អន្តរជាតិ
សមាជិកព្រឹទ្ធសភាហ្វីលីពីនដាស់តឿនលោក Duterte «កុំចោលមិត្តចាស់ ស្រវាថ្មី»
× មន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភាហ្វីលីពីនលោក Ralph Recto បានទទូចឲ្យរដ្ឋាភិបាលប្រធានាធិបតី Rodrigo Duterte អនុវត្តគោលនយោបាយការបរទេសឯករាជ្យ ដោយមិនត្រូវទោរទន់ខ្លាំងពេកលើមហាអំណាចណាមួយ និងបោះបង់ប្រទេសដទៃទៀតឡើយ។ លោក Ralph Recto ទទូចដូចនេះ ស្របពេលដែលប្រធានាធិបតី Duterte មាននិន្នាការងាករកមហាអំណាចចិន និងចាប់ផ្ដើមបែរខ្នងដាក់អាមេរិកជាសម្ព័ន្ធមិត្តចាស់វស្សា។
«កុំចោលមិត្តចាស់ ស្រវាថ្មី» នេះជាពាក្យរម្លឹកដាស់តឿនរបស់លោក Ralph Recto ជាប្រធានមតិភាគតិចនៃព្រឹទ្ធសភាហ្វីលីពីនចំពោះរដ្ឋាភិបាលលោក Rodrigo Duterte ជុំវិញការអនុវត្តនយោបាយការបរទេសឯករាជ្យ។ លោក Ralph Recto បានស្នើឲ្យរដ្ឋាភិបាលរក្សាឯករាជ្យភាពប្រទេស ដោយមិនត្រូវពឹងផ្អែកខ្លាំងលើមិត្តភក្តិថ្មីចិន ឬក៏មិត្តចាស់អាមេរិកនោះឡើយ។
ក្នុងសេចក្ដីថ្លែងការណ៍ថ្ងៃទី២០ ខែធ្នូ លោក Ralph Recto អះអាងថា ការរក្សាតុល្យភាពរវាងប្រទេសជាមិត្ត មិនមែនមានន័យថា ហ្វីលីពីនត្រូវបោះបង់សម្ព័ន្ធមិត្តចាស់ដើម្បីទទួលយកមិត្តភក្តិថ្មីឡើយ។ ដោយសំដៅលើអាកប្បកិរិយាបច្ចុប្បន្នរបស់រដ្ឋបាលលោក Duterte ប្រធានមតិភាគតិចរូបនេះនិយាយចំៗថា វាមិនមែនជារឿងល្អដែលត្រូវយកចិន ជំនួសអាមេរិកនោះ។ ប៉ុន្តែហ្វីលីពីនត្រូវអភិវឌ្ឍសមត្ថភាពខ្លួនឯងវិញប្រសើរជាង។
បើតាមសារព័ត៌មាន Rappler មន្ត្រីជាន់ខ្ពស់នីតិបញ្ញត្តិរូបនេះបានចោទជាសំណួរថា៖ «តើបានប្រយោជន៍អ្វីមកវិញ ដែលត្រូវរត់ចោលក្រញាំឥន្ទ្រីអាមេរិក និងងាកទៅក្រសោបនាគចិន ឬខ្លាឃ្មុំរុស្សីនោះ?»
ការចេញសេចក្ដីថ្លែងការណ៍ដាស់តឿនរបស់ប្រធានមតិភាគតិចព្រឹទ្ធសភាហ្វីលីពីន ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសហ្វីលីពីន Perfecto Yasay និយាយថា ក្រុងម៉ានីល នឹងមិនតវ៉ាលើរបាយការណ៍បង្ហាញថា ក្រុងប៉េកាំង កំពុងតែធ្វើយោធូបនីយកម្មនៅតំបន់ជម្លោះសមុទ្រចិនខាងត្បូងក៏ដោយ។ ជួនពេលគ្នានោះ ប្រធានាធិបតី Duterte បែរជាចង់បណ្ដេញទាហានអាមេរិកចេញពីទឹកដីហ្វីលីពីនទៅទៀត។
ទាក់ទិននឹងរឿងនេះ លោក Ralph Recto បានទទូចឲ្យលោក Duterte បន្តទទួលយកជំនួយមនុស្សធម៌ និងការឆ្លើយតបគ្រោះមហន្តរាយរបស់អាមេរិក ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិរួម (EDSA)។ លោកបន្ថែមថា បើទោះជាទំនាក់ទំនងទ្វេភាគីហ្វីលីពីន និងអាមេរិក ផ្លាស់ប្ដូរយ៉ាងម៉េចក៏ដោយ ការបន្តទទួលជំនួយរបស់អាមេរិក នឹងផ្ដល់ប្រយោជន៍ច្រើនដល់ប្រជាជនហ្វីលីពីន។
តាមពិតទៅ គោលនយោបាយឯករាជ្យរបស់ប្រធានាធិបតី Duterte ធ្វើឲ្យមានរឿងចម្រូងចម្រាសជាច្រើន។ ជាមួយគោលនយោបាយនេះ លោក បានងាកចេញឆ្ងាយពីអាមេរិក តែបែរជាងាកទៅជិតស្និទ្ធជាមួយចិន និងរុស្សីទៅវិញ។ អតីតប្រមុខការទូតហ្វីលីពីន Albert del Rosario អះអាង នយោបាយការបរទេសសព្វថ្ងៃនេះ នឹងនាំឲ្យហ្វីលីពីនធ្លាក់ចូលកណ្ដាប់ដៃចិនមិនខាន៕
Tag:
ហ្វីលីពីន
Rodrigo Duterte
Ralph Recto
© រក្សាសិទ្ធិដោយ thmeythmey.com