ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេធាវី​ថា ការ​ទុក​សំណុំរឿង​ដោយ​មិន​ព្រម​ដោះស្រាយ គឺ​ប៉ះពាល់​ដល់​សិទ្ធិ​មន្ត្រី​អាដហុក​និង​មន្ត្រី​គ​.​ជ​.​ប​ ​
29, Jan 2017 , 10:19 pm         6858
រូបភាព
ភ្នំពេញ​៖ រហូតមកដល់​ពេលនេះ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ មិនទាន់​បន្ត​នីតិវិធី​លើ​សំណុំរឿង​មន្ត្រី​អាដហុក​និង​មន្ត្រី​គ​.​ជ​.​ប នោះទេ​។ មេធាវី អះអាងថា ការ​រក្សាទុក​សំណុំរឿង​ដោយ​ហួស​កាលកំណត់​បែបនេះ គឺជា​ការប៉ះពាល់​ដល់​សិទ្ធិ​របស់​ជនជាប់ចោទ​។​

មេធាវី នៅតែ​ទទូច​ឲ្យ​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ត​នីតិវិធី​ចំពោះ​សំណុំរឿង​មន្ត្រី​អាដហុក​ទាំង​៤​រូប និង​មន្ត្រី​គ​.​ជ​.​ប ១​រូប​។ មេធាវី​អះអាងថា ការរក្សា​សំណុំរឿង ដោយ​មិន​ព្រម​ចាត់ការ​ដូច្នេះ គឺជា​ការប៉ះពាល់​សិទ្ធិ​របស់​មន្ត្រី​អាដហុក​និង​មន្ត្រី​គ​.​ជ​.​ប ដែលជា​ជនជាប់ចោទ​។

លោក សំ សុ​គង់ ដែលជា​មេធាវី​១​រូប ក្នុងចំណោម​មេធាវី​ទាំង​៥​រូប ដែល​រួមគ្នា​ការពារ​ក្តី​ឲ្យ​មន្ត្រី​អាដហុក​និង​មន្ត្រី​គ​.​ជ​.​ប បាន​លើកឡើងថា ការពន្យារពេល​បែបនេះ ទំនងជា​ចៅក្រម​ស៊ើបសួរ​កំពុងតែ​សាកសួរ​សាក្សី​១​រូប​ផ្សេងទៀត ជុំវិញ​សំណុំរឿង​ខាងលើ​។ លោក សំ សុ​គង់ អះអាងថា លោក ទើបតែ​ទទួលបាន​ដំណឹង​នេះ ពី​មន្ត្រី​តុលាការ​។

យ៉ាងណា លោក សំ សុ​គង់ នៅតែ​ស្នើ​ឲ្យ​ចៅក្រម​ស៊ើបសួរ ប្រញាប់​ដោះស្រាយ​សំណុំរឿង​មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប​។ លោក សង្កត់ធ្ងន់ថា ជនជាប់ចោទ មាន​សិទ្ធិ​ទទួលបាន​ការជំនុំជម្រះ​ឲ្យ​បាន​ឆាប់រហ័ស និង​ប្រកបដោយ​យុត្តិធម៌​។

លោក​មេធាវី​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​បើកាលណា​ការឃុំខ្លួន ចេះតែ​អូសបន្លាយ​អ៊ីចឹង វា ប៉ះពាល់​សិទ្ធិ​របស់​ជនជាប់ចោទ​។ ពួកគាត់ មិនគួរណា​ត្រូវបាន​ឃុំខ្លួន​ដោយ​យឺតយ៉ាវ​បែបនេះ​ទេ​។ តាម​គោលការណ៍​អន្តរជាតិ​ដែល​ស្តីពី​សិទ្ធិ​ជនជាប់ចោទ ពួកគាត់ អាចមាន​សិទ្ធិ​ទទួលបាន​ការជម្រះ​ឲ្យ​បាន​លឿន និង​ទទួលបាន​សវនាការ​មួយ ដែល​ត្រឹមត្រូវ​។ ច្បាប់​ប្រទេស​យើង ក៏​មានចែង​ដូចគ្នា​អ៊ីចឹង​ដែរ​»​។ 

លោក សំគង់ បន្តថា លោក គ្រោង​ដាក់​បណ្តឹង​ទៅកាន់​សាលាឧទ្ធរណ៍ ដើម្បី​ជំទាស់​នឹង​ចៅក្រម​ស៊ើបសួរ ដែល​រក្សា​សំណុំរឿង​មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប ដោយ​មិន​ដោះស្រាយ​។ លោក បញ្ជាក់ថា បណ្តឹង​នេះ នឹង​ធ្វើឡើង​ក្នុងពេល​ឆាប់ៗ ប្រសិនបើ ចៅក្រម​ស៊ើបសួរ នៅតែ​រក្សា​ភាព​ស្ងៀមស្ងាត់​ចំពោះ​សំណុំរឿង​មន្ត្រី​អាដហុក និង មន្ត្រី​គ​.​ជ​.​ប​។​

សំណុំរឿង​មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប ត្រូវបាន​បិទ​បញ្ចប់​ការ​ស៊ើបសួរ តាំងពីដើម​ខែធ្នូ ឆ្នាំ​២០១៦​មកម្ល៉េះ​។ បន្ទាប់ពី​បញ្ចប់​នីតិវិធី​ខាងលើ ចៅក្រម​ស៊ើបសួរ មាន​រយៈពេល​យ៉ាងយូរ​២០​ថ្ងៃ ក្នុង​ការចេញ​ដីកា​ដំណោះស្រាយ ដោយ​សម្រេច​ថា ត្រូវ​លើកលែង​ការចោទប្រកាន់​លើ​មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប ហើយ​ដោះលែង​ពួកគេ ឲ្យ​មាន​សេរីភាព​ឡើងវិញ ឬក៏​បញ្ជូន​សំណុំរឿង​ទៅ​ជំនុំជម្រះ​។ ទាំងនេះ​គឺជា​លើកឡើង​របស់លោក សំ សុ​គង់ ដដែល​។

សូមបញ្ជាក់ថា រហូតមកដល់​ពេលនេះ មន្ត្រី​អាដហុក​ទាំង​៤​រូប រួមមាន លោក នី សុខា លោក ណៃ វង់​ដា លោក យី សុខសាន្ត និង​លោកស្រី លឹម មុន្នី ព្រមទាំង​អគ្គលេខាធិការរង​រប​ស់គ​.​ជ​.​ប លោក នី ចរិយា បាន​ជាប់ពន្ធ​គារ កាលពីដើម​ខែឧសភា ឆ្នាំ​២០១៦​។ មន្ត្រី​អាដហុក ត្រូវបាន​ចោទ​ពីបទ «​សូកប៉ាន់​សាក្សី​» ហើយ​មន្ត្រី​គ​.​ជ​.​ប ត្រូវបាន​ចោទ​ពីបទ «​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​»​។ បើតាម​ការចោទប្រកាន់​របស់​តុលាការ អ្នក​ទាំង​ប្រាំ សុទ្ធតែ​ជាប់​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​របស់​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ ជាមួយនឹង​ឯកឧត្តម កឹម សុខា​៕
 
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev123next