អន្តរជាតិ
ចិន ប្រដូចអ្នកគាំទ្រឯករាជ្យរបស់ហុងកុងនិងតៃវ៉ាន់ ជាសត្វ «រុយ» លោក An Fengshan អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់រដ្ឋាភិបាលចិន
× មួយរយៈពេលចុងក្រោយនេះ រលកនៃការទាមទារឯករាជ្យរបស់ហុងកុង និងតៃវ៉ាន់ បានកើនឡើងខ្លាំង។ នៅហុងកុង មានចលនាប្រជាជនទាមទារឲ្យបញ្ឈប់ឥទ្ធិពលចិនលើដែនកោះនេះ ខណៈនៅតៃវ៉ាន់វិញ រដ្ឋាភិបាលថ្មីក៏មាននិន្នាការងាកទៅរកឯករាជ្យដែរ។ ប៉ុន្តែក្រុងប៉េកាំងអះអាងថា ការប៉ុនប៉ងទាមទារឯករាជ្យណាមួយ នឹងមិនជោគជ័យឡើយ គឺប្រៀបបានសត្វរុយដែលនឹងត្រូវបោកកម្ទេចទៅនឹងដី។
រដ្ឋាភិបាលក្រុងប៉េកាំង នៅថ្ងៃទី២៨ ខែធ្នូ បាននិយាយថា ការព្យាយាមចងសម្ព័ន្ធភាពរបស់អ្នកគាំទ្រឯករាជ្យរបស់តៃវ៉ាន់ និងហុងកុង នឹងបរាជ័យ ដ្បិតពួកគេនឹងត្រូវទះកម្ទេចដូចជាសត្វរុយអ៊ីចឹង។ ក្រុងប៉េកាំងព្រមានដូចនេះ ខណៈដែលចលនាទាមទារឯករាជ្យនៅតំបន់ទាំងពីរ ហាក់ពុះកញ្ជ្រោលខ្លាំង។
ក្ដីព្រួយបារម្ភរបស់មេដឹកនាំក្រុងប៉េកាំង បានកើនឡើងយ៉ាងខ្លាំងជុំវិញនិន្នាការទាមទារឯករាជ្យភាពរបស់កោះតៃវ៉ាន់ និងហុងកុង។ នៅក្រុងហុងកុង ចលនាទាមទារឯករាជ្យ បានពុះកញ្ជ្រោលខ្លាំងនារយៈពេលចុងក្រោយ ជាពិសេសការតវ៉ាពីសំណាក់ក្រុមគាំទ្រប្រជាធិតេយ្យ។ ហុងកុង ត្រូវបានផ្ទេរទៅក្រោមការគ្រប់គ្រងរបស់ចិនក្នុងឆ្នាំ១៩៩៦ ហើយចិន ក៏ប្រកាសប្រព័ន្ធនយោបាយ «ប្រទេសមួយ ប្រព័ន្ធពីរ» ដើម្បីគ្រប់គ្រងក្រុងនេះ។
ទន្ទឹមគ្នានោះ ក្រុងប៉េកាំង ក៏ចាប់ផ្ដើមសង្ស័យសកម្មភាពរបស់ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen ដែលជាប់ឆ្នោតជាប្រមុខដឹកនាំតៃវ៉ាន់នៅដើមឆ្នាំនេះ។ លោកស្រី Tsai Ing-wen មានប្រភពមកពីគណបក្សប្រឆាំង និងមាននិន្នាការងាកទៅរកការប្រកាសឯករាជ្យរបស់កោះមួយនេះ។ ចិន តែងចាត់ទុកកោះនេះជាដែនដីមួយរបស់ខ្លួន ហើយក៏ធ្លាប់គំរាមប្រើទ័ពដើម្បីដណ្ដើមទឹកដីនេះមកវិញដែរ។
ចុងក្រោយនេះ ក្រុមអ្នកគាំទ្រឯករាជ្យរបស់តំបន់ទាំងពីរ បានបង្កើនទំនាក់ទំនងជាមួយគ្នា ដោយសកម្មជនហុងកុងបានទៅទស្សនកិច្ចនៅកោះតៃវ៉ាន់ក្នុងឆ្នាំនេះដែរ។ យ៉ាងណាក្ដី ក្នុងសន្និសីទកាសែតប្រចាំថ្ងៃរបស់ខ្លួន ការិយាល័យកិច្ចការតៃវ៉ាន់របស់រដ្ឋាភិបាលចិន បានចេញមកព្រមានការទាក់ទងគ្នានេះ។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។
ក្នុងសន្និសីទកាសែតខាងលើ An Fengshan ជាអ្នកនាំពាក្យនិយាយថា អ្នកគាំទ្រឯករាជ្យតៃវ៉ាន់មួយក្រុម កំពុងព្យាយាមដោយអត់បានការក្នុងការទាក់ទងជាមួយកម្លាំងគាំទ្រឯករាជ្យរបស់ក្រុងហុងកុង ដើម្បីបំបែកចិន តែការព្យាយាមនេះមិនជោគជ័យឡើយ។ ដោយហៅក្រុមអ្នកគាំទ្រឯករាជ្យទាំងនោះ ជាសត្វរុយ អ្នកនាំពាក្យដដែលនេះបានស្រង់កំណាព្យរបស់ប្រធាន ម៉ៅ សេទុង ថា៖ «លើផែនដីដ៏តូចនេះ សត្វរុយខ្លះ តែងតែហើរបំបុកខ្លួនឯងនឹងជញ្ជាំង។ ចុងក្រោយ បានត្រឹមតែបាក់ដៃជើង និងហូរឈាមប៉ុណ្ណោះ»៕
Tag:
ចិន
តៃវ៉ាន់
ហុងកុង
ឯករាជ្យ
© រក្សាសិទ្ធិដោយ thmeythmey.com