តធុនធ្ងន់មួយគ្រឿងសំដៅហ្វូងមនុស្សកុះករនៅផ្សារនោះ។ អ្នកបើកបររថយន្តនោះ ត្រូវបានចាប់ខ្លួនភ្លាមៗក្រោយការកើតហេតុ តែគេមិនទាន់ច្បាស់ថា នេះជាភេរវកម្មដែរ។
ប៉ូលិសអាល្លឺម៉ង់និយាយថា មនុស្សយ៉ាងតិច១២នាក់ បានស្លាប់ និង៤៨នាក់រងរបួស ដោយក្នុងនោះមាន៤នាក់របួសធ្ងន់ក្នុងហេតុការណ៍ដែលកើតឡើងតែជិតមួយសប្ដាហ៍មុនការមកដល់បុណ្យ Christmas ។ អ្នកនាំពាក្យប៉ូលិសអាល្លឺម៉ង់បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ការស៊ើបអង្កេតកំពុងធ្វើដើម្បីបញ្ជាក់ថា ហេតុការណ៍នេះ ជាសកម្មភាពភេរវកម្ម ឬយ៉ាងណា ប៉ុន្តែអ្វីៗនៅមិនទាន់ច្បាស់នៅឡើយទេ។
យ៉ាងណាក្ដី ប្រភពពីមន្ត្រីសន្តិសុខដែលស្រង់សំដីដោយទីភ្នាក់ងារព័ត៌មាន DPA និយាយថា អ្នកបើកឡាននោះ គឺជាជនភៀសខ្លួនស្វែងរកសិទ្ធិជ្រកកោនមកពីអាហ្វហ្គានីស្ថាន ឬក៏ប៉ាគីស្ថាន។ ជននេះបានមកដល់ទឹកដីអាល្លឺម៉ង់ក្នុងខែកុម្ភៈ ដើមឆ្នាំ២០១៦។ អ្នកនាំពាក្យប៉ូលិសបន្ថែមថា ប៉ូលិសបានចាប់ខ្លួនអ្នកបើកឡាននេះនៅទីតាំងមួយមានចម្ងាយ២គីឡូម៉ែត្រពីកន្លែងបុករះ និងកំពុងត្រូវបានសួរចម្លើយ។
យ៉ាងណាក្ដី រដ្ឋមន្ត្រីមហាផ្ទៃអាល្លឺម៉ង់ Thomas de Maiziere ហាក់រួញរាក្នុងការប្រើពាក្យវាយប្រហារភេរវកម្មនៅដំណាក់ដំបូងនេះ។ លោកអះអាងថា ការប្រើប្រាស់ពាក្យបែបនេះ មានផលប៉ះពាល់ខ្លាំងលើសតិអារម្មណ៍ប្រជាជន ដូច្នេះយើងត្រូវប្រយ័ត្នខ្លាំង និងត្រូវរង់ចាំការស៊ើបអង្កេតសិន មុននឹងសម្រេចិត្តបន្តទៀត ជាជាងបង្កើតស្ថានការណ៍មិនច្បាស់លាស់ក្នុងសង្គម។
ប៉ូលិសអាល្លឺម៉ង់អះអាងដែរថា ឡានធុនធ្ងន់នេះដឹកសសៃដែកជាច្រើន និងបានបុករះមនុស្សម្នាក្នុងពេលកំពុងមានមនុស្សកកកុញ។ ផ្សារសម្រាប់បុណ្យ Christmas នេះទាក់ទាញទេសចរយ៉ាងច្រើននៅតាមបណ្ដាទីក្រុងធំៗទូទាំងអាល្លឺម៉ង់។ ជារឿយៗនោះ កម្លាំងសន្តិសុខអាល្លឺម៉ង់តែងប្រកាសឲ្យប្រុងប្រយ័ត្ន ដ្បិតការលក់ដូររបៀបនេះ ពិតជាងាយរងគ្រោះពីការវាយប្រហារភេរវកម្មខ្លាំងណាស់៕
© រក្សាសិទ្ធិដោយ thmeythmey.com