ជាតិ
អ្នកនិពន្ធ​កំណាព្យ​រកឃើញ​ការផ្សះផ្សា​ផ្លូវចិត្ត តាមរយៈ​ការ​តែង​និពន្ធ និង​ការតស៊ូ​មតិ​
10, Jan 2017 , 8:59 am        
រូបភាព
ដោយ:
​វ៉ាស៊ីនតោន៖ ​អ្នកនិពន្ធ​កំណាព្យ​ខ្មែរ​អាមេរិកាំង​ម្នាក់ បាន​ធំ​ដឹងក្ដី​ឡើង​ដោយ​ឆ្លងកាត់​ការលំបាក​ជាច្រើន​ទាក់ទង​នឹង​ភាព​តានតឹង​ផ្លូវចិត្ត ការមិន​ស្គាល់​អត្តសញ្ញាណ និង​វប្បធម៌​ខ្លួនឯង​។ ក៏ប៉ុន្តែ អ្នកនិពន្ធ​រូបនេះ បាន​ស្វែងរក​ការផ្សះផ្សា​ផ្លូវចិត្ត និង​ក្ដីសង្ឃឹម​ថ្មី​តាមរយៈ​ការ​តែង​និពន្ធ និង​សកម្មភាព​តស៊ូ​មតិ​។​

 
​អ្នកនាង ទុយ ពៅ មាន​អាយុ​ត្រឹមតែ​បួន​ឆ្នាំ​ប៉ុណ្ណោះ នៅពេលដែល​អ្នកនាង និង​ក្រុមគ្រួសារ បាន​រត់​ភៀសខ្លួន​ពី​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម ហើយ​បានមក​រស់នៅ​សហរដ្ឋអាមេរិក​។​
 
​ដោយ​ធំ​ដឹងក្ដី​នៅលើ​ទឹកដី​ថ្មី​នេះ អ្នកនាង ទុយ ពៅ មាន​អារម្មណ៍​មិន​ប្រាកដប្រជា​ថា​តើ​ខ្លួនឯង​ជា​នរណា ឲ្យ​ពិតប្រាកដ​។ ការមិន​ស្គាល់​អត្តសញ្ញាណ​និង​វប្បធម៌​ខ្លួនឯង​ពិតប្រាកដ​នេះ បានធ្វើ​ឲ្យ​អ្នកនាង ទុយ ពៅ ប្រឈម​នឹង​បញ្ហា​ជាច្រើន​រួមទាំង​ភាព​តានតឹង​ផ្លូវចិត្ត​ផងដែរ​។​
 
​អ្នកនាង ទុយ ពៅ បាន​ប្រាប់ VOA នៅក្នុង​បទសម្ភាសន៍​មួយ​កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ​ថា​៖
 
«​‍​ខ្ញុំ​បាន​ឆ្លងកាត់​បទពិសោធន៍​ជូរចត់​ដែល​ខ្ញុំ​ស្អប់​ខ្លួនឯង​ដែលជា​ខ្មែរ ហើយ​មិន​យល់​ពី​អត្តសញ្ញាណ​ខ្មែរ និង​ជាពិសេស​ការដែល​ខ្លួន​មាន​អត្តសញ្ញាណ​ជា​ខ្មែរ​អាមេរិកាំង​»​។​
 
​កើត​នៅ​ខេត្តបាត់ដំបង នៅ​ចុងឆ្នាំ​១៩៧៩ អ្នកនាង ទុយ ពៅ បានរស់នៅ​ក្នុង​ជំរំ​ជនភៀសខ្លួន​ក្នុងប្រទេស​ថៃ មុននឹង​ត្រូវបាន​រដ្ឋា​ភិ​បាល​អាមេរិក​ទទួលយក​ជា​ជនភៀសខ្លួន​។ អ្នកនិពន្ធ​សៀវភៅ​និង​ជា​កវី​ខ្មែរ​អាមេរិកាំង វ័យ​៣៧​ឆ្នាំ​រូបនេះ សព្វថ្ងៃ​រស់នៅ​ទីក្រុង​ឡូ​វែ​ល​នៃ​រដ្ឋ​ម៉ាសាឈូសេត​។​
 
​អ្នកនាង ទុយ ពៅ បាន​រៀបរាប់ថា អ្វីដែល​ធ្វើ​ឲ្យ​អ្នកនាង​ស្អប់​ខ្លួនឯង​កាន់តែខ្លាំង​ថែមទៀត​នោះ គឺ​ពណ៌​សម្បុរស្បែក​រាង​ក្រមៅ​របស់​នាង​។​
 
«​‍​ពេលដែល​ខ្ញុំ​ធំ​ដឹងក្ដី បងស្រី​របស់ខ្ញុំ​មាន​ស្បែ​កស ជាង​ខ្ញុំ​។ គាត់​តែងតែ​ចំអក​ឲ្យ​ខ្ញុំ​ថា ខ្ញុំ​មិនមែន​កូន​របស់​ឪពុកម្ដាយ​ខ្ញុំ​ទេ ហើយ​ថា ខ្ញុំ​ជា​កូន​របស់​អាមេរិកាំង​ស្បែក​ខ្មៅ​។ ការនិយាយ​បែបនេះ ប៉ះពាល់​ផ្លូវចិត្ត​ខ្ញុំ​ខ្លាំងណាស់​»​។​
 
​ក្នុងពេល​វ័យ​ជំទង់ ម្ដាយ​និង​បងស្រី​របស់​អ្នកនាង ទុយ ពៅ តែងតែ​ជំរុញ​ឲ្យ​អ្នកនិពន្ធ​កំណាព្យ​រូបនេះ លាប​ផលិតផល​ដែល​ធ្វើ​ឲ្យ​ស្បែ​កស ដើម្បី​ជៀសវាង​ការពេបជ្រាយ​ឬ​ការទិតៀន​ពី​អ្នកជិតខាង និង​សហគមន៍​ខ្មែរ​មួយចំនួន​នៅ​ទីក្រុង​ឡូ​វែ​ល ដោយសារតែ​សម្បុរ​ក្រមៅ​របស់​អ្នកនាង​។​
 
​បន្ថែម​លើ​នេះ អ្នកនិពន្ធ​រូបនេះ និយាយថា ឪពុក​របស់​នាង មាន​វិន័យ​តឹងរ៉ឹង​លើ​កូនស្រី ដោយ​គាត់​យល់ថា​ការបន្ត​ការសិក្សា​ថ្នាក់ឧត្ដម​សិក្សា មិនមែនជា​ជម្រើស​ល្អ​សម្រាប់​កូនស្រី​នោះទេ​។ ដោយសារ​ទទួល​រសស​ម្ពា​ធ​ពី​គ្រួសារ កាលពីដើមឆ្នាំ​២០០០ អ្នកនាង ទុយ ពៅ បានសម្រេច​ចិត្ត​ចេញពីផ្ទះ​ទៅ​បន្ត​ការសិក្សា​ថ្នាក់​មហាវិទ្យាល័យ​នៅ​ទីក្រុង​ញូវយ៉ក ដោយ​ខ្លួនឯង ដោយ​មិនបាន​សុំ​ការអនុញ្ញាត​ពី​ឪពុកម្ដាយ​របស់​នាង​ឡើយ​។​
 
​ការណ៍​នេះ​បានធ្វើ​ឲ្យ​ទំនាក់ទំនង​របស់​នាង​ជាមួយនឹង​ក្រុមគ្រួសារ មាន​ភាព​ល្អក់កករ​អស់​ជាច្រើន​ឆ្នាំ​។​
 
«​‍​យើង​មិនបាន​និយាយ​ជាមួយគ្នា​ជាច្រើន​ឆ្នាំ​។ ខ្ញុំ​បាន​ផ្ដាច់ខ្លួន​ខ្ញុំ​ពី​គ្រួសារ​ខ្ញុំ និង​សហគមន៍​ខ្មែរ​។ ខ្ញុំ​មិន​ស្គាល់​ខ្លួនឯង ហើយ​មាន​បញ្ហា​តានតឹង​ផ្លូវ​ចិត្តច្រើន ដោយសារ​ខ្ញុំ​មិន​យល់​ពី​វប្បធម៌​ខ្មែរ ហើយ​មិនអាច​រៀបរាប់​ពី​អារម្មណ៍​របស់ខ្ញុំ​ប្រាប់​ដល់​អ្នកដទៃ​បាន​»​។​
 
​ក៏ប៉ុន្តែ ក្រោយមក អ្នកនាង ទុយ ពៅ ក៏បាន​រកឃើញ​ដំណោះស្រាយ​នៃ​បញ្ហា​តានតឹង​ផ្លូវចិត្ត​នេះ​តាមរយៈ​ការនិពន្ធ​កំណាព្យ​។ នៅ​ឆ្នាំ​២០១៤ អ្នកនាង​បាន​បោះពុម្ព​សៀវភៅ​ជីវប្រវត្តិ​ផ្ទាល់ខ្លួន ដែលមាន​ចំណងជើង Khmer Girl ឬ​បក​ប្រែជា​ភាសា​ខ្មែរ​ថា «​‍​ក្មេងស្រី​ខ្មែរ​» ដែល​រៀបរាប់​ពី​ដំណើរ​ជីវិត​របស់​នាង​។​
 
​តាមរយៈ​ការនិពន្ធ​សៀវភៅ​មួយ​នេះ អ្នកនិពន្ធ​កំណាព្យ​រូបនេះ បាន​ប្រឈម​នឹង​អតីតកាល​របស់ខ្លួន រួមទាំង​បទពិសោធន៍​ដ៏​ជូរចត់​មួយ​របស់​នាង ដែល​បាន​កើតឡើង​នៅ​ឆ្នាំ​២០០៥​។ អ្នកនាង ទុយ ពៅ បាន​ឲ្យ​ដឹងថា អ្នកនាង​ត្រូវបាន​មិត្ត​ភ័ក្ដិ​ប្រុស​ម្នាក់​ចាប់រំលោភ ហើយ​ធ្វើ​ឲ្យ​មានកូន​។​
 
​នៅ​ឆ្នាំ​នោះ អ្នកនាង​ត្រូវតែ​សម្រេចចិត្ត​រំលូតកូន​នោះ​ចោល ដែល​សេចក្ដីសម្រេចចិត្ត​នោះ ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ផ្លូវចិត្ត​របស់​នាង​។​
 
«​‍​ខ្ញុំ​មិន​យល់ព្រម​ឲ្យ​មិត្ត​ភ័ក្ដិ​ខ្ញុំ​ធ្វើ​ដូច្នោះ​ទេ ហើយ​ខ្ញុំ​ក៏​មិន​អនុគ្រោះ​ឲ្យ​មិត្ត​ភ័ក្ដិ​ខ្ញុំ និង​រូបខ្ញុំ​ចំពោះ​អ្វីដែល​បាន​កើតឡើង​នោះឡើយ​»​។​
 
​អតីតកាល​នេះ បាន​តាម​លង​អ្នកនិពន្ធ​រូបនេះ​អស់​រយៈពេល​១០​ឆ្នាំ​។ ទើបតែ​មកដល់​ឆ្នាំ​២០១៥ នៅពេលដែល​ចូលរួម​ស្ដាប់​វេទិកា​ពិភាក្សា​មួយ​ស្ដីពី​ការអត់ឱន អ្នកនាង ទុយ ពៅ ក៏បាន​សម្រេចចិត្ត​រំដោះខ្លួន​នាង​ចេញពី​អតីតកាល​ដ៏​ជូរចត់​នោះ​។​
 
«​‍​ពេលនោះ ខ្ញុំ​យំ រហូតដល់​ខ្ញុំ​សម្រេចចិត្ត​អត់ឱន​ឲ្យ​ខ្លួនឯង ពីព្រោះថា បើ​ខ្ញុំ​មិន​អត់ឱន​ឲ្យ​ខ្លួនឯង​ទេ នោះ​ខ្ញុំ​មិនអាច​បន្តដំណើរ​ជីវិត​ទៅមុខ​ដោយ​ស្គាល់​ខ្លួនឯង​ពិតប្រាកដ​បានទេ​»​។​
 
​នាពេល​បច្ចុប្បន្ននេះ អ្នកនាង ទុយ ពៅ បានរៀបចំ​វេទិកាសាធារណៈ​នៅក្នុង​សហគមន៍​ខ្មែរ​អាមេរិកាំង ដើម្បី​តស៊ូ​មតិ​និង​ពន្យល់​អំពី​ផលប៉ះពាល់​នៃ​ភាព​តានតឹង​ផ្លូវចិត្ត ការផ្សះផ្សា​ផ្លូវចិត្ត និង​ការស្រឡាញ់​ខ្លួនឯង​។​
 
​តាមរយៈ​ការអាន​កំណាព្យ​ដែល​អ្នកនាង​បាន​និពន្ធ​ទៅកាន់​សិស្ស​វិទ្យាល័យ និង​សាកលវិទ្យាល័យ ក៏ដូចជា​សហគមន៍​ខ្មែរ​អាមេរិកាំង អ្នកនិពន្ធ​កំណាព្យ​រូបនេះ​បាន​រកឃើញ​ពន្លឺ​នៃ​ក្តីសង្ឃឹម​មួយ​ក្នុង​ជីវិត​។​
 
«​‍​នៅពេលដែល​ខ្ញុំ​បានចាប់ផ្ដើម​ធ្វើ​វេទិកា​ពិភាក្សា​អំពី​ភាព​តានតឹង​ផ្លូវចិត្ត និង​ការផ្សះផ្សា​ផ្លូវចិត្ត ខ្ញុំ​ក៏បាន​ផ្សះផ្សា​ផ្លូវចិត្ត​របស់ខ្ញុំ ដោយសារ​តែមាន​ស្ត្រី​ខ្មែរ​ជាច្រើន​នាក់​បាន​មកជួប​ខ្ញុំ ហើយ​និយាយ​មកកាន់​ខ្ញុំ​ថា តើ​ខ្ញុំ​ធ្វើ​កិច្ចការ​ទាំងអស់នេះ​បាន​ដោយ​របៀប​ណា ហើយ​ថា តើ​ខ្ញុំ​និពន្ធ​បាន ហើយ​បង្ហាញ​ពី​អារម្មណ៍​របស់ខ្ញុំ​ដោយ​របៀប​ណ‍ា​។ ការណ៍​នេះ​បានធ្វើ​ឲ្យ​ខ្ញុំ​មាន​គោលដៅ​ក្នុង​ជីវិត​»​។​
 
​សព្វថ្ងៃនេះ អ្នកនាង ទុយ ពៅ កំពុង​និពន្ធ​សៀវភៅ​កុមារ ហើយ​បន្ត​ការអប់រំ​និង​ណែនាំ​អំពី​ការផ្សះផ្សា​ផ្លូវចិត្ត និង​ការស្រឡាញ់​ខ្លួនឯង​នេះ ដល់​អ្នក​ដទៃទៀត​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com