មនុស្សជាច្រើនចាប់ផ្តើមថ្ងៃថ្មីរបស់ពួកគេតាមរយៈការញ៉ាំកាហ្វេ ឬតែក្តៅមួយពែក។ ប៉ុន្តែមិនមាននរណាម្នាក់ញ៉ាំទឹកក្តៅឧណ្ហៗឡើយ ព្រោះតែពួកគេមិនបានដឹងអំពីគុណប្រយោជន៍របស់វា។
ការញ៉ាំទឹកក្តៅបែបនេះនៅពោះទទេ ពេលព្រឹក មានប្រយោជន៍វិជ្ជមានច្រើនណាស់ចំពោះរាងកាយមនុស្សយើង ដូចជា បង្កើនការរំលាយអាហារ បញ្ចេញជាតិពុលពីក្នុងខ្លួន បំបាត់ការរមួលសាច់ដុំ ពង្រឹងដល់របត់ឈាមរត់ ។ល។
ខាងក្រោមនេះគឺជាហេតុផលដែលអ្នកគួរញ៉ាំទឹកក្តៅឧណ្ហៗនៅពេលព្រឹក និងពោះទទេ៖
ច្រោះជាតិពុល
ការញ៉ាំទឹកក្តៅមួយពែកនៅពេលព្រឹកអាចបញ្ចេញជាតិពុលគ្រោះថ្នាក់ពីក្នុងរាងកាយបាន។ ទឹក និងសារធាតុរាវផ្សេងៗទៀតជួយបំពែកអាហារក្នុងក្រពះ និងជំរុញដល់ការរំលាយអាហារ។ ក្រោយពីញ៉ាំអាហាររួច ចូរជំនួសការញ៉ាំទឹកត្រជាក់ មកញ៉ាំទឹកក្តៅវិញទៅដើម្បីសុខភាពក្រពះពោះវៀន។
ពង្រឹងដល់ការរំលាយអាហារ
បើសិនជាអ្នកកំពុងតែឈឺក្រពះ ចូរញ៉ាំទឹកក្តៅឧណ្ហៗមួយកែវនៅពេលព្រឹកមុនអាហារ។ ការធ្វើបែបនេះនឹងពង្រឹងដល់ការរំលាយអាហារ ហើយរាងកាយនឹងអាចធ្វើការបានកាន់តែល្អ។ លើសពីនេះទៅទៀត ការឈឺក្រពះក៏នឹងបាត់ទៅវិញក្នុងរយៈពេលខ្លីដែរ។
ពន្យាភាពចាស់
គ្មាននរណាម្នាក់ចូលចិត្តការចាស់មុនអាយុឡើយ ជាពិសេសមនុស្សស្រី។ សំណាងដែរ រឿងនេះអាចចៀសវាងបានតាមរយៈការញ៉ាំទឹកក្តៅឧណ្ហៗ។ កាលណាមានជាតិពុលក្នុងរាងកាយកាន់តែច្រើន វានឹងជំរុញដល់ភាពចាស់កាន់តែខ្លាំង ប៉ុន្តែទឹកគឺជាអ្នកកំចាត់ជាតិពុលនោះ ហើយក៏ពន្យាពេលនៃភាពចាស់ផងដែរ។ ជាមួយគ្នានេះដែរ វានឹងពង្រឹងដល់ភាពយឺតរបស់ស្បែកទៀតផង។
បំពាត់ការឈឺចាប់
ការឈឺចាប់ដោយសារតែការមករដូវអាចលុបបំបាត់បានតាមរយៈការញ៉ាំទឹកក្តៅឧណ្ហៗ។ ពិតណាស់ នេះគឺជាវិធីព្យាបាលបែបធម្មតាដ៏អស្ចារ្យ។ ទឹកក្តៅឧណ្ហៗជួយបន្ធូរសាច់ដុំរបស់ក្រពះ និងបំបាត់ការឈឺចាប់។ យ៉ាងណាមិញ ទឹកក្តៅឧណ្ហៗមិនត្រឹមតែល្អសម្រាប់ការឈឺចាប់ក្នុងពេលមករដូវទេ តែក៏ការឈឺចាប់បែបរមួលគ្រប់ប្រភេទដែរ។ ទឹកក្តៅក៏ពង្រឹងដល់របត់ឈាមរត់ក្នុងសរសៃឈាមតូចៗ និងបន្ធូរសាច់ដុំដែលរឹងជាប់បានដែរ។
ជួយសម្រកទម្ងន់
ការញ៉ាំទឹកក្តៅឧណ្ហៗមួយកែវនៅពេលព្រឹកអាចជួយសម្រកទម្ងន់បានកាន់តែលឿន។ រឿងនេះមានប្រយោជន៍ណាស់ដោយសារតែ ទឹកក្តៅឧណ្ហៗជួយផ្តល់កម្តៅដល់រាងកាយ និងសរីរាង្គក្នុងខ្លួន។ ដូច្នេះវានឹងជំរុញដល់ការរំលាយកាឡូរី និងមានឥទ្ធិពលវិជ្ជមានដល់តម្រងនោម និងសរីរាង្គក្នុងការបញ្ចេញកាកសំណល់។
បង្កើនរបត់ឈាមរត់
ការញ៉ាំទឹកក្តៅឧណ្ហៗនៅពេលពោះទទេព្រឹកឡើង ជួយដល់រាងកាយក្នុងការបញ្ចេញកាកសំណល់ និងជាតិពុលគ្រោះថ្នាក់ចោល។ មានន័យថា របត់ឈាមរត់នឹងរត់បានកាន់តែល្អជាងមុន៕