ជាតិ
នយោបាយជាតិ
អ្នកនាំពាក្យបក្សប្រឆាំង ចាត់ទុកការចាកចេញរបស់លោក ឌិត ពុទ្ធី ថាជារឿងធម្មតា
× ភ្នំពេញ៖ លោក ឌិត ពុទ្ធី ដែលធ្លាប់ត្រូវបានចោទថាបើកឡានបុក ប៉ូលិសនៅក្រុងប៉ោយប៉ែត បានដាក់លិខិតសុំលាលាងពីសមាជិកភាពនៃគណបក្សសង្គ្រោះជាតិ។ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ អះអាងថា ការសុំលាលែងនេះ គឺជាសិទ្ធិរបស់លោក ឌិត ពុទ្ធី។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ មិនភ្ញាក់ផ្អើលអ្វីឡើយ ដែលលោក ឌិត ពុទ្ធី សុំលាលែងពីសមាជិកភាព។ លោក អះអាងថា ការចូលជាសមាជិក និងការចាកចេញពីគណបក្សសង្គ្រោះជាតិ គឺជាសិទ្ធិរបស់បុគ្គលគ្រប់ ដែលមិនអាចត្រូវបានបង្ខិតបង្ខំ នោះទេ។
លោក យឹម សុវណ្ណ សុំមិនបកស្រាយ ឬក៏វិនិច្ឆ័យថា មូលហេតុអ្វី ដែលលោក ឌិត ពុទ្ធី សុំចាកចេញពីគណបក្សសង្គ្រោះជាតិ ឡើយ។ អ្នកនាំពាក្យបក្សប្រឆាំងរូបនេះ បានបញ្ជាក់ដូច្នេះថា៖«វា ជារឿងធម្មតា ចំពោះការចូល ឬការចេញរបស់សមាជិកណាម្នាក់។ យើងមិនអាចហាមឃាត់គេបានទេ ព្រោះវា ជាសិទ្ធិរបស់គេ។ យើង មិនចាំបាច់ធ្វើអត្ថាធិប្បាយអ្វីទេ ព្រោះយើង មិនដឹងថា ជីវិតគេយ៉ាងម៉េច មិនដឹងថាគេ មានសម្ពាធផ្លូវចិត្តយ៉ាងម៉េច។ អ៊ីចឹង នេះ គឺជាជីវិតរបស់គេ យើងមិនបានដឹងច្បាស់ទេ»។
ថ្មីៗនេះ លោក ឌិត ពុទ្ធី បានដាក់លិខិតសុំលាលែងពីសមាជិកភាពនៃគណបក្សសង្គ្រោះជាតិ ក្រោយពីលោក ត្រូវបានតុលាការ ដោះលែងពីការឃុំឃាំង។ ក្នុងលិខិតនោះលោក ឌិត ពុទ្ធី បានប្រាប់មូលហេតុថា លោក រវល់យ៉ាងខ្លាំងក្នុងកិច្ចការសមាគម ហើយមិនអាចចំណាយពេលវេលា ដើម្បីបំពេញការងារក្នុងគណបក្សសង្គ្រោះជាតិ តទៀតបានទេ។ លោក បានសរសេរយ៉ាងនេះថា៖«ខ្ញុំមានភារកិច្ចបំពេញការងារសមាគម មិនមានពេលគ្រប់គ្រាន់ ដើម្បីបំពេញការងារគណបក្សសង្គ្រោះជាតិបន្ត»។
លោក ឌិត ពុទ្ធី ដែលជាសមាជិកគណប្សសង្គ្រោះជាតិ និងជាប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវបានតុលាការឃុំខ្លួនអស់មួយរយៈ ដោយចោទលោក ថា បានបើកឡានបុក លោក ឈាន ពិសិដ្ឋ មន្ត្រីប៉ូលិស នៅច្រកទ្វារប៉ោយប៉ែត។ ប៉ុន្តែសាធារណជន រួមទាំងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បានរិះគន់យ៉ាងខ្លាំងចំពោះតុលាការ ដែលចាត់ការលើលោក ឌិត ពុទ្ធី ដោយខុសពីការពិត។ តាមរយៈវីដេអូឃ្លីប ដែលត្រូវបានបង្ហោះលើបណ្តាញសង្គម ពួកគេអះអាងថា លោក ឌិត ពុទ្ធី មិនបានបើកឡានបុកលោក ឈាន ពិសិដ្ឋនោះទេ តែលោក ឈាន ពិសិដ្ឋ បានធ្វើពុតជាដួលមុខឡាន ដើម្បីទម្លាក់កំហុសឲ្យលោក ឌិត ពុទ្ធី។
ក្រោយការប្រតិកម្មពីសំណាក់មហាជន គួបផ្សំទាំងវីដេអូឃ្លីប ដែលបង្ហាញថា លោក ឌិត ពុទ្ធី មិនបានបើកឡានបុកលោក ឈាន ពិសិដ្ឋ ដូចការចោទប្រកាន់នោះ សាលាឧទ្ធរណ៍ក៏សម្រេចដោះលែងលោក ឌិត ពុទ្ធី ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន៕
© រក្សាសិទ្ធិដោយ thmeythmey.com