ជាតិ
មេប៉ូលិស​ព្រមាន​ចាប់​មន្ត្រីនគរបាល ដែល​ប្រព្រឹត្តអំពើពុករលួយ ទៅ​ACU
10, Jan 2017 , 4:20 pm        
រូបភាព
​ភ្នំពេញ ៖ អគ្គស្នងការ​នគរបាល​ជាតិ​លោក នេ​ត សាវឿន ព្រមាន​ចាប់បញ្ជូន​មន្ត្រីនគរបាល ដែល​ប្រព្រឹត្ត​អំពើពុករលួយ ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។ នេះ​បើតាម​អគ្គស្នងការ​នគរបាល​ជាតិ​។​



​លោក នេ​ត សាវឿន ទទួលបាន​សេចក្ដីរាយការណ៍​ថា ប្រធាន​នាយកដ្ឋាន​មួយចំនួន​បាន​កាត់​របប​ថវិកា​ពី​មន្ត្រីក្រោមឱវាទ​របស់ខ្លួន ដូចជា​កាត់​របប​ប្រេងសាំង របប​ប្រាក់​បេសកកម្ម និង​ការប្រាក់​របប​លើ​កងកម្លាំង​នគរបាល​ចរាចរណ៍​។ ជាពិសេស​មានការ​ដាក់​កុងត្រូល​ចាំ​ពួនស្ទាក់​ផាកពិន័យ​យកប្រាក់​ខុសច្បាប់​ជាដើម​។​

​ត្រង់ចំណុច​នេះ​លោក នេ​ត សាវឿន អះអាងថា លោក​នឹង​បើក​ការស៊ើបអង្កេត​លើ​ករណី​ទាំងនេះ ។ ហើយ​ប្រសិនបើ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ រកឃើញ​ភស្តុតាង​ថា មន្ត្រីនគរបាល​ទាំង​នោះបាន​ប្រព្រឹត្តអំពើពុករលួយ យកប្រាក់​ខុសច្បាប់​ពី​មន្ត្រីក្រោមឱវាទ និង​ការយក​ប្រាក់​ខុសច្បាប់​ពី​ប្រជាពលរដ្ឋ​ពិតមែន​នោះ ពួកគេ​នឹងត្រូវ​ចាប់​បញ្ជូនទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ មុននឹង​បន្ត​នីតិវិធី​ទៅ​តុលាការ ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។​

​បន្ថែម​ពីលើ​នេះ​អគ្គស្នងការ​នគរបាល​ជាតិ​រូបនេះ ក៏បាន​ណែនាំ​មន្ត្រីនគរបាល​ចរាចរ​ណ៍​ដែល​ប្រចាំការ​នៅ​ដងផ្លូវ ត្រូវ​ប្រើប្រាស់​ឥរិយាបថ និង​សម្ដី​សមរម្យ​ចំពោះ​ប្រជាពលរដ្ឋ​។ ជាពិសេស​បញ្ឈប់​សកម្ម​ភាព​ទារប្រាក់ ឬ​ទទួល​ប្រាក់​សូក​ពី​ប្រជាពលរដ្ឋ​ផងដែរ​។ លោក នេ​ត សាវឿន បញ្ជាក់​ដូច្នេះ​ថា​៖«​សម្រាប់​បញ្ហា​នេះ បើ​នគរបាល​ធ្វើ​មិនបាន ហើយ​យើង​រកឃើញ​ភស្តុតាង​នោះ​(​ទារប្រាក់​តាមផ្លូវ​) គឺ​ត្រូវ​បញ្ជូនទៅ​តុលាការ​តែម្តង​»​។

​កន្លងមក​នគរបាល​ចរាចរណ៍ តែងតែ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ខាងក្រៅ​ច្រើនជាងគេ ដូចជា ប្រាក់​ឧប​ត្ថ​ម្ភ​ប្រចាំខែ​ពីស​ម្តេច ស ខេង , ប្រាក់ឧបត្ថម្ភ​ពី​ការពិន័យ និង​ប្រាក់ឧបត្ថម្ភ​នានា​បន្ថែម​លើ​ថវិកា​ប្រាក់បៀវត្ស​ផងដែរ​។ ប៉ុន្តែ​ទង្វើ​មិនល្អ​របស់​មន្ត្រីនគរបាល​ទាំងនេះ នៅ​មិនទាន់​មានការ​ថមថយ​ឡើយ​។ នេះ​ជាការ​បញ្ជាក់​របស់លោក នេ​ត សាវឿន​៕


Tag:
 នេ​ត សាវឿន​
 ​ មន្ត្រីនគរបាល​
  ACU
© រក្សាសិទ្ធិដោយ thmeythmey.com