ជាតិ
គណបក្ស​សង្គ្រោះ​ជាតិ​ឈាន​មួយ​ជំហាន​ទៅមុខទៀត ក្នុងការ​ប៉ុនប៉ង​បង្កើត​ទូរទស្សន៍​
24, Jan 2017 , 7:19 pm        
រូបភាព
​ភ្នំពេញ​៖ គណបក្ស​សង្គ្រោះ​ជាតិ បាន​ឈាន​ទៅមុខ​មួយ​ជំហាន​ទៀត​ក្នុងការ​ប៉ុនប៉ង បង្កើត​ទូរទស្សន៍​សម្រាប់​គណៈបក្ស​របស់ខ្លួន​ឈ្មោះថា​ទូរទស្សន៍​ព្រះអាទិត្យ​។​



​លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​និយាយថា​គណៈបក្ស​បាន​ទិញ និង​ទទួល​បណ្ណ​កម្មសិទ្ធិ​ដី​ជា​ផ្លូវការ​រួចហើយ ហើយ​ពេលនេះ​កំពង់តែ​រង់ចាំ​ការឆ្លើយតប​របស់​អាជ្ញា​ធរ​ទៅនឹង​ពាក្យស្នើសុំ​ការអនុញ្ញាត​ដើម្បី​បើក​ការដ្ឋាន​សាងសង់​និង​ដំឡើង​អង់​តែ​ន​។ 

​លោក យ៉ែម បុញ្ញឫទ្ធិ និ​យា​យា​ថា​៖«​អ្វីដែល​សំខាន់ គឺ​នៅពេល​ដែលមាន​អនុញ្ញាត​ឲ្យ​ដំឡើង​អង់​ទែន និង​បើក​ការដ្ឋាន​។ យើង ត្រូវការ​ពេលវេលា​ខ្លះ​»​។

​លោក យ៉ែម បុញ្ញឫទ្ធិ បន្តទៀតថា ទីតាំង សម្រាប់​ដំឡើង​ស្ថានីយ៍ទូរទស្សន៍ លែង​ជា​បញ្ហា​ហើយ ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ទើបតែនឹង​បាន​ទិញ​ដី មួយកន្លែង ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​ទីតាំង​និង​តម្លៃ​របស់​វា​ទេ​។

​លោក ក៏​មិនអាច​បញ្ជាក់​ឲ្យ​ច្បាស់​ផងដែរ​ទេ​ថា​ពេលណា​ទើប​បង្កើតបាន​ស្ថានីយ៍​និង​ការផ្សាយ​ទូរទស្សន៍​នោះ​រួចរាល់​។

​កាលពី​ប៉ុន្មាន​ខែ​មុន គណបក្ស​សង្គ្រោះ​ជាតិ បាន​ស្វែង​ទីតាំង​សម្រាប់​ការដំឡើង​ស្ថានីយ៍ទូរទស្សន៍ ឃើញ​ហើយ ដែល​ស្ថិតនៅក្នុង​ក្រុង​តាខ្មៅ​។ ប៉ុន្តែ អាជ្ញាធរ មិន​អនុញ្ញាតិ ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដំឡើង​ស្ថានីយទូរទស្សន៍​ឡើយ ដោយ​លើក​ហេតុផល​ថា ប្រជាពលរដ្ឋ​មួយចំនួន មិន​ពេញចិត្ត ហើយ​តវ៉ា​ចំពោះ​ការបង្កើត​ស្ថានីយ៍ទូរទស្សន៍​ក្នុង​តំបន់​នោះ​។ ក្រោយមក គណបក្ស​សង្គ្រោះ​ជាតិ ក៏​បន្ត​ស្វែងរក​ទីតាំង​ថ្មី​។ 

​គណបក្ស​សង្គ្រោះ​ជាតិ អះអាងថា ការបង្កើត​ទូរទស្សន៍​នេះ ត្រូវ​ចំណាយ​ទឹកប្រាក់​ប្រមាណ​ជា​៣​លាន​ដុល្លារ​ឯណោះ​៕


Tag:
 Suntv
  CNRP
  យ៉ែម បុញ្ញឫទ្ធិ​
© រក្សាសិទ្ធិដោយ thmeythmey.com