ជាតិ
ក្រោយ​ស្តាប់​ការបំភ្លឺ CNRP អះអាងថា គ្មាន​ការលក់ដូរ​ដី​ពុទ្ធសាសនបណ្ឌិត្យ និង​ក្រសួង​ធម្មការ ទេ​
10, Jan 2017 , 7:04 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ លោក យ៉ែម បុញ្ញឫទ្ធិ និង លោក ហ៊ឹម ឆែម  បានបញ្ជាក់​ដូចគ្នា​ថា គ្មាន​ការលក់ដូរ​ដី​ពុទ្ធសាសនបណ្ឌិត្យ និង​ក្រសួង​ធម្មការ និង​សាសនា ឲ្យ​ក្រុមហ៊ុន​ឯកជន​នោះទេ​។ ការបញ្ជាក់​បែបនេះ នៅ​ចំពោះមុខ​អ្នកកាសែត គឺ​បន្ទាប់ពី​ប្រធាន​គណៈកម្មការ​ទី​៧ រូបនេះ​បាន​ស្តាប់​ការបំភ្លឺ ជាង​៣​ម៉ោង ពី​រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា​។​



លោក យ៉ែម បុញ្ញឫទ្ធិ ប្រធាន​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា បាន​ទទួលយក​ការបំភ្លឺ​របស់លោក ហ៊ឹម ឆែម ស្ទើរ​ទាំងស្រុង ក្រោយ​ការសាកសួរ​លើ​បញ្ហា​ចំនួន​៣ និង​ស្តាប់​ចម្លើយ​របស់លោក​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា​រូបនេះ ជាង ៣​ម៉ោង​។    លោក យ៉ែម បុញ្ញឫទ្ធិ បាន​ប្រាប់​អ្នកកាសែត​ក្រោយ​ជំនួប​នៅ​រដ្ឋសភា នា​ល្ងាច​ថ្ងៃទី​១០ ខែមករា​ថា បច្ចុប្បន្ន ក្រសួង​ធម្មការ និង​សាសនា កំពុង​សាងសង់​ទីស្តីការក្រសួង​ថ្មី ក្នុង​បរិវេណ​ដី​ពុទ្ធសាសនបណ្ឌិត្យ ដោយ​ប្រើប្រាស់​ថវិការដ្ឋ​ជា​បី​ដំណាក់កាល ដែល​នឹង​រួចរាល់​ក្នុង​ឆ្នាំ ២០១៨ ខាងមុខ​។ រីឯ ដី​ក្រសួង​ធម្មការ​វិញ លោក​បាន​ប្រាប់​ផ្អែក​តាម​បញ្ជាក់​របស់លោក ហ៊ឹម ឆែម ថា ក្រសួង​នឹង​ប្រគល់​ឲ្យ​ពុទ្ធិក​សាកលវិទ្យាល័យ​សីហនុ​រាជ ប្រើប្រាស់​សម្រាប់​ការបណ្តុះបណ្តាល​សមណ​សិស្ស និង​និស្សិត​។​

«​យើង​ទទួលបាន​ស្ទើរតែ​ទាំងអស់ ពីព្រោះ​អ្វីដែល​យើង​ធ្លាប់បាន​ជជែក​ជាមួយ​ក្រសួង ធម្មការ និង​សាសនា ត្រឡប់​ទៅវិញ ក្រសួង​តែងតែ​អនុវត្ត​ហើយ​បំពេញ​ហើយ​បំពេញ​ជា​ហូរហែ​»​។ នេះ​ជាការ​បញ្ជាក់​របស់ លោក យ៉ែម បុញ្ញឫទ្ធិ មុននឹង​បន្ថែមថា លោក​នៅតែ​បន្ត​តាម​បញ្ហា​សាសនា​ផ្សេងទៀត ដើម្បី​រួមចំណែក​លើក​សាសនាព្រះពុទ្ធ​ដែលជា​របស់​រដ្ឋ​។​

​ដោយឡែក​បញ្ហា​ប្រាក់​ម៉ោង​គ្រូបង្រៀន​ពុទ្ធិកសិក្សា ដែល​បើក​យឺតយ៉ាវ​វិញ លោក យ៉ែម បុញ្ញឫទ្ធិ និយាយថា ក្រសួង​ធម្មការ និង​សាសនា បានរៀបចំ​របាយការណ៍​ចំណាយ​ថវិកា​ប្រចាំឆមាស ទៅ​ក្រសួង​
សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រួចរាល់​ដែរ​។ លោក​ពន្យល់ថា មូលហេតុ​ដែល​យឺត យ៉ាវ ពីព្រោះ​ក្រសួង​ត្រូវ​ការធ្វើ​របាយការណ៍​ត្រួតពិនិត្យ​វត្តមាន និង​ថវិកា​ចំណាយ​សម្រាប់​ការ បណ្តុះបណ្តាល​។

​លោក​ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​នៅ ថ្ងៃទី​១០ មករា​នេះ​ថា គម្រោង​ដែល​ក្រសួង​កំពុង​អនុវត្ត​មាន​ផែនការ​ច្បាស់លាស់ តាមច្បាប់​៕


© រក្សាសិទ្ធិដោយ thmeythmey.com