កីឡាជាតិ
ជាតិ
ព្រឹត្តិការណ៍​រត់​កាត់​ឧបសគ្គ Ultra Trail Angkor មាន​អត្ត​ព​លិ​ក​កើនឡើង​ជិត​ពាក់កណ្តាល​
17, Jan 2017 , 7:19 pm        
រូបភាព
ដោយ:
​ព្រឹត្តិការណ៍​រត់ប្រណាំង​ចម្ងាយ​ឆ្ងាយ​កាត់​ឧបសគ្គ​នៅ​តំបន់​អង្គរ​ខេត្តសៀមរាប​(Ultra Trail AngKor) ប្រចាំឆ្នាំ​២០១៧ ដែល​ធ្វើឡើង​ដើម្បី​មនុស្សធម៌ គិត​ត្រឹម​ថ្ងៃទី​១៦ ខែមករា មាន​អត្ត​ព​លិ​ក​ប្រមាណ​ជាជាង​៥០០​នាក់​ដែល​មកពី​៣៧​ប្រទេស​បាន​ចូលរួម​។ ចំនួន​នេះ​គឺមាន​ការកើនឡើង​ជិត​ពាក់កណ្តាល​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំមុន​។



​គិត​ត្រឹម​ថ្ងៃទី​១៦ ខែមករា មាន​អត្ត​ព​លិ​ក​ប្រមាណ​ជាជាង​៥០០​នាក់​ហើយ​ដែល​បាន​ចុះឈ្មោះ​ចូលរួម​ព្រឹត្តិការណ៍​រត់ប្រណាំង​កាត់​ឧបសគ្គ​ចម្ងាយ​ឆ្ងាយ​នៅ​តំបន់​អង្គរ​ក្នុង​ខេត្តសៀមរាប​(Ultra Trail Angkor)​លើក​ទី​២​។ ចំនួន​នេះ​មានការ​កើនឡើង​ជិត​ពាក់កណ្តាល​បើ​ប្រៀបធៀប​ទៅនឹង​លើក​ទី​១ ខណៈ​ឆ្នាំមុន​មាន​ត្រឹមតែ​ជិត​៣០០​នាក់​ប៉ុណ្ណោះ​។ 

​ក្នុងចំណោម​អត្ត​ព​លិ​ក​ប្រមាណ​ជាជាង​៥០០​នាក់​ដែល​មកពី​ជាង​៣០​ប្រទេស​ទូទាំង​ពិភពលោក គឺ​ភាគច្រើន​មកពី​ប្រទេស​បារាំង អាល្លឺម៉ង់ និង​សហរដ្ឋអាមេរិក​។ ចំណែក​កម្ពុ​ជាមាន​ត្រឹមតែ​៣០​នាក់​ចូលរួម​ប៉ុណ្ណោះ ប៉ុន្តែ​ចំនួន​នេះ​ត្រូវបាន​គណៈកម្មការ​រៀប​ចំ​បញ្ជាក់ថា មានការ​កើនឡើង​ខណៈ​ឆ្នាំមុន​មាន​ត្រឹមតែ​១០​នាក់​ចូលរួម​។

​អត្ត​ព​លិ​ក​ទាំងនេះ​ត្រូវ​ប្រកួតប្រជែង​លើ​៤​ប្រភេទ​វិញ្ញាសា​គឺ​ចម្ងាយ​១៦​គីឡូម៉ែត្រ​, ៣២​គីឡូម៉ែត្រ​, ៦៤​គីឡូម៉ែត្រ និង​១២៨​គីឡូម៉ែត្រ​ដែលជា​វិញ្ញាសា​សំខាន់​ជាងគេ​ក្នុង​ព្រឹត្តិការណ៍​នេះ​។ សម្រាប់​តម្លៃ​ចុះឈ្មោះ រត់​ចម្ងាយ​១៦​គីឡូម៉ែត្រ​ជនបរទេស​៤៣​ដុល្លារ​កម្ពុជា​១០​ដុល្លារ​, ចម្ងាយ​៣២​គីឡូម៉ែត្រ​បរទេស​៦៣​ដុល្លារ​កម្ពុជា​២០​ដុល្លារ​, ៦៤​គីឡូម៉ែត្រ​បរទេស​៩០​ដុល្លារ​កម្ពុជា​៣០​ដុល្លារ និង​ចម្ងាយ​១២៨​គីឡូ​ម៉េ​ត្រ​បរទេស​១៦០​ដុល្លារ កម្ពុជា​៥០​ដុល្លារ​។

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​បញ្ជាក់ថា ព្រឹត្តិការណ៍​នេះ​រៀបចំឡើង​ក្នុង​គោលបំណង​ដើម្បី​ប្រមូល​ថវិកា​ជួយ​ដល់​អំពើ​មនុស្សធម៌ ដូចជា​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា និង​អង្គការ​មនុស្សធម៌​នានា​។ លើសពី​នេះ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ឲ្យ​មក​ទស្សនា​តំបន់​ទេសចរណ៍​អង្គរ​។ ហើយក៏​ដើម្បី​បំផុស​ស្ថា​រ​តី​ក្នុង​ការជួយ​ថែរក្សា​បរិស្ថាន​ផងដែរ​។​

​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​រូបនេះ​បាន​បញ្ជាក់ថា សម្រាប់​វិញ្ញាសា​រត់​ចម្ងាយ​១២៨​គីឡូម៉ែត្រ​ដែលជា​វិញ្ញាសា​ស្នូល​របស់​ព្រឹត្តិការណ៍ Ultra Trail Angkor មកទល់ពេលនេះ គឺមាន​កីឡាការិនី​ចូលរួម​ប្រមាណ​ជា​៥០​ភាគរយ ក្នុងនោះ​ក៏មាន​កម្ពុជា​ផងដែរ​។

​បើ​យោងតាម​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា វិញ្ញាសា​រត់​ចម្ងាយ​ឆ្ងាយ​១២៨​គីឡូម៉ែត្រ​ត្រូវ​រត់​កាត់​ធម្មជាតិ វាលស្រែ ព្រៃ​ប្រឹក្សា​ល​តាវ​ល្លិ៍ និង​ប្រាង្គ​ប្រាសាទបុរាណ​ដែលជា​កេ​រិ៍​តំ​ណែ​របស់បុព្វ​បុរស​ខ្មែរ​។ ជាពិសេស​ត្រូវ​ឆ្លងកាត់​ឧបសគ្គ​នៃ​ភាព​ងងឹត ព្រោះ​វិញ្ញាសា​នេះ​នឹង​ចេញដំណើរ​នៅ​ម៉ោង​១១​យប់​។​

​ប៉ុន្តែ​កីឡាករ​ទាំងអស់​ក៏​អាច​ឈប់សម្រាក​ញ៉ាំ​ភេសជ្ជៈ និង​ចំណីអាហារ​ដែល​រៀបចំ​ដោយ​គណៈកម្មការ​រៀបចំ​ការប្រកួត​តាម​ដងផ្លូវ​ផងដែរ​។ អត្ត​ព​លិ​ក​ចូលរួម​ទាំងអស់​មិន​ត្រឹមតែ​ទទួលបាន​ភាពសប្បាយ​រីករាយ​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​ទស្សនា​ប្រាង្គ​ប្រាសាទ និង​ទេសភាព​ដ៏​ស្រស់ស្អាត​នៅតាម​ដងផ្លូវ​ដែល​ពួកគេ​រត់​ទៀតផង​។​

​គួរ​បញ្ជាក់ថា ព្រឹត្តិការណ៍​រត់ប្រណាំង​ច​ម្ងា​យ​ឆ្ងាយ​កាត់​ឧបសគ្គ Ultra Trail Angkor នៅ​តំបន់​អង្គរ​ក្នុង​ទឹកដី​ខេត្តសៀមរាប នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​២០ ខែមករា ដល់​ថ្ងៃទី​២១ ខែមករា​៕ 





Tag:
 ម៉ារ៉ាតុន​
  Ultra Trail Angkor
  វ៉ា​ត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com