ជាតិ
អ្នកនាំពាក្យ​៖ សមត្ថកិច្ច​បន្ត​តាម​ដានក្រុម​អ្នក​កាត់ត​រូប​ប្រមាថ​ព្រះមហាក្សត្រ​
09, Jan 2017 , 3:35 pm        
រូបភាព
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ
ដោយ:
​ភ្នំពេញ​៖ ក្រសួងមហាផ្ទៃ​បានកំណត់​មុខសញ្ញា​ជន​កាត់​រូប​ប្រមាថ​ព្រះមហាក្សត្រ​ហើយ ប៉ុន្តែ​សមត្ថកិច្ច​ពុំមាន​វិធាន​ការចាប់​ភ្លាមៗ​នោះទេ​។ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​លោក ខៀវ សុភ័គ បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​នៅតែ​តាម​បន្ត​ចាប់ខ្លួន​អ្នកប្រព្រឹត្ត​បទល្មើស​ទាំងនោះ​។​



​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​បានកំណត់​មុខសញ្ញា​ជន​ដែល​កាត់ត​រូប​ប្រមាថ​ព្រះមហាក្សត្រ​ដែល​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កមាន​គណនី​ជា​ភាសា​ថៃ​បាន​បង្ហោះ​រូបនោះ​ហើយ​។ នេះ​បើតាមការបញ្ជាក់របស់អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ បាន​បង្ហើប​ឲ្យ​ដឹងថា ជនល្មើស ៣​នាក់​ដែល​កាត់ត​រូបថត​ប្រមាថ ព្រះមហាក្សត្រ​ខ្មែរ​នាំ​ឲ្យ​ប៉ះពាល់​ដល់​មុខមាត់​ប្រទេស​កម្ពុជា​ទាំងនោះ កំពុង​រស់នៅ​រាជធានី​ភ្នំពេញ និង​ប្រទេស​ថៃ​។​

​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​រូបនេះ បាន​សង្កត់ធ្ងន់ថា​៖«​សមត្ថកិច្ច​កំពុង​តាមដាន​ពួកគេ (​ជនល្មើស​) ហើយយើងឃើញថា ពួកគេ​បាន​លុប​រូបនោះ​ចោល​វិញ​។ ដូច្នេះ យើង​ពុំទាន់​ធ្វើការ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទេ យើង​រង់ចាំ​ពួកគេ​បង្ហោះ​រូបថត​ភ្លេចខ្លួន យើង​ចាប់ខ្លួន​តែម្តង​។ យើង​ជា​ជង់​ដែល​រង់ចាំ​គេ​ជា​កុក​ជានិច្ច »​។​

​សមត្ថកិច្ច​បាន​បើក​ការស៊ើបអង្កេត​ក្រោយពី​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ម្នាក់​គណនី​សរសេរ​ឈ្មោះ​ជា​អក្សរ​ថៃ​បាន​បង្ហោះ​រូប​កាត់ត​មួយ​សន្លឹកដែលប្រមាថ​ព្រះមហាក្សត្រ ហើយ​ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន​ខឹងសម្បារ និង​ស្នើឱ្យ​សមត្ថកិច្ច​ចាប់​ជន​នោះមក​ផ្តន្ទាទោស​តាមច្បាប់​។

​មាត្រា ៧ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា បាន​ចែងថា ព្រះមហាក្សត្រ​ទ្រង់​ជា​ព្រះប្រមុខរដ្ឋ​មួយជីវិត​។ អង្គ​ព្រះមហាក្សត្រ មិនអាច​នរណា​រំលោភបំពាន​បានឡើយ​។ ប៉ុន្តែ ច្បាប់កំពូល​មួយ​នេះ​មិន​បានចែង​ពី​ការដាក់ទោសទណ្ឌ​លើ​ជន​ណា​ដែល​រំលោភបំពាន​អង្គ​ព្រះមហាក្សត្រ​នោះទេ​។​

​ខណៈ​សមត្ថកិច្ច​កំពុង​តាមដាន​ជនល្មើស​លោក ខៀវ សុភ័គ ពុំ​អាច​អត្ថាធិប្បាយ​ពី​ទោស​ពៃ​រិ៍​ដែល​ជនល្មើស​ត្រូវ​ប្រឈម​ដែរ លោក​គ្រាន់​និយាយថា វា​ជា​នីតិវិធីតុលាការ​៕


Tag:
 ​ខៀវ សុភ័គ​
  ព្រះមហាក្សត្រ​
  ក្រសួងមហាផ្ទៃ​
© រក្សាសិទ្ធិដោយ thmeythmey.com