អន្តរជាតិ
អាមេរិក ប្រើលេសដំណោះស្រាយរដ្ឋពីរកុំឲ្យអ៊ីស្រាអែលខឹង ក្រោយការបោះឆ្នោតនៅUN លោករដ្ឋមន្ត្រីការបរទេសអាមេរិក ចន ឃែរី (រូបភាព Xinhua)
× ប្រមុខការទូតអាមេរិក បានចេញមកការពារការសម្រេចចិត្តរបស់ខ្លួន ដែលមិនប្រើប្រាស់សិទ្ធិជំទាស់ដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខដែលទាមទារឲ្យអ៊ីស្រាអែលឈប់បំពានទឹកដីប៉ាឡេស្ទីន។ បន្ទាប់ពីការបោះឆ្នោតនេះ អ៊ីស្រាអែលបានទិតៀនខ្លាំងៗលើរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា និងថែមទាំងពិចារណាលើទំនាក់ទំនងជាមួយអង្គការសហប្រជាជាតិ ហើយថែមទាំងកោះហៅមន្ត្រីទូតរបស់ខ្លួនពីណូវ៉ែលសេឡង់ទៀតផង។
ឆ្លើយតបនឹងការរិះគន់ពីសំណាក់សម្ព័ន្ធមិត្តអ៊ីស្រាអែល អាមេរិក បានការពារជំហររបស់ខ្លួនដែលបោះឆ្នោតអនុប្បវាទលើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ ដែលបានបើកផ្លូវឲ្យមានការថ្កោលទោសអ៊ីស្រាអែលចំពោះសកម្មភាពរំលោភទឹកដីប៉ាលេស្ទីន។ រដ្ឋមន្ត្រីការបរទេសអាមេរិក ចន ឃែរី (John Kerry) អះអាងថា សកម្មភាពអ៊ីស្រាអែល បានបង្កើតជាភេរវកម្ម និងអំពើហិង្សានៅទូទាំងតំបន់មជ្ឈិមបូព៌ា។
លោក ឃែរី សង្កត់ធ្ងន់ថា ការប៉ុនប៉ងរបស់អ៊ីស្រាអែលក្នុងការសាងសង់ផ្ទះសម្បែង ឬសហគមន៍ក្នុងតំបន់ប្រទាញប្រទង់រួមទាំងហ្សេរុយសាឡឹមខាងកើតដែរនោះ បង្កជាគ្រោះថ្នាក់ដល់ «ដំណោះស្រាយរដ្ឋពីរ» រវាងអ៊ីស្រាអែល និងប៉ាលេស្ទីន។ លោកបន្តថា៖ «អ្វីដែលអាមេរិកធ្វើមានគោលដៅសំខាន់មួយ គឺការពារដំណោះស្រាយរដ្ឋពីរ ដែលរដ្ឋបាលអាមេរិកគ្រប់ជំនាន់ប្រកាន់យកជាដំណោះស្រាយរវាងអ៊ីស្រាអែល និងប៉ាលេស្ទីន។
នៅថ្ងៃសុក្រទី ២៣ ខែធ្នូ ក្រុមប្រឹក្សាសន្តិសុខបានសម្រេចអនុម័តដំណោះស្រាយនេះជាផ្លូវការ ។ សហរដ្ឋអាមេរិកជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់អ៊ីស្រាអែល មិនបានផ្តល់ការការពារផ្នែកការទូតដល់អ៊ីស្រាអែលឡើយ។ អាមេរិកមិនបានប្រើប្រាស់សិទ្ធិជំទាស់ទេ ចំពោះដំណោះស្រាយដែលទិតៀនអ៊ីស្រាអែលដែលបន្តរំលោភបំពានទឹកដីប៉ាឡេស្ទីនោះ។ អ៊ីស្រាអែលខឹងសម្បារខ្លាំង ដោយបានរិះគន់រដ្ឋបាលលោក អូបាម៉ា មិនសំចៃមាត់។
សម្តីអ៊ីស្រាអែលប្រើប្រាស់លើកនេះ ហាក់ធ្ងន់បន្តិចហើយសម្រាប់រដ្ឋបាលលោក បារ៉ាក់ អូបាម៉ា នោះ។ ហើយវាជាការប៉ះទង្គិចគ្នាផ្នែកការទូតចុងក្រោយបំផុតមួយមុនពេលលោក បារ៉ាក់ អូបាម៉ា ចាកចេញពីតំណែង។ ប៉ុន្តែបើតាមសារព័ត៌មាន Fox News ប្រមុខការទូតអាមេរិក ក៏បញ្ជាក់ដែរថា អាមេរិក មិនមែនយល់ព្រមទាំងស្រុងលើដំណោះស្រាយខាងលើឡើយ តែវាជារឿងត្រឹមត្រូវក្នុងការថ្កោលទោសអំពើហិង្សាដែលបានកើតឡើង។
ក្នុងការបោះឆ្នោតថ្ងៃទី២៣ ខែធ្នូ សមាជិកចំនួន១៤ប្រទេសនៃក្រុមប្រឹក្សាសន្តិសុខ បានបោះឆ្នោតយល់ព្រមលើដំណោះស្រាយខាងលើ។ លោកស្រី Samantha Power តំណាងអាមេរិក បានបោះឆ្នោតអនុប្បវាទ។ នេះជាដំណោះស្រាយលើកដំបូងស្ដីពីអ៊ីស្រាអែល និងប៉ាលេស្ទីន ដែលត្រូវបានក្រុមប្រឹក្សាសន្តិសុខអនុម័តក្នុងរយៈពេលជិត៨ឆ្នាំមកនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com