ជាតិ
សង្គមជាតិ
EDC ​ផ្តើម​បញ្ជូន​អគ្គិសនី​ពី​ភ្នំពេញ​ទៅ​ខេត្តព្រៃវែង និង​ស្វាយរៀង​
27, Jan 2017 , 7:21 pm        
រូបភាព
រូបថតអាជ្ញាធរអគ្គិសនីកម្ពុជា
រូបថតអាជ្ញាធរអគ្គិសនីកម្ពុជា
ដោយ: ថ្មីៗ

ភ្នំពេញ​៖ អគ្គិសនី​កម្ពុជា (EDC) បាន​សាកល្បង​ដំណើរការខ្សែបណ្តាញ​បញ្ជូន​អគ្គិសនី​ពី​ភ្នំពេញ​ទៅ​អនុ​ស្ថានីយ​ខេត្តព្រៃវែង និង​ស្វាយរៀង នៅ​ថ្ងៃទី​២៧ ខែមករានេះ។ នេះ​បើតាម​អាជ្ញាធរ​ជាតិអគ្គិសនី​កម្ពុជា​។​



​អាជ្ញាធរ​ជាតិអគ្គិសនី​ បាន​ជូនដំណឹង​ នៅថ្ងៃនេះ​ថា EDC បាន​ផ្តើម​ដំណើរការ​ខ្សែបណ្តាញ​បញ្ជូន​អគ្គិសនី​ធុន​ធំ​ពី​ភ្នំពេញទៅ​អនុ​ស្ថានីយ​កំពង់​សឹ​ង្គ ខេត្តព្រៃវែង និង​អនុ​ស្ថានីយ​ច្រកម្ទេស ខេត្តស្វាយរៀង ក្នុង​គោលបំណង​បំពេញប​ន្ថែ​ម​លើ​ថាមពល​អគ្គិសនី​ដែល​នាំចូល​ពី​វៀតណាមដែលខ្វះខាត ​កន្លងមក​។​

«​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នេះ ឥឡូវ​រួចរាល់​ជា​ស្ថាពរ​ហើយ អគ្គិសនី​កម្ពុជា​ចាប់ផ្តើម​ធ្វើតេស្ត​ដាក់​ភ្លើង​ចូល​ខ្សែ និង​បរិក្ខា​ផ្សេងៗ​ទៀត រួច​ប៉ុន្មាន​អាទិត្យ​ទៀត​នឹង​អាចដាក់​ឲ្យ​ដំណើរការ​»​។ អាជ្ញាធរ​ជាតិ អគ្គិសនី​កម្ពុជា ជូនដំណឹង​តាម​ហ្វេ​ស​ប៊ុ​ក​។​

​អាជ្ញាធរ​ជាតិ​អគ្គិសនី​កម្ពុជា បញ្ជាក់ថា អគ្គិសនី​ក្នុងតំបន់ខេត្តទាំងពីរនឹង​ឈប់​ដាច់​ញឹកញាប់ ហើយ​វាអាច​ពង្រីក​បណ្តាញ​ជូន​អ្នក​ដែល​មិនទាន់មាន​អគ្គិសនី​ប្រកបដោយ​គុណភាព​ដូច​ភ្នំពេញ រីឯ​តម្លៃ​អគ្គិសនី នឹង​ធ្លាក់​ថ្លៃ​ដូច​តំបន់​ប្រភព​បណ្តាញ​ជាតិ​នានា​ដែរ​។

លោក កែវ រតនៈ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​អគ្គិសនី​កម្ពុជា ធ្លាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ពលរដ្ឋ​កម្ពុជា​យ៉ាងហោច​៨០​ភាគរយ នឹងមានអគ្គិសនីប្រើប្រាស់គ្រប់ផ្ទះត្រឹមឆ្នាំ២០៣០​​​៕​​


Tag:
 អគ្គិសនី​
  ព្រៃវែង​
  ស្វាយរៀង
© រក្សាសិទ្ធិដោយ thmeythmey.com