អន្តរជាតិ
ប្រមុខ UN សរសើរ​អាហ្វ្រិក​ដែល​ស្វាគមន៍​ជនភៀសខ្លួន និង​រិះគន់​ប្រទេស​អ្នកមាន​ដែល​បិទ​ព្រំដែន​
31, Jan 2017 , 3:22 pm        
រូបភាព
អគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres (រូបថត UN)
អគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres (រូបថត UN)
​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក Antonio Guterres នៅ​ថ្ងៃទី​៣០ ខែមករា បាន​រិះគន់​ដោយ​មិន​ចំឈ្មោះ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ជុំវិញ​ការចេញ​បញ្ជា​ហាមឃាត់​ការធ្វើដំណើរ​របស់​ជន​បរទេស​ចូល​ទឹកដី​អាមេរិក​។ លោក Antonio Guterres រិះគន់​ដូចនេះ ខណៈ​លោក​ចូលរួម​កិច្ចប្រជុំ​កំពូល​មេដឹកនាំ​អាហ្វ្រិក​នៅ​អេ​ត្យូ​ពី ជាទី​ដែល​លោក​បាន​លើកសរសើរ​ទ្វីប​ក្រីក្រ​មួយ​នេះ ចំពោះ​ការទទួលយក​ជនភៀសខ្លួន​មកពី​ជុំវិញ​ពិភពលោក​។​



«​អាហ្វ្រិក ជាទី​ទទួលយក​ជនភៀសខ្លួន​ធំជាងគេ ហើយក៏​ចិត្តល្អ​ជាងគេ​ក្នុងការ​ទទួលយក​ជន​ភៀសខ្លួន ព្រោះ​ព្រំដែន​របស់​ទ្វីបអាហ្វ្រិក នៅតែ​បើកចំហ​សម្រាប់​អ្នក​ដែល​ត្រូវ​ការការពារ នៅពេលដែល​ព្រំដែន​ជាច្រើន​ត្រូវបាន​បិទ សូម្បីតែ​នៅ​ប្រទេស​អភិវឌ្ឍ​ក៏ដោយ​។​»​នេះ​ជាស​ម្ដី​លើកសរសើរ​របស់​ប្រមុខ​អង្គការសហប្រជាជាតិ Antonio Guterres ទៅកាន់​មេដឹកនាំ​អាហ្វ្រិក​ចំពោះ​សមានចិត្ត​ក្នុងការ​ទទួលយក​ជន​ភៀសខ្លួន​។​

​លោក Guterres និយាយ​សរសើរ​អាហ្វ្រិក និង​បង្អាប់​ប្រទេស​អ្នកមាន​ខ្លះ​លើ​ការទទួលយក​ជនភៀសខ្លួន​ដូចនេះ នៅពេល​លោក​ចូលរួម​ក្នុង​ពិធី​បើក​ជំនួប​កំពូល​អាហ្វ្រិក​លើក​ទី​២៨ នៅ​ទីស្នាក់ការ​កណ្ដាល​ក្នុង​ទីក្រុង​អា​ឌី​សអា​បេ​បា រដ្ឋធានី​អេ​ត្យូ​ពី​។ អគ្គលេខាធិការ​ទើប​ចូលកាន់​តំណែង​រូបនេះ បាន​ប្រាប់​បណ្ដា​មេដឹកនាំ​អាហ្វ្រិក​ទៀតថា លោក​មក​ទីនេះ​ដើម្បី​ស្ដាប់​យោបល់​, រៀនសូត្រ និង​ធ្វើការ​ជាមួយ​ពួកគេ ដើម្បី​ប្រជាជន​អាហ្វ្រិក និង​ពិភពលោក​ទាំងមូល​។​

​ប្រមុខ​ថ្មី​របស់​អង្គការ​ពិភពលោក និយាយ​រិះគន់​គោលនយោបាយ​បិទ​ព្រំដែន​បែបនេះ បន្ទាប់ពី​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ចេញ​បញ្ជា​ហាមឃាត់​ជនអន្តោប្រវេសន៍​មកពី​៧​ប្រទេស​ចូល​ទឹកដី​អាមេរិក ដែល​ក្នុងនោះ​ក៏មាន​ប្រទេស​បី​ជា​សមាជិក​សហភាព​អាហ្វ្រិក​ផងដែរ គឺ​លី​ប៊ី​, ស៊ូដង់ និង​សូ​ម៉ាលី​។ ការដាក់ចេញ​បទបញ្ជា​នេះ​បានធ្វើ​ឲ្យ​មានការ​ខឹងសម្បារ និង​មានប្រតិកម្ម​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ និង​អ្នកគាំទ្រ​សិទ្ធិមនុស្ស​ជាដើម ដោយ​គេ​អះអាងថា វា​ជាការ​បំពារបំពាន​សិទ្ធិ​និង​រើសអើង​សាសនា​។​

​ទីភ្នាក់ងារ​ព័ត៌មាន AFP ផ្សាយ​ថា ក្រៅពី​លោក Guterres ប្រធាន​គណៈកម្មការ​ស​ហ​ភា​អាហ្វ្រិក Nkosazana Dlamini-Zuma ដែល​ចប់​អាណត្តិ ក៏បាន​រិះគន់​វិធានការ​របស់លោក ត្រាំ លើ​ការ​រឹតត្បិត​លំហូរ​ជនអន្តោប្រវេសន៍​ដែរ​។ លោកស្រី Nkosazana និយាយថា វា​ច្បាស់​ណាស់​ថា ពិភពលោក បាន​មកដល់​ដំណាក់កាល​ចលាចល​។ ជា​ឧទាហរណ៍ ប្រទេស​ដែល​ធ្លាប់​ចាប់​អ្នកដទៃ​ធ្វើជា​ទាសករ បែរជា​សម្រេចចិត្ត​ហាមឃាត់​ការធ្វើដំណើរ​នៃ​ជនភៀសខ្លួន​ទៅវិញ​។​

​ជាការ​ពិត គោលនយោបាយ​រឹតត្បិត​លំហូរ​ជនអន្តោប្រវេសន៍​ចូល​ទឹកដី​របស់លោក ត្រាំ រង​ការរិះគន់​យ៉ាងខ្លាំង​ពី​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក បើទោះជា​លោក ត្រាំ អះអាងថា​នេះ​ជា​វិធានការ​ការពារ​អាមេរិក​ក៏ដោយ​។ ប្រទេស​ជាច្រើន ក៏មាន​ចំណាត់ការ​ឆ្លើយតប​នឹង​សកម្មភាព​នេះ ដូចជា​អ៊ីរ៉ង់​ជាដើម ដែល​បាន​សម្រេចចិត្ត​ហាមឃាត់​ជនជាតិ​អាមេរិក​ចូល​ទឹកដី​របស់ខ្លួន​ដូចគ្នា​។ ចំណែក​អ៊ីរ៉ាក់​វិញ​ក៏​កំពុង​ពិចារណា​ហាមឃាត់​ដូចគ្នា​ដែរ​៕


Tag:
 UN
  Antonio Guterres
  អាហ្វ្រិក​
  ជនភៀសខ្លួន​
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com