អន្តរជាតិ
ដង្ហើមការទូតតៃវ៉ាន់កាន់តែខ្សត់ ខណៈចិនប្រើ«ទឹកលុយ»ដើម្បីទាក់ទាញសម្ព័ន្ធមិត្តតៃវ៉ាន់
× ក្រសូងការបរទេសចិន នៅថ្ងៃទី២០ ខែធ្នូ បានចេញថ្លែងការណ៍អបអរសាទរការសម្រេចចិត្តរបស់រដ្ឋអាហ្វ្រិក Sao Tome and Principe ក្នុងការផ្ដាច់ទំនាក់ទំនងការទូតផ្លូវការជាមួយកោះតៃវ៉ាន់។ ការប្រកាសផ្ដាច់ចំណងការទូតនេះ ធ្វើឲ្យកោះតៃវ៉ាន់ខកចិត្តយ៉ាងខ្លាំង ដ្បិតសម្ព័ន្ធមិត្តរបស់ខ្លូនមាន កាន់តែតិចទៅៗហើយ។ តៃវ៉ាន់ក៏ចោទរដ្ឋាភិបាលក្រុងប៉េកាំងថា ប្រើអំណាចទឹកប្រាក់របស់ខ្លួន សំដៅបិទផ្លូវការទូតរបស់ខ្លួន និងធ្វើឲ្យតៃវ៉ាន់កាន់តែឯកា។
មកទល់ពេលនេះ ប្រទេសដែលនៅរក្សាចំណងការទូតជាមួយកោះវ៉ាន់ មានតែ២១ ប៉ុណ្ណោះ បន្ទាប់ពី Sao Tome and Principe ដែលជារដ្ឋតូចមួយរបស់អាហ្វ្រិក ក្លាយជាសម្ព័ន្ធមិត្តចុងក្រោយគេ ប្រកាសសម្រេចចិត្តបោះបង់តៃវ៉ាន់ និងងាកទៅចាប់ដៃចិនដីគោកវិញ។ ចិន សប្បាយចិត្តខ្លាំងនៅពេលលឺការប្រកាសនេះ និងបានសរសើរប្រទេសនេះ ដែលងាកមកអនុវត្តនយោបាយចិនតែមួយ។
កោះតៃវ៉ាន់ ពិបាកចិត្តខ្លាំងដោយសារសម្ព័ន្ធមិត្តកាន់តែខ្សត់ខ្សោយ និងបានចោទចិនថា ប្រើចំណុចខ្សោយរបស់ Sao Tome and Principe ដែលកំពុងខ្វះខាតហិរញ្ញវត្ថុ ដើម្បីទាក់ទាញប្រទេសនេះ ឲ្យគោរពនយោបាយចិនតែមួយ ជាថ្នូរនឹងការទទួលធនធានហិរញ្ញវត្ថុសន្ធឹកសន្ធាប់។ តៃវ៉ាន់ ក៏អះអាងដែរថា ការផ្ដាច់ទំនាក់ទំនងការទូតនេះ ក៏មិនអាចជួយស្ដារទំនាក់ទំនងច្រកសមុទ្រតៃវ៉ាន់ឡើយ។
រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ David Lee នៅថ្ងៃទី២០ ខែធ្នូ បានរិះគន់ក្រុងប៉េកាំង ដែលចូលចិត្តប្រើទឹកលុយរបស់ខ្លួន ហើយតៃវ៉ាន់នឹងមិនប្រឡូកនយោបាយប្រាក់ដុល្លាររបស់ចិនទេ។ ក្នុងសន្និសីទកាសែតមួយ ប្រមុខការទូតតៃវ៉ាន់រូបនេះនិយាយថា រដ្ឋាភិបាលក្រុងប៉េកាំង មិនគួរយកឆក់ឱកាសនៃការខ្វះខាតហិរញ្ញវត្ថុរបស់ Sao Tome and Principe ដើម្បីអនុវត្តនយោបាយចិនតែមួយឡើយ។
ភាគច្រើននៃប្រទេសទាំង២១ ដែលបន្តទំនាក់ទំនងជាមួយតៃវ៉ាន់ គឺមកពីតំបន់អាមេរិកឡាទីន ខណៈនៅទ្វីបអាហ្វ្រិកមានតែប្រទេសប៉ុណ្ណោះ គឺស្វាស៊ីឡង់ និងបួគីណាហ្វាសូ។ នៅខែក្រោយនេះ ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen នឹងទៅទស្សនកិច្ចសម្ព័ន្ធមិត្តអាមេរិកឡាទីនដូចជាហ្គាតេម៉ាឡា, ហុងឌុយរ៉ាស, នីការ៉ាហ្កា និងអែលសាលវ៉ាឌ័រជាដើម ដើម្បីពង្រឹងចំណងទ្វេភាគី។
បើតាមទីភ្នាក់ងារព័ត៌មាន Reuters លោក David Lee និយាយថា តៃវ៉ាន់ សល់សម្ព័ន្ធមិត្តតែ២១ប្រទេស ដូច្នេះយើងត្រូវរក្សាឲ្យបាន។ កោះតៃវ៉ាន់ និងក្រុងប៉េកាំង បានព្យាយាមទាក់ទាញសម្ព័ន្ធមិត្តរបស់គ្នាទៅវិញទៅមក តាមរយៈការសន្យាផ្ដល់ជំនួយអភិវឌ្ឍសម្រាប់ប្រទេសកំពុងក្រីក្រ ប៉ុន្តែតៃវ៉ាន់ មិនអាចប្រជែងជាមួយអំណាចទឹកប្រាក់សន្ធឹកសន្ធាប់របស់ចិនឡើយ។ ថ្មីៗនេះ ចិន ទើបតែបានស្ដារទំនាក់ទំនងការទូតជាមួយហ្កំប៊ី ក្នុងខែមីនា។ រដ្ឋអាហ្វ្រិកហ្កំប៊ី បានផ្ដាច់ចំណងការទូតជាមួយតៃវ៉ាន់តាំងពីឆ្នាំ២០១៣មកម្ល៉េះ៕
© រក្សាសិទ្ធិដោយ thmeythmey.com