ជាតិ
«​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​» ចាប់ផ្តើម​ងើបឡើង​វិញ ក្រោយ​ដំណឹង​នៃ​ការដោះលែង​មន្ត្រី​សិទ្ធិមនុស្ស​ស្ងប់ស្ងាត់​
09, Jan 2017 , 12:08 pm        
រូបភាព
រូបភាពីហ្វេសប៊ុក លោកស្រី ប៉ូវ សោភា
រូបភាពីហ្វេសប៊ុក លោកស្រី ប៉ូវ សោភា
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សកម្មជន​បឹងកក់ នៅតែ​បន្តធ្វើ​យុទ្ធនាការ «​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​» ដើម្បី​សុំ​ឲ្យ​ដោះលែង​មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប រួមទាំង​លោកស្រី ទេព វ​ន្នី ដែល​កំពុង​ជាប់ពន្ធនាគារ​។ ពួកគេ សង្ឃឹមថា ការតវ៉ា​នេះ នឹង​អាច​ទទួលបាន​លទ្ធផល​ជា​វិជ្ជមាន នៅ​ថ្ងៃ​ណាមួយ ជាមិនខាន​។​



​នៅ​ព្រឹក​ថ្ងៃទី​៩ មករា នេះ ក្រុម​សកម្មជន​បឹងកក់​ប្រហែលជា​២០​នាក់ បាននាំគ្នា​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​សាជាថ្មី បន្ទាប់ពី​ផ្អាក​អស់​រយៈពេល​២​សប្តាហ៍​ជាប់​គ្នា ក្រោយ​មានការ​លើកលែងទោស​ដ​ល់​ឯកឧត្តម កឹម សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​នាំ​ឲ្យ​មាន​ក្តីសង្ឃឹម​ថា ​វា​ នឹង​នាំ​ដល់​ការដោះលែង​សកម្មជន​សិទ្ធិមនុស្ស​និង​មន្ត្រី​គ​.​ជ​.​ប ម្នាក់​ផងដែរ​។

​លោកស្រី ប៉ូវ សោភា សកម្មជន​បឹងកក់​ម្នាក់​ដែល​ធ្លាប់​ជាប់ពន្ធនាគារ​កន្ល​ង​មក​នោះ និយាយថា ថា​៖«​ពួក​ខ្ញុំ​នៅតែ​តវ៉ា បើ​មិន​ដោះលែង​ពួកគាត់​។ យើង មិន​បញ្ឈប់​ទេ​»​។​

​សកម្មភាព​នៃ​ការចូលរួម​យុទ្ធនាការ​ក្នុង​ថ្ងៃ​ចន្ទ​នេះ ប្រព្រឹត្ត​ទៅដោយ​គ្មាន​ការប៉ះទង្គិច​ជាមួយនឹង​អាជ្ញាធរ​ឡើយ​។ រហូតមកដល់​ពេលនេះ សកម្មជន​បឹងកក់ រួមទាំង​ប្រជាពលរដ្ឋ​ផ្សេងទៀត បាន​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ ប្រហែលជា​៣០​លើក​ហើយ​។​

​លោកស្រី ប៉ូវ សោភា និយាយថា ការ​បន្តធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​នេះ គ្មាន​បំណង​អ្វី​ផ្សេង ក្រៅពី​ស្នើ​ឲ្យ​ដោះលែង​មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប រួមទាំង​លោកស្រី ទេព វ​ន្នី ដែល​កំពុង​ជាប់ពន្ធនាគារ នោះទេ​។ លោកស្រី ប៉ូវ សោភា បន្តទៀតថា បើទោះបីជា មិនទាន់​ទទួលបាន​លទ្ធផល​ជា​វិជ្ជមាន​ក៏ដោយ ក៏​លោកស្រី រួមទាំង​សកម្មជន​ផ្សេងទៀត មិន​អស់សង្ឃឹម ហើយ​ប​ញ្ឍ​ប់​ការតវ៉ា​ដែរ​។

​លោកស្រី ប៉ូវ សោភា និយាយទៀតថា សកម្មជន​បឹងកក់ បានសម្រេច​ផ្អាក​ធ្វើ​យុទ្ធនាការ​ចំនួន ២​សប្តាហ៍​ជាប់​គ្នា ក្រោយ​បក្ស​កាន់អំណាច និង​បក្សប្រឆាំង ប្រកាសថា នឹង​ជួបគ្នា ដើម្បី​ដោះស្រាយ​បញ្ហា ទាក់ទង​នឹង​មន្ត្រី​អាដហុក និង​គ​.​ជ​.​ប រួមទាំង អ្នក​ដទៃទៀត ដែល​កំពុង​ជាប់ពន្ធនាគារ​។ លោកស្រី បន្តថា ដោយសារតែ​ការប្រកាស​ខាងលើ ស្ងប់ស្ងាត់​ទៅវិញ ទើប​សកម្មជន​បឹងកក់  នាំគ្នា​តវ៉ាសាជាថ្មី នៅថ្ងៃចន្ទនេះ។

​លោកស្រី ប៉ូវ សោភា សង្ឃឹមថា ការដោះលែង​មន្ត្រី​អាដហុក នឹង​មន្ត្រី​គ​.​ជ​.​ប នឹង​អាច​កើតឡើង ប្រសិនបើ​បក្ស​ធំៗ​ទាំង​២ សម្រេច​ថា នឹង​ជួបចរចា​គ្នា​មែន​នោះ​។ លោកស្រី ទទូច​ឲ្យ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​គណបក្ស​មាន​អាសនៈ​ក្នុង​រដ្ឋសភា ជួបគ្នា​ឲ្យ​បាន​ឆាប់ៗ​។

​កាលពី​ប៉ុន្មាន​ថ្ងៃមុន សញ្ញា​វិជ្ជមាន​បាន​លេចឡើង​ម្តងទៀត ដោយ​សម្តេច ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ក្នុងនាម​ជា​ប្រធាន​មតិ​ភាគច្រើន​ក្នុង​រដ្ឋសភា សម្រេច​ថា អាច​នឹង​ជួបចរចា ជាមួយនឹង​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​ជា​ប្រធាន​មតិ​ភាគតិច​ក្នុង​រដ្ឋសភា នៅក្រោយ​ថ្ងៃទី​១១ ខែមករា​។ ទោះបីជា​បក្ស​ទាំង​២ មិនទាន់​បញ្ជាក់​ពី​គោលបំណង​ក៏ពិតមែន តែ​គម្រោង​នៃ​ការចរចា​នេះ ទំនងជា​ទាក់ទង​នឹង​ការដោះលែង មន្ត្រី​អាដហុក មន្ត្រី​គ​.​ជ​.​ប សកម្មជន​ដីធ្លី រួមទាំង​សកម្មជន​បក្សប្រឆាំង​ផ្សេងៗ​ទៀត​។

​បច្ចុប្បន្ននេះ សំណុំរឿង​របស់​មន្ត្រី​អាដហុក​ទាំង​៤​រូប គឺ លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វង់​ដា និង​លោកស្រី លឹម មុន្នី រួមទាំង​លោក នី ចរិយា អគ្គលេខាធិការរងរ​ប​ស់គ​.​ជ​.​ប កំពុងតែ​ស្ថិតក្នុង​ដៃ​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​។ តាមផ្លូវ​ច្បាប់ ចៅក្រម​ស៊ើបសួរ អាច​នឹង​លើកលែង​ការចោទប្រកាន់ ហើយ​ដោះលែង​អ្នក​ទាំង​៥​ខាងលើ ឲ្យ​មាន​សេរីភាព​ឡើងវិញ ឬក៏​សម្រេច​បញ្ជូន​សំណុំរឿង​របស់​ពួកគេ ទៅ​ជំនុំជម្រះ​។

​លោក សំ សុ​គង់ ដែលជា​មេធាវី​១​រូប ក្នុងចំណោម​មេធាវី​ទាំង​៥​រូប ដែល​រួមគ្នា​ការពារ​ក្តី​ឲ្យ​អ្នក​ទាំង​៥​ខាងលើ សង្ឃឹមថា កូនក្តី​របស់លោក អាច​នឹង​រួច​ផុតពី​ការចោទប្រកាន់ ហើយ​មានឱកាស​បាន​នៅក្រៅ​ឃុំ ប្រសិនបើ​អ្នកនយោបាយ ពិត​ជាមាន​ឆន្ទៈ​ក្នុងការ​គិតគូរ​ពី​បញ្ហា​នេះ​មែន​។ បើតាម​ការអះអាង​រប​ស់​មេធាវី​រូបនេះ​កន្លងមក មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប មិនមាន​ទោសកំហុស ដូច​ការចោទប្រកាន់រ​បស់​តុលាការ​នោះទេ​៕


Tag:
 ADHOC
  NEC
  ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​
© រក្សាសិទ្ធិដោយ thmeythmey.com