អន្តរជាតិ
ក្រោយចិនដាក់មួយព្រនង់ ម៉ុងហ្គោលីប្រកាសឈប់ទទួលសម្ដេចសង្ឃដាឡៃ ឡាម៉ា
× ចិន បានផ្ដល់មេរៀនជូរចត់មួយដល់ម៉ុងហ្គោលី ដែលហ៊ានទទួលសម្ដេចសង្ឃទីបេ ដាឡៃ ឡាម៉ា ដោយបានបិទចំណុចឆ្លងព្រំដែនដ៏សំខាន់ជាមួយម៉ុងហ្គោលី ដែលធ្វើឲ្យឡានដឹកទំនិញរាប់ពាន់គ្រឿងមិនអាចចូលទឹកដីចិនបាន។ មេរៀនជូរចត់មួយនេះ ហាក់ធ្វើឲ្យម៉ុងហ្គោលីរាងចាល ហើយថែមទាំងប្រកាសឈប់ទទួលសម្ដេចសង្ឃដាឡៃ ឡាម៉ា ទៀតហើយ បើទោះជាមកក្នុងគោលដៅអ្វីក៏ដោយ។
រដ្ឋមន្ត្រីការបរទេសម៉ុងហ្គោលី Tsend Munkh-Orgil បាននិយាយនៅថ្ងៃទី២០ ខែធ្នូ ថា មេដឹកនាំនិរទេសទីបេសម្ដេចសង្ឃដាឡៃ ឡាម៉ា នឹងមិនត្រូវបានអនុញ្ញាតឲ្យឈានជើងចូលទឹកដីម៉ុងហ្គោលីទៀតឡើយ បើទោះជាមកក្នុងគោលដៅសាសនាក៏ដោយចុះ។ នេះបើទីភ្នាក់ងារព័ត៌មាន Xinhua ដែលបានដកស្រង់សម្ដីប្រមុខការទូតរូបនេះតាមការចុះផ្សាយរបស់សារព័ត៌មានម៉ុងហ្គោលី Today ។
បន្ទាប់ពីការប្រកាសរបស់រដ្ឋមន្ត្រីការបរទេសម៉ុងហ្គោលី ក្រុងប៉េកាំងបានបង្ហាញក្ដីសង្ឃឹមថា រដ្ឋាភិបាលក្រុងអ៊ូឡង់បាទ័រ នឹងមិនធ្វើឲ្យមានបញ្ហាបែបនេះកើតឡើងម្ដងទៀតឡើយ។ ក្នុងសន្និសីទកាសែតនៅថ្ងៃទី២១ ខែធ្នូ អ្នកនាំពាក្យក្រសួងការបរទេសចិន Hua Chunying អះអាងជាថ្មីថា បញ្ហាទាក់ទងនឹងតំបន់ទីបេ គឺបញ្ហាប៉ះពាល់ដល់អធិបតេយ្យ ក៏ដូចជាបូរណភាពទឹកដីរបស់ចិនផងដែរ។
ជាការពិត ការទទួលសម្ដេចសង្ឃដាឡៃ ឡាម៉ា ពីសំណាក់រដ្ឋាភិបាលម៉ុងហ្គោលី ធ្វើឲ្យចិនខឹងយ៉ាងខ្លាំង ដ្បិតចិនប្រាប់ម៉ុងហ្គោលីពីផលវិបាកទុកមុនហើយដែរ។ ប៉ុន្តែម៉ុងហ្គោលីមិនអើពើនឹងការព្រមានឡើយ ចិនក៏បានបិទច្រកព្រំដែនសំខាន់មួយជាមួយម៉ុងហ្គោលី ធ្វើឲ្យការដឹកជញ្ជូនទំនិញចេញចូលរបស់ម៉ុងហ្គោលីកកស្ទះត្រឹមព្រំដែន ជាពិសេសការដឹកជញ្ជូនទង់ដែង ដែលរឿងនេះប៉ះពាល់សេដ្ឋកិច្ចម៉ុងហ្គោលីយ៉ាងខ្លាំង។
ដោយសំដៅលើការបិទព្រំដែននេះ អ្នកនាំពាក្យខាងលើបន្តថា ចិនជឿជាក់លើម៉ុងហ្គោលី ដែលនឹងរៀនសូត្រពីមេរៀនលើកនេះ, ចេះគោរពផលប្រយោជន៍ស្នូលរបស់ចិន និងបន្តការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការធ្វើឲ្យប្រសើរឡើងនៃទំនាក់ទំនងទ្វេភាគីចិន-ម៉ុងហ្គោលី។
ការផ្ដល់មេរៀនដ៏ជូរចត់ទៅឲ្យម៉ុងហ្គោលី ជាសារព្រមានមួយរបស់ក្រុងប៉េកាំងសម្រាប់ប្រទេសដទៃទៀត ដែលមិនសម្របខ្លួនជាមួយចិន។ ប្រទេសណាដែលមិនស្ដាប់ការព្រមានរបស់មហាយក្សចិន ឬធ្វើឲ្យមហាយក្សមួយនេះឃើ្នសចិត្ត ប្រាកដជាត្រូវបង់តម្លៃខ្ពស់មិនខាន ហើយម៉ុងហ្គោលីជាឧទាហរណ៍ស្រាប់។ ចាប់ពីពេលនេះ ចង់មិនចង់ ប្រទេសផ្សេងទៀត ជាពិសេសប្រទេសក្រីក្រតូចៗ ត្រូវសម្របខ្លួនជាមួយចិនដើម្បីទទួលបានប្រយោជន៍ខ្លះ ហើយក៏អាចចៀសផុតពីគ្រោះថ្នាក់ផងដែរ៕
Tag:
ចិន
ម៉ុងហ្គោលី
ដាឡៃឡាម៉ា
ទីបេ
© រក្សាសិទ្ធិដោយ thmeythmey.com