ជាតិ
អ្នកនាំពាក្យ​គណបក្សកាន់អំណាច ថា​មន្ត្រី​អាដហុក​និង​មន្ត្រី​គ​.​ជ​.​ប មិនអាច​ត្រូវបាន​ដោះលែង​ទេ
02, Jan 2017 , 9:19 pm        
រូបភាព
ភ្នំពេញ​៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន និយាយថា មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប ទំនងជា​មិនអាច​រួចខ្លួន​ពី​ការ​ឃុំឃាំង​នោះទេ ខណៈដែល​សំណុំរឿង​របស់​អ្នក​ទាំងនោះ កំពុងតែ​ស្ថិតនៅក្រោម​ចំណាត់ការ​របស់​តុលាការ​។ ប៉ុន្តែ មេធាវី អះអាងថា កូនក្តី​របស់ខ្លួន នៅតែ​អាចមាន​ឱកាស​ក្នុងការ​ដោះលែង ប្រសិនបើ​អ្នកនយោបាយ​មាន​ឆន្ទៈ​ពិតប្រាកដ​មែន​។​



​ភាព​តានតឹង​នយោបាយ​នៅ​កម្ពុ​ជាមាន​សភាព​ធូរស្រាល​បន្តិច ក្រោយពី​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​លោក​មេឃុំ ស៊ា​ង ចែត ត្រូវបាន​ព្រះមហាក្សត្រ លើកលែងទោស តាម​សំណើ​របស់​ប្រមុខ​រដ្ឋាភិបាល​។ ការលើកលែងទោស​ដល់​អ្នក​ទាំងពីរ​បាន​នាំ​ឲ្យ​មានការ​សង្ឃឹមថា មន្ត្រី​អាដហុក​ទាំង​៤​រូប និង​មន្ត្រី​គ​.​ជ​.​ប​១​រូប រួមទាំង​សកម្មជន​បក្សប្រឆាំង​មួយចំនួនទៀត អាច​នឹងមាន​ឱកាស​បាន​រួចខ្លួន​ពី​ការឃុំ​ឃាំង​ដែរ ។

​តែ​ផ្ទុយ​ទៅមក​វិញ មកទល់ពេលនេះ មិនទាន់មាន​សញ្ញា​/​តម្រុយ​ណាមួយ​ដែល​ចង្អុល​ទៅរក​លទ្ធភាព​ដោះលែង​អ្នក​តាំង​ប្រាំ​នាក់​នេះ​នៅឡើយ​ទេ នៅពេលដែល​ការប៉ុនប៉ង​ឲ្យ​មានការ​ចរចា​រវាង​គ​ណ​បក្ស​កាន់អំណាច​និង​គណបក្សប្រឆាំង​លើ​បញ្ហា​នេះ នៅ​ទ្រឹង​ស្ងៀម​ដដែល​។

លោក សុខ ឥសាន អ្នកនាំពាក្យ​របស់​គណ​បក្ស​កាន់អំណាច បាន​បញ្ជាក់ថា ចាប់តាំងពី​ឯកឧត្តម កឹម សុខា និង​លោក​មេឃុំ ស៊ា​ង ចែត ទទួលបាន​ការលើកលែង​ទោស រហូតមកដល់​ពេលនេះ បក្ស​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ទាំងពីរ មិនទាន់មាន​គម្រោង​ក្នុងការ​ពិភាក្សាគ្នា​ពី​បញ្ហា​អ្វីមួយ នោះទេ​។ ទាក់ទង​នឹង​សំណុំរឿង​របស់​មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប លោក​សុខ ឥសាន និយាយថា នាយករដ្ឋមន្ត្រី មិនអាច​ស្នើ​ឲ្យ​ព្រះមហាក្សត្រ លើកលែងទោស​បានឡើយ ខណៈ​តុលាការ កំពុងតែ​ចាត់ការ​លើ​សំណុំរឿង​របស់​អ្នក​ទាំងនោះ​។  

អ្នកនាំពាក្យ​បក្ស​កាន់អំណាច​រូបនេះ និយាយថា​កុំ​ឲ្យ​ព្យាយាម យក​សំណុំរឿង​របស់​មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប ទៅ​ប្រៀបធៀប​នឹង​សំណុំរឿង​របស់​ឯកឧត្តម កឹម សុខា និង​លោក​មេឃុំ ស៊ា​ង ចែត ដែល​ការលើកលែងទោស​របស់​ពួកគេ មាន​ហេតុផល​សមស្រប និង​អាច​ទទួលយកបាន​។ លោក និយាយថា មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​ឯកឧត្តម កឹម សុខា និង​លោក មេឃុំ ស៊ា​ង ចែត អាច​ទទួលបាន​ការលើក​លែង​ទោស គឺ​ដោយសារតែ​អ្នក​ទាំងពីរ ត្រូវបាន​តុលាការ​ជំនុំជម្រះ​រួចរាល់​ហើយ ជាពិសេស មានការ​យោគយល់​ខ្ពស់​ពី​សំណាក់​ប្រមុខ​រដ្ឋាភិបាល ដែល​បានស្នើ​ទៅ​ព្រះមហាក្សត្រ​។

ចំណែកឯ សំណុំរឿង​អ្នកផ្សេង​ទៀត កំពុងតែ​ស្ថិតក្នុង​សំណាត់​ការ​របស់​តុលាការ ដូច្នេះ ប្រមុខ​រដ្ឋាភិបាល មិនអាច​លូកដៃ​ចូល​បាន​នោះទេ​។ លោក សុខ ឥសាន និយាយថា ថា​៖ «​សូម​ផ្តាំ​ទៅ​អ្នកវិភាគ និង​អ្នកមួយ​ចំនួន​ទៀតថា មិនមែន​ឲ្យ​តែ​ឯ​ឧ​ត្ត​ម កឹម សុខា និង​លោក​ស៊ា​ង ចែត រួចខ្លួន អ្នក​ដទៃទៀត ត្រូវតែ​រួចខ្លួន​ដែរ​នោះទេ​។ សំណុំរឿង​របស់​បុគ្គល​ម្នាក់ៗ​គឺ​ខុសគ្នា ជាពិសេស អ្នក​ផ្សេងទៀត មិនទាន់​កាត់ទោស​ទេ​។ តែបើ​ទោះបីជា​តុលាការ​កាត់ទោស​រួច​ក៏ដោយ ក៏​មិន​ប្រាកដ ថា នាយករដ្ឋមន្ត្រី​ត្រូវតែ​ស្នើ​ឲ្យ​ព្រះមហាក្សត្រ លើកលែងទោស​ដែរ គឺ​វា​អាស្រ័យ​លើ ឆន្ទានុសិទ្ធិ​របស់​នាយ​ក​រដ្ឋមន្ត្រី​»​។

សារព័ត៌មាន​ថ្មីៗ មិនអាច​ទាក់ទង​អ្នកនាំពាក្យ​របស់​គណបក្ស​ប្រឆាំង ដើម្បី​សុំ​ការបកស្រាយ​ជុំវិញ​ការលើកឡើង​របស់លោក សុខ ឥសាន នោះទេ​។

លោក សំ សុ​គង់ មេធាវី​១​រូប ក្នុងចំណោម​មេធាវី​ទាំង​៥​រូប ដែល​រួមគ្នា​ការពារ​ក្តី​ឲ្យ​មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប យល់ស្រប​នឹង​លោក សុខ ឥសាន ដែល​អះអាងថា នាយករដ្ឋមន្ត្រី មិនអាច​ស្នើ​ឲ្យ​ព្រះមហាក្សត្រ លើកលែងទោស ខណៈ​សំណុំរឿង​របស់​ពួកគេ កំពុងស្ថិត​នៅក្រោម​ចំណាត់ការ​របស់​តុលាការ​។ តែ​យ៉ាងណា លោក សំ សុ​គង់ នៅតែ​មើលឃើញ​ផ្លូវ​វិជ្ជមាន ដែល​អាច​ឲ្យ​កូនក្តី​របស់ខ្លួន រួច​ផុតពី​ការឃុំ​ឃាំង ប្រសិនបើ​អ្នកនយោបាយ មាន​ឆន្ទៈ​រួមគ្នា ក្នុងការ​គិតគូរ​ពី​រឿងនេះ​។​

លោក​មេធាវី​រូបនេះ និយាយថា កាលពីដើម​ខែធ្នូ ឆ្នាំ​២០១៦ ចៅក្រម​ស៊ើបសួរ បាន​បិទ​ការ​ស៊ើបសួរ​លើ​មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប រួចហើយ រង់ចាំតែ​នីតិវិធី​បន្ទាប់ ដែល​គឺ​ការចេញ​ដីកា​ដំណោះស្រាយ​។​

បើតាម​លោក សំ សុ​គង់ ដីកា​ដំណោះស្រាយ មាន​២ គឺ​ទី​១ លើកលែង​ការចោទប្រកាន់ និង​ទី​២ បញ្ជូនទៅ​ជំនុំជម្រះ​។ លោក​ពន្យល់​បែបនេះ​ថា​៖ «​ឥឡូវ​ហ្នឹង​សំណុំរឿង កំពុងតែ​ស្ថិតក្នុង​ដៃ​របស់​ចៅក្រម​ស៊ើបសួរ ដូច្នេះ បើ​ចៅក្រម​ស៊ើបសួរ រក​ភស្តុតាង ឬ​មូលហេតុ មិនឃើញ ដែល​បញ្ជាក់ថា កូនក្តី​ខ្ញុំ​មានទោស​នោះទេ នោះ​ចៅក្រម​ស៊ើបសួរ អាច​នឹង​ដោះលែង​។ អ៊ីចឹង យើង​នៅតែ​សង្ឃឹមថា ពួកគាត់ (​មន្ត្រី​អាដហុក និង​មន្ត្រី​គជប​) អាច​នឹង​រួចខ្លួន ក្នុងដំណាក់កាល​នៃ​ស៊ើ​ស​សួរ បើ​អ្នកនយោបាយ​មាន​ឆន្ទៈ​មែន​»​។

សូមបញ្ជាក់ថា អ្នក​ទាំង​៥ បាន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ ចាប់តាំងពី​ដើមខែ​ឧសភា ឆ្នាំ​២០១៦​មកម្ល៉េះ​។ បើតាម​ការចោទប្រកាន់​របស់​តុលាការ ពួកគេ សុទ្ធតែ​ជាប់​ពាក់ព័ន្ធ​នឹង​សំណុំរឿង​របស់​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ ដែល​ត្រូវបាន​គេ​សង្ស័យថា មាន​ទំនាក់ទំនង​ស្នេហា​លួចលាក់​ជាមួយនឹង​ឯកឧត្តម កឹម សុខា​។ ចំពោះ មន្ត្រី​អាដហុក​ទាំង​៤​រូប តុលាការ បាន​ចោទ​ពីបទ «​សូកប៉ាន់​សាក្សី​»​។ ចំណែកឯ លោក នី ចរិយា ដែលជា​អគ្គលេខាធិការរង​រប​ស់គ​.​ជ​.​ប ត្រូវបាន​ចោទ​ពីបទ «​សមគំនិត​ក្នុង​អំពើ​សូក​បាន់​សាក្សី​»៕

Tag:
 ​អាដហុក​
  គជប​
  មេធាវី​
  សុខ ឥសាន
© រក្សាសិទ្ធិដោយ thmeythmey.com