អន្តរជាតិ
Duterte ព្រលះ​អាមេរិក​រឿង​ផ្ដាច់ជំនួយ​ចំពោះមុខ​អគ្គរដ្ឋទូត​អាមេរិក​
20, Dec 2016 , 9:19 pm        
រូបភាព
​ពី​វេទិកា​មួយ ទៅ​វេទិកា​មួយ ប្រធានាធិបតី​ហ្វី​លីន​ពី​ន Rodrigo Duterte តែង​ឆ្លៀតពេល​វាយប្រហារ និង​បង្ហាញ​ការមិន​ពេញចិត្ត​ចំពោះ​អាមេរិក​។ ការ​កាត់​ជំនួយ​៤០០​លាន​ដុល្លារ​ពី​សំណាក់​ស្ថាប័ន​ផ្ដល់ជំនួយ​របស់​អាមេរិក​នាពេល​ថ្មីៗ​នេះ រឹតតែ​ធ្វើ​ឲ្យ​លោក​ខឹងសម្បារ​យ៉ាងខ្លាំង​។ ដោយសារ​រឿងនេះ លោក Duterte ថែមទាំង​ហ៊ាន​រិះគន់​ក្រុង​វ៉ាស៊ីនតោន នៅ​ចំពោះមុខ​អគ្គរដ្ឋទូត​អាមេរិក​ទៀតផង​។



​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte និង​អគ្គរដ្ឋទូត​អាមេរិក​ថ្មី​ប្រចាំ​ហ្វីលីពីន Sung Kim បាន​ចូលរួម​កម្មវិធី​មួយ​នៅ​វិមាន​ប្រធានាធិបតី​នៅ​ថ្ងៃទី​១៩ ខែធ្នូ​។ ដូច​សព្វ​ដងនោះ ប្រធានាធិបតី Duterte បាន​វាយប្រហារ​អាមេរិក​យ៉ាងខ្លាំង ដោយ​មិន​ក្រែង​ចិត្ត​អគ្គរដ្ឋទូត​អាមេរិក​ដែល​អង្គុយ​នៅក្នុង​កម្មវិធី​ជាមួយ​លោក​ឡើយ​។ នៅ​ចំពោះមុខ​អគ្គរដ្ឋទូត​អាមេរិក លោក Duterte រិះគន់​អាមេរិក ដែល​ថ្មីៗ​នេះ មិន​ព្រម​ផ្ដល់ជំនួយ​ឲ្យ​ហ្វីលីពីន​។

​អាមេរិក​បានសម្រេច​ផ្អាក​ការផ្ដល់​ជំនួយ​៤០០​លាន​ដុល្លារ​នេះ ដ្បិត​ព្រួយបារម្ភ​ការរំលោភ​សិទ្ធិមនុស្ស​ក្នុង​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​។ ដោយ​សំដៅលើ​ការផ្ដាច់​ជំនួយ​នេះ ប្រធានាធិបតី​មាន​អត់​គម្រប​រូបនេះ​បញ្ជាក់​របៀប​ឌឺដង​ថា​៖ «៤០០​លាន​ដុល្លារ​? ចិន​នឹង​ឲ្យ​ខ្ញុំ​១៥​ពាន់​លាន​ដុល្លារ​ឯណោះ​។ ទៅផ្ទះ​វិញ​ទៅ​។ ខ្ញុំ​មិន​ត្រូវការ​ជំនួយ​របស់​អ្នក​ឡើយ​»​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​សារព័ត៌មាន Rappler ។

​ប្រភពព័ត៌មាន​ដដែល​នេះ​បន្តថា លោក Sung Kim ដែលជា​អគ្គរដ្ឋទូត​សញ្ជាតិ​កូរ៉េខាងត្បូង បាន​ត្រឹម​អង្គុយ​នៅ​ស្ងៀម​និង​ធ្វើ​មុខស្មើ​ចែស​ប៉ុណ្ណោះ​។ ដោយ​ទំនង​ដឹងថា អគ្គរដ្ឋទូត​អាមេរិក​ចូលរួម​កម្មវិធី​នេះដែរ លោក Duterte បាន​បន្ទន់​សម្ដី​បន្តិច​ថា នៅពេល​អាមេរិក ព្យាយាម​ដោះស្រាយ​បញ្ហា​ជាមួយ​ប្រទេស​អាស៊ាន អាមេរិក​ត្រូវ​ប្រយ័ត្ន​សម្ដី​របស់ខ្លួន​។ អាមេរិក​មិនអាច​ប្រើ​អាកប្បកិរិយា​បែបនេះ​ដាក់​ជប៉ុន ឬ​កូរ៉េខាងត្បូង​ឡើយ​។​

​ដោយសារតែ​រឿង​ផ្ដាច់ជំនួយ​នេះដែរ ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បាន​គំរាម​បណ្ដេញ​ទាហាន​អាមេរិក​ចេញពី​ទឹកដី​របស់ខ្លួន ដោយ​លោក​បាន​ព្រមាន​លុបចោល​កិច្ចព្រមព្រៀង ដែល​អនុញ្ញាត​ឲ្យ​កងកម្លាំង​អាមេរិក​ស្នាក់​នៅលើ​ទឹកដី​ហ្វីលីពីន​មិន​អចិន្ត្រៃយ៍​។ លោក បាន​ប្រាប់​អាមេរិក​ត្រូវតែ​បង់ថ្លៃ​ចំណាយ​ឲ្យ​ហ្វីលីពីន បើ​អាមេរិក​ចង់​ឲ្យ​ទាហាន​របស់ខ្លួន​ស្នាក់នៅ​បន្ត ឬក៏​ចង់​ដាក់​មូលដ្ឋាន​នោះ​។​

​រឿងរ៉ាវ​នៃ​ការផ្ដាច់​ជំនួយ និង​ការឆ្លើយ​ឆ្លង​រវាង​អាមេរិក និង​ហ្វីលីពីន កើតឡើង​ក្រោយ​រដ្ឋបាល​ប្រធានាធិបតី Duterte បើក​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន ដែល​បានសម្លាប់​មនុស្ស​ជាច្រើន​ពាន់​នាក់​មកហើយ​។ អាមេរិក​បង្ហាញ​ការព្រួយបារម្ភ​របស់ខ្លួន​ចំពោះ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ហ្វីលីពីន តែ​ត្រូវបាន​ប្រធានាធិបតី Duterte រិះគន់​ខ្លាំង​វិញ​ដែរ​។ រឿងនេះ​ក៏​រាលដាល​ដល់​ទំនាក់ទំនង​យោធា​រវាង​ប្រទេស​ទាំងពីរ ដល់​ថ្នាក់​លោក Duterte បញ្ជា​ឲ្យ​លុបចោល​សមយុទ្ធ​រួមគ្នា​ជាច្រើន និង​ចង់​បណ្ដេញ​ទាហាន​អាមេរិក​ចេញ​ទៀតផង​៕


Tag:
 ហ្វីលីពីន​
  អាមេរិក​
  Rodrigo Duterte
© រក្សាសិទ្ធិដោយ thmeythmey.com