អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បន្ទាប់ពីស្ងៀមស្ងាត់១០ថ្ងៃ អូ​បា​ម៉ា ចេញមុខ​រិះគន់​វិធាន​ការហាម​ប្រជាជនប្រទេស​ម៉ូ​ស្លី​មរ​បស់ ត្រាំ​
31, Jan 2017 , 12:49 pm        
រូបភាព

អតីត​ប្រធានាធិបតី​អាមេរិក​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា បញ្ជាក់ថា​លោក​ជំទាស់​រាល់​ការរើសអើង​ដែលពឹង​ផ្អែកលើ​សាសនា​។ ហើយ​មេដឹកនាំ​អាមេរិក​រូបនេះ​មាន​ទំនុកចិត្ត​ចំពោះ​សកម្មភាព​ប្រជាជន​អាមេរិក​ដែល​នាំគ្នា​ប្រឆាំង​វិធានការ​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ប្រឆាំង​ជនភៀសខ្លួន​និង​ជនអន្តោប្រវេសន៍​នោះ​។​


​ក្រោយ​រក្សា​ភាព​ស្ងៀមស្ងាត់​បន្ទាប់​ចាកចេញ​ពី​តំណែង​ប្រហែល ១០​ថ្ងៃ លោក បា​រ៉ា​ក់ អូ​បា​ម៉ា ចាប់ផ្តើម​ចេញមុខ​រិះគន់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ពាក់ព័ន្ធ​ការដាក់​បទបញ្ជា​ហាមឃាត់​ប្រជាជន​មកពី​ប្រទេស​ម៉ូ​ស្លី​ម ៧ និង​ឈប់​ទទួល​ជនភៀសខ្លួន​។
​យោងតាម​សេចក្តីថ្លែងការណ៍​មួយ​របស់​អ្នកនាំពាក្យ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា លោក Kevin Lewis ដែល​ត្រូវបាន​បង្ហោះ​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម Twitter លោក បា​រ៉ា​ក់ អូ​បា​ម៉ា មាន​ទំនុកចិត្ត​ចិត្ត​ចំពោះ​សកម្មភាព​រួបរួមគ្នារ​បស់​ប្រជាជន​អាមេរិក​ក្នុង​ការតវ៉ា​និង​ជំទាស់​ចំណាត់ការ​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​។ 
​សេចក្តីថ្លែងការណ៍​នេះ​បានបញ្ជាក់​ដូច្នេះ​៖«​ប្រជាជន​អាមេរិក​អនុវត្ត​សិទ្ធិ​ដែល​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​ក្នុងការ​ជួបជុំ​, រៀបចំ និង​ធ្វើយ៉ាងណា​បង្ហាញ​ទុក្ខ​កង្វល់​របស់ខ្លួន​ឲ្យ​អ្នក​ដែល​ពួកគេ​បោះឆ្នោត​ឲ្យ​បានដឹង សុទ្ធសឹង​ជា​អ្វីដែល​យើង​ចង់ឃើញ​នៅពេលដែល​តម្លៃ​អាមេរិក​ស្ថិតនៅក្នុង​គ្រោះថ្នាក់​»​។​
 
​អ្នកនាំពាក្យ​ខាងលើ​ក៏បាន​បន្តទៀតថា ទោះជា​ក្នុង​កាលៈទេសៈ​ណាក៏ដោយ លោក បា​រ៉ា​ក់ អូ​បា​ម៉ា ពិតជា​មិន​ឯកភាព​ឡើយ​ចំពោះ​រាល់​ការរើសអើង​ទាំងឡាយណា​ដែល​ពឹងផ្អែក​សាសនា​និង​ជំនឿ​។ 
​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ចុងក្រោយ​របស់ខ្លួន លោក​បា​រ៉ា​ក់ អូ​បា​ម៉ា បាន​បង្ហើប​ថា លោក​នឹង​ផ្តល់​ការគោរព​ដល់​ប្រធានាធិបតី​ថ្មី ប៉ុ​ន្ត​លោក​សង្កត់ធ្ងន់ថា លោក​មិន​ស្ទាក់ស្ទើ​ក្នុងការ​និ​យ​យ​ប្រឆាំង​ទេ​បើសិនជា​លោក​គិតថា តម្លៃ​ស្នូល​របស់​អាមេរិក​ស្ថិតនៅក្នុង​ស្ថានភាព​គ្រោះថ្នាក់ ជាពិសេស​មានការ​រើសអើង​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​។ 
 
​សូមបញ្ជាក់ថា លោក ដូ​ណា​ល់ ត្រាំ បានសម្រេច​ចុះហត្ថលេខា​លើ​បទបញ្ជា​ប្រតិបត្តិ​របស់ខ្លួន​កាលពី​សប្តាហ៍​មុន ដើម្បី​ហាមប្រាម​ប្រជាជន​មកពី​ប្រទេស​ម៉ូ​ស្លី​ម ៧​លើ​ពិភពលោក​ចូល​ទឹកដី​អាមេរិក និង​ឈប់​ទទួលយក​ជនភៀសខ្លួន​បណ្តោះអាសន្ន​។​ការសម្រេច​នេះ​បាន​បង្ក​ឲ្យ​មានប្រតិកម្ម​និង​ការខឹង​សម្បារ​ខ្លាំង​ពី​សំណាក់​ប្រជាជន សកម្មជន​សិទ្ធិមនុស្ស និង​បណ្តា​ប្រទេស​ជាច្រើន​លើ​ពិភពលោក​។ ទោះជា​បែបណាក៏ដោយ គេ​សង្កេតឃើញ​មានការ​ប្រៀបធៀប​ចំណាត់ការ​ហាមឃាត់​ប្រជាជន​មកពី​ប្រទេស​ម៉ូ​ស្លី​ម​ចូល​អាមេរិក ទៅនឹង​ចំណាត់កា​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​ហាម​ប្រជាជន​អ៊ីរ៉ាក់​ចូល​ទឹកដី​អាមេរិក ៦​ខែ  កាលពី​ឆ្នាំ ២០១១ ដែរ​។ គេ​ថា ចំណាត់ការ​នេះ​គ្មានអ្វី​ខុសគ្នា​ឡើយ​៕

Tag:
 ​បា​រ៉ា​ក់ អូ​បា​ម៉ា​
 ​ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com